អ្នកជំនាញ៖ ការ​សាង​សង់​ឃ្លាំងសម្រាប់​ជួល​ក្លាយជា​អាជីវ​កម្ម​ល្អមួយ​​ក្នុងវិ​ស័យ​អចលនទ្រព្យ​



វិនិយោគិន​កម្ពុជា​ដែល​មាន​បំ​ណង​វិនិយោគ​ក្នុង​វិ​ស័យ​អចលនទ្រព្យ​គួរ​ដាក់ទុន​វិនិយោគ​លើ​​ការ​សាង​សង់​​ឃ្លាំងសម្រាប់​ជួល ដោយ​សារ​​​តម្រូវ​ការ​ទី​តាំង​ស្តុក​ទំ​និញកំ​ពុង​កើន​ឡើង​ ស្រប​ពេល​​វិស័យ​ឧស្សាហកម្មមាន​សកម្ម​ភាព​កាន់តែ​ខ្លាំង​។ នេះ​បើ​យោង​តាម​លោកឧកញ៉ា សៀ ឬទ្ធី វិនិយោគិន​ផ្នែក​អចលនទ្រព្យដ៏​ជោគ​ជ័យ​ម្នាក់​នៅ​កម្ពុជា។

ថ្លែងនៅក្នុងសុន្ទរកថាបើកកម្មវិធី Realestate.com.kh Expo 2019 កាល​ពី​ថ្ងៃទី ៤ ខែតុលានៅណាហ្គាវើល លោក សៀ ឬទ្ធី  ដែលជាប្រធានក្រុមហ៊ុន WorldBridge Group ដែលមានអាជីវកម្មស្នូល​លើ​​វិស័យអចលនទ្រព្យ និងការដឹកជញ្ជូន បាននិយាយថាឃ្លាំង ដែលមានស្រាប់នៅកម្ពុជាភាគច្រើនត្រូវបានវិនិយោគ ដោយជនបរទេស។ ស្រ​ពេល​តម្រូវ​ការ​ឃ្លាំង​កើន​ឡើង​ជា​ប្រ​ចាំ​ឆ្នាំ លោក រិទ្ធី​ បញ្ជាក់​ថា​​គិត​មក​ទល់​ពេល​នេះ​កម្រឃើញ​មាន​ជន​ជាតិ​ខ្មែរ​វិនិយោគ​លើ​អាជីវ​កម្ម​នេះនៅ​ឡើយ​។

Image result for សៀ ឬទ្ធីប្រភពរូប៖ www.propertyarea.asia

លោកបញ្ជាក់​ថា​៖​«​​ខ្ញុំអាចធានាបានថាប្រសិនបើយើងមានដើមទុន និងធនធាន ដើម្បីសាងសង់ឃ្លាំងនៅជាយក្រុងយើងនឹងទទួលបានប្រាក់ចំណូលល្អ។ ប្រសិនបើយើងសាងសង់ឃ្លាំងសម្រាប់ជួល យើង​អាច​ទទួលបានប្រាក់ចំណេញយ៉ាង​ហោច​ណាស់​ ៨ ទៅ ១០ ភាគរយ​​ ខណៈ​ដែលការជួលខុនដូអាចបង្កើតចំ​ណូល​ឲ្យ​យើងបានពី ៥ ទៅ ៨ ភាគរយតែប៉ុណ្ណោះ»។

តម្រូវការឃ្លាំងត្រូវបានជំរុញមួយផ្នែកដោយសារការកើនឡើងនៃចំនួនរោងចក្រនិងសកម្ម​ភាព​ឧស្សាហកម្ម។

ប្រភពរូប៖ TownCity Real Estate Co.,Ltd

យោង​តាម​របាយការណ៍របស់ VTrust Appraisal ចំនួនសហគ្រាសឧស្សាហកម្មនៅភ្នំពេញមានការកើនឡើងយ៉ាងខ្លាំងពីមូលដ្ឋានតូចមួយនៃទំហំផ្ទៃក្រ​លាសរុប​​ត្រឹម​តែ ៣១,០០០ ម៉ែត្រក្រឡាកាល​ពី​ឆ្នាំ​ ១៩៩៨ ដល់ប្រហែល ១,៥៨ លានម៉ែត្រការ៉េក្នុងឆ្នាំ២០១៨ ។

នាយក​ផ្នែក​ស្រាវជ្រាវ VTrust Appraisal លោក ហ៊ឹម សីហា បានព្យាករណ៍ថាទំហំផ្ទៃដីសរុបសម្រាប់ឧស្សាហកម្ម​នៅភ្នំពេញនឹងឈានដល់ជិត ២ លានម៉ែត្រក្រឡានៅឆ្នាំ ២០៣០ ពោលគឺស្ទើរតែទ្វេដងបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។

