៧ ចំណុចដែលអ្នកអាចមិនបានដឹងពីមហាអំណាចងើបពីដេក ឥណ្ឌា​



ឥណ្ឌាកំពុងបោះជំហានបន្តិចម្តងៗក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចមួយដែលកំពុងមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតមួយនៅលើពិភពលោក និងមានចំនួនប្រជាជនកើនឡើងយ៉ាងឆាប់រហ័សបំផុត។  យ៉ាងណាមិញ ថ្វីត្បិតតែខ្លួនឈរនៅលេខរៀងទី ៥ មានទំហំ GDP ធំជាងគេ យក្សអាស៊ីមួយនេះកំពុងប្រឈមមុខបញ្ហាជាច្រើននៅពេលបច្ចុប្បន្ន និងពេលអនាគត។ 

នៅថ្ងៃនេះ Bizkhmer សូមណែនាំប្រិយមិត្តមកតាមដានរឿងវ៉ាវចំនួន ៧ របស់ប្រទេសដែលមានជាបន្តបន្ទាប់ដូចខាងក្រោម៖

១. សេដ្ឋកិច្ចឥណ្ឌាកំពុងធ្លាក់ចុះ ប៉ុន្តែវានៅតែស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេបំផុតមួយនៅលើពិភពលោក
ធនាគារកណ្តាលឥណ្ឌានិយាយថា កំណើនសេដ្ឋកិច្ចជាតិកំពុងបោះជំហានយឺតដោយសារការធ្លាក់ចុះនៃតម្រូវការក្នុងស្រុក និងក្រៅប្រទេស។ នេះបានជំរុញឲ្យស្ថាប័នខាងលើពិនិត្យឡើងវិញក្នុងការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ ២០១៩-២០ ពី ៧% មកត្រឹម ៦,៩% វិញ។ ប៉ុន្តែធនាគារពិភពលោក (World Bank)និយាយថា យក្សអាស៊ីមួយនេះនឹងមានកំណើនសេដ្ឋកិច្ច ៧% ក្នុងឆ្នាំនេះ និង ៧,២% នៅក្នុងឆ្នាំ ២០២០ ខាងមុខ។ 

២.ឥណ្ឌានឹងត្រូវបានគេព្យាករណ៍ថា នឹងក្លាយជាមហាអំណាចមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៧ 
នៅក្នុងឆ្នាំ ២០២៧  ឥណ្ឌាត្រូវបានគេព្យាករថា នឹងយកឈ្នះចិនជាមហាអំណាចមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក នេះបើយោងតាមការលើកឡើងរបស់អង្គការសហប្រជាជាតិ។ អង្គការកំពូលនេះក៏បានព្យាករណ៍ផងដែរថា មានប្រទេសចំនួន ៩ នឹងមានកំណើនប្រជាជនសរុបស្មើនឹងពាក់កណ្តាលនៃកំណើនប្រជាជនពិភពលោកនៅចន្លោះពេលនេះរហូតដល់ឆ្នាំ ២០៥០ ខាងមុខ ។ ក្នុងនោះឥណ្ឌានឹងមានកំណើនប្រជាជនក្នុងចំនួនច្រើនជាងគេ ហើយក៏ជាប្រទេសដែលមានជនអន្តោប្រវេសន៍ (ចំណាកស្រុក) ធំជាងគេបំផុតផងដែរនៅលើពិភពលោកផងដែរ ដែលមានប្រមាណ ១៨ លាននាក់រស់នៅក្រៅប្រទេស។


ប្រភពរូបភាព៖ photoshelter

៣. ឥណ្ឌាកំពុងបោះពួយលើមាគ៌ាប្រណាំងប្រជែងសាកល
ខណៈដែលឥណ្ឌាជាប់ចំណាត់ថ្នាក់ទី ៥៨ នៅក្នុងរបាយការណ៍ស្តីពីការប្រកួតប្រជែងសកលរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum’s Global Competitiveness Report) មហាអំណាចមួយនេះកំពុងបោះពួយទៅមុខដោយបានរំកិលខ្លួនឡើង ៥ លេខគិតត្រឹមឆ្នាំ ២០១៧  ដែលជាកំណើនខ្ពស់បំផុតមួយនៃបណ្តាប្រទេសមហាអំណាច G20 ។  របាយការណ៍នេះបន្តទៀតថា ក្រុមហ៊ុនឥណ្ឌាអាចជ្រៀតចូលទៅកាន់ទីផ្សារធំបំផុតទីបីនៅលើពិភពលោកដោយសារតែទទួលបានអត្ថប្រយោជន៍ផ្សេងៗពីគោលនយោបាយបើកចំហ ពាណិជ្ជកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាកាន់តែទូលំទូលាយ។

