ប​ណ្ឌិត គីម ហ៊ាង៖ អ្នកលក់ដីឡូតិ៍ត្រូវត្រៀមខ្លួនលក់បុរីនិងខុនដូវិញ ដីឡូតិ៍អាចនឹងអស់ទីផ្សារនៅ២ឆ្នាំទៀត​



នៅក្នុងការធ្វើបទបង្ហាញនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ កាលពីសប្តាហ៍មុខនេះ លោក បណ្ឌិតគីម ហ៊ាង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ខ្មែរ រៀលអ៊ីស្ទេត និងជាប្រធានក្រុមហ៊ុន  Keller Williams  ​ប្រចាំកម្ពុជាបានលើកឡើងពីថាអ្នកលក់ដីឡូតិ៍ត្រូវតែត្រៀមខ្លួន និងរៀនលក់គម្រោងផ្ទះ បុរី និងខុនដូវិញ ព្រោះទីផ្សារដីឡូតិ៍អាចនឹងត្រូវបាត់បង់ក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ។ 

បណ្ឌិតគីម ហ៊ាង បានលើកឡើងថាទីផ្សារដីឡូត៍បានពេញនិយមខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែលោកមើលឃើញថាវានឹងថមថយទៅវិញ ដោយសារនៅដីនៅជុំវិញ ឬជិតៗក្រុងមានតម្លៃថ្លៃ និងគ្មានដីទំនេរសម្រាប់ពុះឡូតិ៍ទៀតនោះទេ។ ហើយដីឡូតិ៍ដែលបន្តពុះនៅពេលបច្ចុប្បន្នបានចេញកាន់តែឆ្ងាយទៅៗពីតំបន់ជាយក្រុង ដែលវាហាក់ឆ្ងាយពីក្តីស្រមៃរបស់អ្នកទិញ។ 

ដូច្នេះសម្រាប់និន្នាការថ្មីនៅក្នុងឆ្នាំបន្តបន្ទាប់ បណ្ឌិត គីម ហ៊ាង បានប្រាប់ឲ្យអ្នកលក់ដីឡូតិ៍ រៀនលក់បុរី និងខុនដូវិញ។ បើតាមអ្នកជំនាញរូបនេះ ឆ្នាំ២០២០ ការលក់បុរីនឹងមាន ៦០ ភាគរយ ខណៈការលក់ខុនដូមាន ៣០ ភាគរយៈ ​និងលក់ដីឡូតិ៍ មាន ១០ ភាគរយ។ ចំណែកឆ្នាំ២០២១ ការលក់បុរី​មានពី ៥០ ទៅ ៥៥ ភាគរយ ខុនដូនឹងមាន ៤០ ភាគរយ ហើយដីឡូតី៍អាចនៅពី ៥ ភាគរយ។ រីឯឆ្នាំ ២០២០ ការលក់បុរីអាចនៅត្រឹម ៥០ ភាគរយ ការលក់ខុនដូអាចកើនឡើងពី ៤០ ទៅ ៤៥​ ភាគរយ និងដីឡូតិ៍កាន់តែតិច។ 

បើតាមការលើឡើងនេះ លោកចង់បញ្ជាក់ថា ការលក់ខុនដូនឹងកើនឡើងខ្ពស់ ចំណែកបុរីនឹងថយបន្តិចម្តងៗ ខណៈដីឡូតិ៍នឹងត្រូវបាត់បង់ទីផ្សារ។

លោករំពឹងថា ក្នុងរយៈពេល ៥​ ឆ្នាំទៅមុខទីផ្សារខុនដូនឹងកាន់តែពេញនិយម។ លោកបានធៀបទីផ្សារកម្ពុជាទៅទីផ្សារថៃកាលពី ២០ មុនថាកាលពី ២០ ឆ្នាំមុនប្រជាជនថៃមិនរស់នៅក្នុងខុនដូទេ ប៉ុន្តែពេលនេះភាគច្រើននៃអ្នករស់នៅខុនដូជាប្រជាជនថៃ ដោយសារពួកគេមានកន្លែងដែលពួកគេចាំបាច់ត្រូវធ្វើដំណើរទៅញឹកញាប់ដូចជា កន្លែងធ្វើការក្នុងក្រុង និង​សាលារៀនជាដើម។ 

លោកជឿថាកម្ពុជាក៏នឹងមានការវិត្តន៍ដូចគ្នាទៅនឹងប្រទេសថៃដែរ ដោយសារកំណើននៃប្រជាជនក្នុងក្រុងភ្នំពេញ និងការកកស្ទះ​ចរាចរណ៍។ 

សូមបញ្ជាក់ដែរថា ក្នុងមួយឆ្នាំៗទីក្រុងភ្នំពេញមានកំណើនប្រជាជនប្រមាណ ១០​ ទៅ ១៥ ម៉ឺននាក់ចូលមករស់នៅ និងធ្វើការ ហើយបច្ចុប្បន្នទីក្រុងភ្នំពេញមួយយប់មានមនុស្សស្នាក់នៅប្រមាណ ៣ លាននាក់៕

ដៃគូសហការ៖ www.realestate.com.kh