រដ្ឋមន្ត្រីក្រសួងអប់រំ៖ ការអភិវឌ្ឍធនធានមនុស្សជាចំនុចស្នូលដើម្បីឈានទៅដល់បដិវត្តឧស្សាហកម្ម ៤.០​



និយាយដល់បដិវត្តឧស្សាហកម្ម 4.0 គឺសំដៅដល់ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីគ្រប់គ្រងការងារ ដូចជាការបង្កើតទីក្រុងវ័យឆ្លាត ការងារនៅក្នុងរោងចក្រ ឧស្សាហកម្ម កសិកម្ម និងផ្នែកមួយចំនួននៃការងារក្នុងការិយាល័យ។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលត្រូវមានជាចាំបាច់ក្នុងការអភិវឌ្ឍឧស្សាហកម្ម ៤.០ នេះដែលវាត្រូវការជាចាំបាច់ធនធានមនុស្សមានចំណេះដឹងច្បាស់លាស់ក្នុងការប្រើបច្ចេកវិទ្យាឲ្យទាន់សម័យកាល។

ក្នុងកម្មវិធីបាឋកថាសាធារណៈ ក្រោមប្រធានប្រធាន "អក្ខរកម្មឌីជីថលក្នុងបរិបទ កម្ពុជាឧស្សាហកម្ម ៤.០" ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានសង្កត់ធ្ងន់លើការកំណែទម្រង់វិស័យអប់រំដើម្បីជំរុញឲ្យកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងបដិវត្តឧស្សាហកម្ម ៤.០។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានបញ្ជាក់ដែរថា "ដើម្បីឱ្យមានសេដ្ឋកិច្ចបែបឌីជីថល លុះត្រាតែមានការអប់រំបែបឌីជីថល" ហើយការសិក្សាតាមបែបឌីជីថលនេះទាមទារឲ្យអ្នករៀនទាំងអស់ មិនថាយុវវ័យ ឬអ្នកដែលបានបញ្ចប់ឧត្តមសិក្សាទេចាំបាច់ធ្វើស្វ័យសិក្សាឲ្យកាន់តែខ្លាំងពិសេសលើបំណិនដូចខាងក្រោម៖

១) បង្កើនបំណិនត្រឹះរិះ ដោះស្រាយបញ្ហា (Critical thinking and Problem solving)

២) បង្កើតគំនិតច្នៃប្រឌិត និងនវានុវត្តន៍ (Creative and Innovation) 

៣) ការយល់ដឹងពីវប្បធម៌ផ្សេងគ្នា (Cross Culture) 

៤) ការសហការ ធ្វើការងារជាក្រុម និងភាពជាអ្នកដឹកនាំ (Collaboration Teamwork and Leadership)

៥) គមនាគមន៍ ព័ត៌មាន និងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (Communication Information and Literacy)

៦) អក្ខរកម្មកុំព្យូទ័រ និងបច្ចេកទេសព័ត៌មាន (Computing and ICT Literacy)

៧) អាជីព និងការរៀន (Career and Learning) 

៨) ការទទួលយកការផ្លាស់ប្តូរ (Change)

ប្រសិនបើកម្ពុជាមិនទទួលយកការផ្លាស់ប្តូរនៃបដិវត្តឧស្សាហកម្ម ៤.០ នេះ កម្ពុជានឹងដើរថយក្រោយ មិនអាចអភិវឌ្ឍសេដ្ឋកិច្ចឲ្យឈានទៅភាពរីកចម្រើនលូតលាស់ដូចប្រទេសដទៃបានឡើយ។ ការដែលអាចធ្វើឲ្យសេដ្ឋកិច្ចប្រទេសយើងមានសេដ្ឋកិច្ចឌីជីថល ប្រជាជនក៏ត្រូវមានសមត្ថភាព និងចំណេះដឹងផ្នែកឌីជីថល ផ្នែកបច្ចេកវិទ្យាឲ្យបានច្រើន មានគំនិតច្នៃប្រឌិតឲ្យកាន់តែច្រើនក្នុងការដោះស្រាយបញ្ហាដែលកំពុងកើតមានក្នុងសង្គម ហេតុនេះហើយទើបក្រសួងអប់រំកំពុងព្យាយាមផ្លាស់ប្តូរ ព្យាយាមធ្វើកំណែទម្រង់ប្រព័ន្ធអប់រំតាមបែបឌីជីថល។

