ស្ថាបនិក​ B-Fly Studio បង្ហើបគន្លឹះ​ ​៣​យ៉ាងជួយជំរុញ​និង​ពង្រឹង​ការអភិវឌ្ឍសមត្ថភាព​របស់ខ្លួន​



ទស្សនៈ​ចំពោះ​ភាព​ជោគជ័យ​ និង​គោលការណ៍​អភិវឌ្ឍន៍​ខ្លួន​របស់​បុគ្គល​ម្នាក់ៗ​ជួន​កាល​មាន​លក្ខណៈ​ស្រដៀង​ និង​ពេល​ខ្លះ​ទៀត​ក៏​មាន​ភាព​ដោយ​ឡែកៗ​ពី​គ្នា​ អាស្រ័យ​លើ​បទពិសោធន៍ ​រួម​នឹង​ចំណេះ​ដឹង​ដែល​ពួកគាត់​បាន​ឆ្លងកាត់។ តួ​យ៉ាង​ស្ថាបនិក​វ័យក្មេង​នៃ​ស្ទូឌីយូ​កីឡា​លើ​អាកាស B-Fly កញ្ញា​ សេង បុប្ផា បាន​ចែក​រំលែក​នូវ​គន្លឹះ​សំខាន់​ចំនួន​៣​ចំណុច ដែល​កញ្ញា​ផ្ទាល់​តែង​អនុវត្ត​ដើម្បី​ជំរុញ​ការអភិវឌ្ឍខ្លួន រួម​នឹង​អាជីវកម្ម​ផង​ដែរ។

ចំណុច​សំខាន់​ទី​១ ស្ថាបនិក​រូប​នេះ​ប្រាប់​ថា​ប្រសិន​បើ​យើង​ចង់​អភិវឌ្ឍខ្លួនឯង​គឺ​ត្រូវ ពាក់​មួក​ជា​អ្នក​សិក្សា​រហូត។ មិន​ថា​យើង​ជា​និស្សិត អ្នក​ធ្វើ​ការ​ ឬ​ក៏​ជា​អ្នក​រកស៊ី​នោះ​ទេ​ ប្រសិន​បើ​ចង់​មាន​ការ​អភិវឌ្ឍ​គឺ​យើង​ត្រូវ​តែ​បន្ត​រៀន​រហូត ហើយ​ការ​រៀន​នោះ​ទៀត​សោត​វា​មិន​សំខាន់​ថា​យើង​រៀន​ពី​អ្នក​ណា​នោះ​ទេ​ អ្វី​ទាំង​នោះ​គឺ​សុទ្ធ​តែ​ជា​ចំណេះដឹង​និង​បទពិសោធន៍​សម្រាប់​យើង។ ប៉ុន្តែ​ប្រសិន​បើ​យើង​មាន​គំនិត​ថា​ខ្លួន​ឯង​ចេះ​សព្វគ្រប់​អស់​ហើយ​ អ្វី​ៗ​គឺ​ចប់ ហើយ​ប្រាកដ​ជា​គ្មាន​ការអភិវឌ្ឍ​បន្ត​ទៀត​នោះ​ទេ។ 

ទី២គឺ វិន័យ៖ ការ​យក​ឈ្នះ​ភាព​ខ្ជិល​របស់​ខ្លួនឯង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គឺ​ជា​ភាព​ជោគជ័យ​មួយ​​សំខាន់​ខ្លាំង​ណាស់។ ចំពោះ​បរិស្ថាន​ជុំវិញ​ខ្លួន​យើង​ ជួន​កាល​វា​ធ្វើ​ឲ្យ​យើង​ធុញថប់ និង​នឿយ​ហត់ ជាក់​ស្ដែង​នៅ​ពេល​ដែល​កញ្ញា​បុប្ផា​រៀន​ហាត់​កីឡា​លើ​អាកាស​ដំបូង​នៅ​ប្រទេស​ថៃ បាន​ជម្នះ​ឧបសគ្គ​មិន​តិច​នោះ​ឡើយ​ទម្រាំ​អាច​សិក្សា​បាន​ដោយ​ជោគជ័យ ពោល​គឺ​ត្រូវ​ចំណាយ​ពេល​ធ្វើ​ដំណើរ​រហូត​ជិត​២​ម៉ោង​ឯណោះ​សម្រាប់​ការ​រៀន​ត្រឹម​តែ​១ម៉ោង​។ ស្ដាប់​ទៅ​ហាក់​ដូច​គ្មាន​អ្វី​អស្ចារ្យ ប៉ុន្តែ​កញ្ញា​ប្រាប់​ថា​ការ​យក​ឈ្នះ​ភាព​ខ្ជិល​របស់​ខ្លួនឯង​បាន កញ្ញា​គិត​ថា​វា​គឺ​ជា​ជំហាន​សំខាន់​ឈាន​ទៅ​រក​ភាព​ជោគជ័យ​នា​ពេល​អនាគត។

ចំណុច​សំខាន់​ចុង​ក្រោយ​ ស្ថាបនិក​វ័យ​ក្មេង​ប្រាប់​ថា ដើម្បី​ចាប់​ផ្តើម​អាជីវកម្ម​ណា​មួយ​អោយ​បាន​ជោគជ័យ​និង​យូរ​អង្វែង យើង​ខ្លួនឯង​គប្បី​ចេះ​និង​ស្រលាញ់​អ្វី​ដែល​យើង​ធ្វើ​អោយ​ពិតប្រាកដ ព្រោះ​ក្ដី​ស្រលាញ់​គឺ​ជា​កម្លាំង​ជំរុញ​មួយ​ដែល​ធ្វើ​ឲ្យ​យើង​អាច​ជម្នះ​បាន​រាល់​ឧបសគ្គ​ទាំង​អស់​​បាន​មិន​ថា​វា​លំបាក​ឬ​នឿយហត់​យ៉ាង​ណា​ក៏​ដោយ៕

រូបភាព៖ Sovrin magazine

ដោយ៖ ជួប ស្រីរ័ត្ន