សឹង្ហបុរីដាក់បម្រាមលើការផ្សព្វផ្សាយភេសជ្ជៈមានជាតិស្ករឆ្លើយតបនឹងការទប់ស្កាត់ជំងឺទឹកនោមផ្អែម​



តាមប្រភពពីសារព័ត៌មាន South China Morning Post បានឲ្យដឹងថា ក្រសួងសុខាភិបាលប្រទេសសឹង្ហបុរី បានធ្វើចេញសេចក្តីប្រកាសមួយស្តីពីការហាមឃាត់ការផ្សាយពាណិជ្ជកម្មភេសជ្ជៈ និងទឹកផ្លែឈើមួយចំនួនដែលជាផ្នែកមួយនៃវិធានការដើម្បីទប់ស្កាត់ការប្រើប្រាស់ស្ករលើសកម្រិត ដែលអាចបង្កជាជំងឺទឹកនោមផ្អែម។

នៅក្រោមវិធានការណ៍នេះបញ្ជាក់ថា ព័ត៌មានលម្អិតបន្ថែមដែលនឹងត្រូវចេញផ្សាយនៅឆ្នាំក្រោយ ភេសជ្ជៈដែលមានជាតិស្ករខ្ពស់ក៏នឹងតម្រូវឱ្យមានការព្រមានអំពីសុខភាពនៅលើផ្លាកផងដែរ (វាមិនខុសពីការដាក់ការព្រមានពីបញ្ហាសុខភាពលើកញ្ចប់បារីទេ)។ 

សកម្មភាពរបស់ប្រទេសសឹង្ហបូរីហាក់ដូចជា ដំណើរការទៅឆ្ងាយជាងវិធានការណ៍នៅក្នុងប្រទេសដទៃទៀត។ ប្រទេសម៉ិកស៊ិក និងអង់គ្លេសបានរឹតត្បិតចំពោះការផ្សាយពាណិជ្ជកម្មភេសជ្ជៈមានកាឡូរីខ្ពស់អាចត្រូវបានបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ដើម្បីកំណត់ការប៉ះពាល់របស់ពួកគេចំពោះកុមារ។

ក្រសួងសុខាភិបាលបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងនឹងធ្វើការណែនាំក ហាមឃាត់ការផ្សាយពាណិជ្ជកម្មភេសជ្ជៈមានជាតិស្ករតាមគ្រប់រូបភាព និងគ្រប់ទម្រង់ដូចជាតាមទូរទស្សន៍ ការផ្សាយតាមបដា ប៉ាណូ ការចែកខិតប័ណ្ណ ពិសេសវិធីមួយដែលមានប្រសិទ្ធិភាពនោះគឺ ការផ្សព្វផ្សាយតាមបណ្តាញសង្គមគ្រប់ទាំងអស់។ 

គួរបញ្ជាក់ថា ប្រទេសសិង្ហបុរីជាប្រទេសដែលមានអត្រាជំងឺទឹកនោមផ្អែមខ្ពស់បំផុតនៅលើពិភពលោក ហើយក៏កំពុងពិចារណាលើពន្ធលើអ្នកផលិតភេសជ្ជៈ និងអ្នកនាំចូលហើយថែមទាំងមានការហាមឃាត់ទាំងស្រុងលើការលក់ភេសជ្ជៈមួយចំនួនផងដែរ។

ងាកទៅកាន់ក្រុមហ៊ុនកូកាកូឡា ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈធំជាងគេបំផុតនៅលើពិភពលោកបាននិយាយថា ខ្លួនបានស្វាគមន៍ចំពោះផែនការនេះហើយនឹងធ្វើការកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងភេសជ្ជៈរបស់ខ្លួនដែលបានលក់នៅប្រទេសសិង្ហបុរី។

លោក Ahmed Yehia អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនកូកាកូឡាប្រចាំប្រទេសសិង្ហបុរីបានមានប្រសាសន៍ថា “យើងនឹងបន្តពិចារណាឡើងវិញនូវមុខទំនិញជាច្រើនរបស់យើងនៅក្នុងប្រទេសសឹង្ហបុរី ដើម្បីកាត់បន្ថយជាតិស្ករ ពីព្រោះយើងក៏មិនចង់ធ្វើឲ្យមានបញ្ហាសុខភាពណាមួយកើតឡើងសម្រាបអ្នកប្រើប្រាស់ដែរ ពិសេសគឺលើសកម្រិតជាតិស្ករនេះ ហើយយើងក៏មើលឃើញផលប៉ះពាល់តិចតួចលើផលប័ត្ររបស់យើងពីសេចក្តីប្រកាសនេះ»។ ក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយថាខ្លួននឹងពិគ្រោះជាមួយអតិថិជន អ្នកផលិតភេសជ្ជៈ និងឧស្សាហកម្មផ្សាយពាណិជ្ជកម្មនៅប៉ុន្មានខែខាងមុខនេះជុំវិញវិធានការណ៍នេះ តែក៏មិនបានផ្តល់ពេលវេលាសម្រាប់ការអនុវត្តទេជាក់លាក់ដែរ៕

ដោយ៖ យ៉ាយ៉ា

 

 

X
5s