៤.រដ្ឋាភិបាលឥណ្ឌាកំពុងជំរុញឲ្យមានភាពច្នៃប្រឌិតក្នុងវិស័យបច្ចេកវិទ្យា និងការបង្កើតអាជីវកម្មថ្មីៗ
ឥណ្ឌាគឺជាមូលដ្ឋាននៃការបង្កើតក្រុមហ៊ុនអាជីវកម្មថ្មីៗ (Startup) ធំជាងគេទីបីនៅលើពិភពលោក។ នេះបើយោងតាមរបាយការណ៍ពីសមាគមពាណិជ្ជកម្មបច្ចេកវិទ្យា NASSCOM ។ ក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗប្រមាណ ជាង ៤ ៧៥០ ក្រុមហ៊ុនត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ហើយគ្រាន់តែក្នុងឆ្នាំ ២០១៨ កន្លងទៅ វិស័យនេះមានក្រុមហ៊ុនរកស៊ីដល់ទៅ ១ ៥០០ ក្រុមហ៊ុនទៅហើយ។  រដ្ឋាភិបាលរបស់ខ្លួននិយាយទៀតថា ខ្លួនចង់ជំរុញឲ្យមានការវិនិយោគលើវិស័យនេះបន្ថែមទៀតនៅពេលអនាគត។


ប្រភបរូបភាព៖ discovermagazine

៥.ប្រជាពលរដ្ឋរបស់ខ្លួនមួយចំនួនចាប់ផ្តើមមានឡើងៗ
សហគ្រិនភាពគឺជាវិស័យមួយដែលគេវាយតម្លៃថា បានជួយរួមចំណែកយ៉ាងសកម្មដល់ភាពមានបានរបស់ឯកជន។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន AfrAsia Bank។ ក្រុមហ៊ុននេះបានព្យាករណ៍ថា នៅក្នុងរយពេល ១០ ឆ្នាំទៅមុខទៀត កំណើនទ្រព្យសម្បត្តិរបស់ពលរដ្ឋឥណ្ឌា នឹងកើនឡើង ១៨០% ដែលជាកំណើនលឿនជាងគេបំផុតជាងបណ្តាប្រទេសណាៗទាំងអស់រួមទាំងចិនផងដែរ។ 

៦.យ៉ាងណាមិញ ឥណ្ឌានៅតែធ្វើការធ្ងន់បន្តទៅមុខទៀតដើម្បីដោះស្រាយបញ្ហាភាពក្រីក្រពលរដ្ឋរបស់ខ្លួន
ស្ថិតិរបស់ធនាគារពិភពលោកបានបង្ហាញថា  ឥណ្ឌាបានកាត់បន្ថយភាពក្រីក្រកម្រិតខ្លាំង (Absolute Poverty) ដោយអត្រានេះបានធ្លាក់ចុះមកត្រឹម ១៣% ក្នុងឆ្នាំ ២០១៥ ពី ២២% នៅក្នុងឆ្នាំ ២០១១/១២ ។ ទោះបីជាបែបនេះក្តី ភាពក្រីក្រនៅតែឧបសគ្គដ៏ធំបំផុតមួយសម្រាប់ប្រទេសនេះ ដោយការវាយតម្លៃចុងក្រោយបានបង្ហាញថា ប្រជាជនឥណ្ឌា ១៧៦ លាននាក់កំពុងរស់នៅក្នុងភាពក្រីក្រខ្លាំងគិតត្រឹមឆ្នាំ  ២០១៥ ។ របាយការណ៍វេទិកាសេដ្ឋកិច្ចសាកលបានរកឃើញផងដែរថា ថ្វីត្បិតតែភាពក្រីក្របានធ្លាក់ចុះនៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយមែន ប៉ុន្តែពលរដ្ឋឥណ្ឌា ៦នាក់ក្នុងចំណោម ១០ នាក់រកចំណូលបានក្រោម ៣,២០ ដុល្លារនៅឡើយទេក្នុងមួយថ្ងៃ។ 

៧.បញ្ហាវិសមភាពយេនឌ័រ
ឥណ្ឌាមានវិសមភាពយេនឌ័ររហូតដល់ទៅ ៣៣% នេះបើយោងតាមរបាយការណ៍ស្តីពីយេនឌ័រ ( Gender Gap report)  របស់អង្គការវេទិកាសេដ្ឋកិច្ចពិភពលោក។  មហាអំណាចមួយនេះជាប់ចំណាត់ថ្នាក់ទីបី ជាប្រទេសដែលមានអន់បំផុតលើសេវាកម្មសុខភាព និងសិទ្ធិរស់រានមានជីវិតសម្រាប់ស្ត្រី។ នេះនៅមិនទាន់រាប់បញ្ចូលបញ្ហាសំខាន់ៗជាច្រើនទៀតដែលត្រូវដោះស្រាយដូចជា កំណើនប្រជាជន ការអប់រំ ពុករលួយ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាដើម៕

ប្រភព៖ Weforum