ពិសេស​មែន! ក្រសួង​អប់រំ​នឹង​បង្កើត​ការ​បង្រៀន​តាម​អនឡាញ​ដើម្បីបង្កើន​គុណភាពការអប់រំ​



បើ​និយាយ​ពី​ការ​អប់រំ​ទំនើប​តាម​បែប​ឌីជីថល​អនឡាញ ​គ្រប់​គ្នា​ប្រាកដ​ជា​នឹក​ឃើញ​ដល់​បណ្ដា​ប្រទេស​ដែល​មាន​បច្ចេកវិទ្យា​ជឿនលឿន​មិន​ខាន។ ជា​មួយ​គ្នា​នេះ ក្រសួង​អប់រំ​របស់​កម្ពុជា​ក៏​កំពុង​តែ​ខិតខំ​ធ្វើ​កំណែ​ទម្រង់​ថ្មី​​ឈាន​ទៅ​រក​ភាព​ទាន់​សម័យ​ដូច​បណ្ដា​ប្រទេស​ទាំង​នោះ​ដែរ។ 

ជាក់​ស្ដែង កាល​ពី​ថ្ងៃ​ទី០៨ ខែ​តុលា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ នៅ​ក្នុង​បាឋកថាសាធារណៈ "អក្ខរកម្ម​ឌីជីថល​ក្នុង​បរិបទ កម្ពុជា​ឧស្សាហកម្ម ៤.០"  ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​លើក​ឡើង​អំពី​កម្មវិធី​មួយ​ឈ្មោះ​ថា ឌីជីថល​ខន់ថិន(Digital Contents) ដែល​អនុញ្ញាត​ឲ្យ​សិស្ស​អាច​រៀន​ និង​ឆ្លើយឆ្លង​ជា​មួយ​គ្រូ​បាន​តាម​ប្រព័ន្ធ​អនឡាញ ដោយ​មិន​ចាំបាច់​មក​ដល់​ថ្នាក់​រៀន​ផ្ទាល់​នោះ​ទេ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា សិស្ស​នឹង​ត្រូវ​រៀន​ទៅ​តាម​លំដាប់លំដោយ​ ហើយ​ក្នុង​នោះ​​សិស្ស​អាច​ប្រើប្រាស់​កម្មវិធី​(App)​នេះ តាម​រយៈ​ទូរស័ព្ទ​ដៃ​ឬ​កុំព្យូទ័រ​របស់​ខ្លួន​ ហើយ​អាច​សាកសួរ​សំណួរ និង​ឆ្លើយឆ្លង​មេរៀន​ជា​មួយ​គ្រូ​បាន​។ ក្រៅ​ពី​នោះ​ក៏​មាន​ការ​ធ្វើតេស្ត​វាយ​តម្លៃ​​ផង​ដែរ ដែល​នឹង​ធ្វើ​ឲ្យ​សិស្ស​កាន់​តែ​ចូលចិត្ត​សិក្សា​ស្រាវជ្រាវ។ គោលដៅ​នៃ​ការ​បង្កើត​នេះ​គឺ ចង់​លើក​កម្ពស់​ការ​រៀន​តាម​រយៈ​អនឡាញ​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

ទន្ទឹម​នឹង​នោះ​ផង​ដែរ ការ​រៀន​តាម​ប្រព័ន្ធ​អនឡាញ​របស់​កម្ពុជា​ក៏​បាន​ផ្សារភ្ជាប់​ជា​មួយ​នឹង​សាកលវិទ្យាល័យ​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូច​ជា កូរ៉េ រួម​នឹង​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​ទៀត​ដូច​ជា វៀតណាម​ ឡាវ ជា​ដើម​ រួម​នឹង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ។ ក្នុង​នោះ​កម្មវិធី​ថ្មី​នេះ​ក៏​បាន​សហការ​ជា​មួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង, សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​, សាកលវិទ្យាល័យ​បាត់ដំបង​ជា​ដើម ក្នុង​នោះ​ក៏​មាន​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​គ្រូ​រួម​នឹង​សាលា​ជំនាន់​ថ្មី​ផង​ដែរ៕

ដោយ៖ ជួប ស្រីរ័ត្ន