លោកបានមានប្រសាសន៍ថា​៖​«​​វិស័យកាត់ដេរ ដែល​រួម​មាន​​សម្លៀកបំពាក់ ស្បែកជើង​ បាននាំមុខគេក្នុង​ការ​ប្រើ​ផ្ទៃ​ក្រ​លា​ច្រើន​ជាង​គេ​នៅក្នុង​ឧស្សាហកម្មនៅ​ភ្នំពេញ»​។ លោកបានបន្ថែមថាវិស័យកាត់ដេរបានស្រូបយកប្រមាណ ៧០ ភាគរយនៃផ្ទៃ​ក្រលា​សរុប​ប្រើ​ប្រាស់​ក្នុង​វិ​ស័យ​ ឧស្សាហកម្ម​ បន្ទាប់​មក​​ការកែច្នៃម្ហូបអាហារនិងភេសជ្ជៈការវេចខ្ចប់ និងវិ​ស័យ​បោះពុម្ព។ លោក​បន្ត​ថា​៖​«​ជាមួយនឹងកំណើននៃវិស័យឧស្សាហកម្មមានឱកាសធ្វើជំនួញជាច្រើនដែល រួមមានការវិនិយោគក្នុងការសាងសង់ឃ្លាំងផង​ដែរ​»។

លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់គេហទំព័រ realestate.com.kh ថាការហូរចូលយ៉ាងលឿននៃលំហូរវិនិយោគបរទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានជំរុញឱ្យមានតម្រូវការឃ្លាំ​ង​ ហើយ​​វិនិយោគិនមួយចំនួនក៏​កំ​ពុង​ប្រឈមនឹងការលំបាក ក្នុងការស្វែងរកទី​តាំង​ឃ្លាំង​នេះ​ផង​ដែរ។

លោក​បន្ត​ថា​៖​«​បច្ចុប្បន្នទី​តាំង​​ឃ្លាំងទំ​នេរ​នៅ​ក្នុង​តំ​បន់​សេដ្ឋ​កិច្ច​ពិសេស​លែង​មាន​ហើយ​។ នេះគឺដោយសារតែក្រុមហ៊ុនមួយចំនួនធំបានប្រើទំហំដែលមានស្រាប់រួចហើយ»​។

របាយការណ៍ថ្មីមួយដែលចេញដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅដើមខែនេះបានបង្ហាញថាសេដ្ឋកិច្ចកម្ពុជានៅតែស្ថិតក្នុងដំណើររីកចម្រើនយ៉ាងខ្លាំងនៅឆ្នាំ ២០១៩។ ADB នៅតែរក្សាការព្យាករណ៍របស់ខ្លួនចំពោះកំណើនផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ប្រទេសកម្ពុជា ៧ ភាគរយនៅឆ្នាំនេះ និង ៦,៨ ភាគរយនៅឆ្នាំ២០២០ ។

របាយការណ៍បានកត់សម្គាល់ថាកំណើនឧស្សាហកម្មមានភាពខ្លាំងក្លាដោយសារកំណើននៃការ ផលិតសម្លៀកបំពាក់ស្បែកជើង និងការ​ផលិត​ទំនិញទាក់​ទង​នឹង​ការ​ធ្វើដំណើរ។

លោក ចេង ខេង ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន CPL បានមានប្រសាសន៍ ថាប្រជាជនកម្ពុជាបច្ចុប្បន្នកាន់តែមានការចាប់អារម្មណ៍ក្នុងការដាក់ប្រាក់របស់ពួកគេនៅក្នុងអាជីវកម្មឃ្លាំង។ ខណៈ​ទំ​ហំ​ទឹក​ប្រាក់​ក្នុង​ការ​វិនិយោគ​លើអាជីវកម្មឃ្លាំងមានភាពខុសប្លែកគ្នាអាស្រ័យលើទំហំឃ្លាំង លោក ខេង បាននិយាយថាអ្នកវិនិយោគជាមធ្យមអាចចំណាយចាប់ពី ៨០ ដុល្លារ​ ទៅ ១២០ ដុល្លារក្នុងមួយម៉ែត្រការ៉េដើម្បីសាងសង់ឃ្លាំងនេះ។

លោកបានមានប្រសាសន៍ថា៖​«តម្រូវ​ការកន្លែងសម្រាប់រោងចក្រកំពុងកើនឡើងដោយសារតែការកើនឡើងនៃការ​ផ្តូរ​ទី​តាំង​រោងចក្រពីប្រទេសចិនមកប្រទេសកម្ពុជា។​ បន្ថែម​លើ​នេះ ដោយសាររដ្ឋាភិបាលតម្រូវ​ឲ្យ​មាន​ការផ្លាស់ទី​រោងចក្រពីខាងក្នុងទីក្រុងភ្នំពេញទៅជាយក្រុងនិងព័ទ្ធជុំវិញផ្លូវក្រវ៉ាត់ក្រុង ដូច្នេះ​តម្រូវការកន្លែងស្តុកទុកនឹងកាន់តែធំហើយការវិនិយោគក្នុង អាជីវកម្មឃ្លាំងគឺជាជម្រើសដ៏ល្អមួយ»៕

ដៃគូសហការ៖ www.realestate.com.kh