ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ចិន​អាច​កើន​ដល់​១០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២២​



សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​និង​ចិន មានការកើន​ឡើង​ជា​បន្តបន្ទាប់​ ដែល​ចំនួន​នេះ​ជា​គោលដៅ​នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ដល់​ឆ្នាំ​២០២២ អាច​នឹង​កើន​ឡើង​រហូត​ដល់​ទៅ​ ១០ពាន់​លាន​ដុល្លារ។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង សម្ដេច ហ៊ុន សែន និង វិនិយោគិន​ត្រកូល "ហ៊ុន" នៃ​ប្រទេស​ចិន កាល​ពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៩នេះ នា​វិមាន​សន្តិភាព។

នៅ​ក្នុង​ឱកាស​នោះ​សម្ដេច​បាន​គូស​បញ្ជាក់​ថា៖ បច្ចុប្បន្ន​នេះ យើង​នៅ​មាន​សក្ដានុពល​ជា​ច្រើន​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ដោយ​សារ​កន្លង​មក​នេះ​យើង​មាន​រួច​ទៅ​ហើយ​នៅ​តំបន់​សេដ្ឋកិច្ច​សេរី​រវាង​អាស៊ាន និង​ចិន​អាស៊ាន តំបន់​សេដ្ឋកិច្ច​សេរី​រវាង​អាស៊ាន ចិន ដែល​យើង​គួរ​តែ​មើល​នៅ​សក្ដានុពល​ដែល​អាច​នាំ​ចេញ​ផលិតផល​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន។ នា​ឱកាស​នោះ​ផង​ដែរ​លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​មាន​ប្រសាសន៍​ទាក់ទង​នឹង​យន្តការ​ដែល​កម្ពុជា​កំពុង​តែ​សហការ​នឹង​ចិន​ទៅ​លើ ចំណុច​សំខាន់ៗ ដូចជា​នៅ​ក្នុង​អនុ​តំបន់ គឺ​កិច្ច​សហប្រតិបត្តិការ​លើ​មេគង្គ​ឡានឆាង ក្នុង​អនុ​តំបន់​មេគង្គ​អាស៊ាន​ចិន និង​កិច្ច​ប្រជុំ​អាស៊ី​បូព៌ា​ជា​ដើម។ 

សម្ដេច​បាន​មាន​ប្រសាសន៍​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពាណិជ្ជករ​អ្នក​វិនិយោគ​ចិន​ថ្មី​របស់​ចិន​មក​បណ្ដាក់​ទុន​នៅ​ប្រទេស​កម្ពុជា​បន្ថែម ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា​ គឺ​មាន​ន័យ​ថា​ថែរក្សា​ចាស់​និង​បង្កើន​ការ​វិនិយោគ​ថ្មី។ ​បន្ថែម​ពី​នោះ​សម្ដេច​ក៏​បាន​ជំរុញ​ឲ្យ​សហគ្រិន​ចិន​មក​វិនិយោគ​ មក​បណ្ដាក់​ទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​កុំ​មាន​ការ​ភ័យ​ព្រួយ​ចំពោះ​ចំណុច​ណា​នៅ​ប្រទេស​កម្ពុជា​ឲ្យ​សោះ ដោយ​សារ​តែ​ចិន​និង​កម្ពុជា​យើង​មាន​ទំនាក់​ទំនង​ល្អ មាន​កិច្ច​សហប្រតិបត្តិ​ការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ទៅ​ហើយ៕

ដោយ៖ ជួប ស្រីរ័ត្ន