ជាក់ស្តែង ការដែលក្រសួងបង្កើតសាលារៀនជំនាន់ថ្មីជាជំហានដំបូងនៃការផ្លាស់ប្តូរនេះ ការបង្កើតឲ្យមានការសិក្សាស្រាវជ្រាវតាមអនឡាញក្នុងការសិក្សារបស់សិស្ស បង្កើតឲ្យមានបន្ទប់ស្រាវជ្រាវដែលជាការអនុវត្តផ្ទាល់លើការពិសោធន៍សម្រាប់ថ្នាក់វិទ្យាសាស្រ្តពិត សុទ្ធសឹងជាការតម្រង់ទិសឲ្យវិស័យអប់រំនៅកម្ពុជាដើរទៅរកការអប់រំបែបឌីជីថល។ ជាងនេះទៅទៀត ការបណ្តុះបណ្តាលគ្រូគឺជាមូលដ្ឋានគ្រឹះមួយសម្រាប់ការអភិវឌ្ឍវិស័យអប់រំ។ ក្នុងពេលថ្មីៗនេះ គេសង្កេតឃើញថាគរុសិស្សដែលជាអតីតសិស្សនិទេ្ទស A (បន្ទាប់ពីមានការរឹតបន្តឹងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ) ភាគច្រើនពួកគាត់មានចំណេះដឹងខ្ពស់ សមត្ថភាពរបស់គរុសិស្សត្រូវបានគេសង្កេតឃើញថាស្ទើរប្រហាក់ប្រហែលនឹងគ្រូ ដែលនេះជាលទ្ធភាពមួយក្នុងការជំរុញឲ្យគុណភាពគ្រូបង្រៀន ពិសេសការជំរុញឲ្យមានការបង្រៀនតាមបែបឌីជីថលកាន់តែមានប្រសិទ្ធិភាពខ្ពស់។ 

បើយើងងាកទៅមើលការអប់រំកម្រិតឧត្តមសិក្សាវិញ សកលវិទ្យាល័យជាច្រើនបាននិងកំពុងរៀបចំឲ្យមាន e-liរbrary បន្ថែមពីលើបណ្ណាល័យដែលកន្លែងនៃប្ភពស្រាវជ្រាវយ៉ាងសម្បូរបែប។

ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការជម្រុញទឹកចិត្តឲ្យប្អូនៗ និស្សិតទាំងអស់ប្រើប្រាស់បច្ចេកវិទ្យាដែលមាននៅក្នុងដៃរបស់ខ្លួនឲ្យមានប្រសិទ្ធិភាពបំផុត ពិសេសគឺប្រើដើម្បីធ្វើការស្រាវជ្រាវឯកសារការសិក្សាប្រចាំថ្ងៃ និងព្យាយាមស្រាវជ្រាវស្វែងរកចំណេះដឹងថ្មីបន្ថែមលើសពីអ្វីដែលមានក្នុងកម្មវិធីសិក្សា។ ការធ្វើបែបនេះជាការជំរុញឲ្យកម្ពុជាមានធនធានមនុស្សដែលពោរពេញដោយចំណេះដឹង មានឱកាសនិងលទ្ធភាពច្រើនក្នុងការប្រកួតប្រជែងទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ក៏ជាផ្នែកសំខាន់មួយជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យមានការរីកចម្រើនកាន់តែឆាប់រហ័ស៕

ដោយ៖ យ៉ាយ៉ា