បើមាន ៧ចំណុច​នេះ​បញ្ជាក់ថា បញ្ញាផ្លូវអារម្មណ៍ (EI) របស់​អ្នក​នៅ​ខ្សោយនៅឡើយ!​



តើអ្នកយល់ថា ការគិតរបស់អ្នកដទៃដូចអ្នកឬអត់? តើអ្នកយកចិត្តទុកដាក់ខ្លួនឯងខ្លាំងជាងអ្នកដទៃក្នុងកម្រិតណា? តើអ្នកមានប្រតិកម្មយ៉ាងណាចំពោះទង្វើ និងសម្តីសម្តៅរបស់មនុស្សជុំវិញខ្លួនអ្នក? នេះគ្រាន់តែជាសំនួរតូចមួយដែលគ្រាន់តែចង់ធ្វើតេស្តថា អ្នកជាមនុស្សខ្លាំង ឬខ្សោយបញ្ញាផ្លូវអារម្មណ៍ (Emotional Intelligence) ប៉ុណ្ណោះ។ 

៧ ចំណុចខាងក្រោមនេះ នឹងជួយឲ្យអ្នកដឹងកាន់តែច្បាស់ថា អ្នកខ្សោយបញ្ញាផ្លូវអារម្មណ៍កម្រិតណា។ អានចំណុចនីមួយៗ ហើយនិយាយវាដោយស្មោះត្រង់ចំពោះខ្លួនឯងថា អ្នកពិតជាមាន ឬគ្មានចំណុចទាំងនេះ។ 

១.ឆាប់វាយតម្លៃអ្នកដទៃក្នុងផ្លូវអាក្រក់ 
ជាទូទៅមុននឹងអ្នកអាចវាយតម្លៃថា នរណាម្នាក់ល្អ ឬមិនល្អ គឺនៅពេលអ្នកស្គាល់ច្បាស់ពីប្រវត្តិ និងសកម្មភាពរបស់អ្នកទាំងនោះថា ជាមនុស្សបែបណា។  យ៉ាងណាមិញ សម្រាប់មនុស្សដែលខ្សោយបញ្ញាផ្លូវអារម្មណ៍ ចូលចិត្តឆាប់វាយតម្លៃអ្នកដទៃភ្លាមៗក្នុងផ្លូវអាក្រក់ ខ្វះគំនិតពិចារណាជាមុន  និយាយបន្ទោសបង្អាប់អ្នកដទៃ  ទោះបីជាមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ មិនមានភស្តុតាងត្រឹមត្រូវ ឬ ស្គាល់បុគ្គលទាំងនោះច្បាស់លាស់ក៏ដោយ។ 

២.សន្មតថា ការគិតរបស់អ្នកដទៃដូចខ្លួនដែរ
មនុស្សខ្លះសន្មតដោយស្វ័យប្រវត្តិថា បទពិសោធន៍របស់ខ្លួនបានជួយបង្រៀនឲ្យពួកគេយល់ថា អ្នកផ្សេងនឹងមានលំហូរការគិត និងទង្វើដូចខ្លួនដែរ។ ដូច្នេះប្រសិនបើពួកគេធំឡើងជាមួយក្រុមគ្រួសារ ឬ មជ្ឈដ្ឋានណាមួយនោះ ពួកគេនឹងយល់ជារួមថា មនុស្សគ្រប់គ្នាទាំងអស់ដែលមកពីមជ្ឈដ្ឋានផ្សេងៗទៀតនឹងមានគំនិតស្របទៅនឹងអ្វីដែលខ្លួនមានដែរ។ ប៉ុន្តែការគិត និងទង្វើរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ហើយមនុស្សគ្រប់រូបត្រូវទទួលស្គាល់។ យ៉ាងណាមិញ ចំណុចនេះគឺជាអ្វីដែលមនុស្សខ្សោយបញ្ញាផ្លូវអារម្មណ៍ស្អប់បំផុត។ 

៣.ឆាប់ភ្លេចឈ្មោះមនុស្សដែលខ្លួនធ្លាប់ជួប
គ្មានអ្នកណាម្នាក់អាចចាំឈ្មោះមនុស្សគ្រប់គ្នាដែលខ្លួនបានធ្លាប់ជួបជាលើកដំបូងយ៉ាងល្អឥតខ្ចោះទេ។ ប៉ុន្តែសម្រាប់មនុស្សដែលខ្សោយបញ្ញាផ្លូវអារម្មណ៍ កម្រចាំឈ្មោះមនុស្សដែលខ្លួនធ្លាប់ជួបណាស់។  ដោយសារតែចំណុចនេះសំខាន់សម្រាប់ការបង្កើតទំនាក់ទំនងមួយឲ្យកាន់តែមានប្រសិទ្ធិភាពជាមួយមនុស្សគ្រប់គ្នា ភាពខ្វះខាតចំណុចនេះបញ្ជាក់ថា អ្នកមិនយកចិត្តទុកដាក់ពីអារម្មណ៍ ឬអ្វីដែលអ្នកដទៃគិតទេ ។

៤.បង្វែរការសន្ទនាមកនិយាយប្រធាបទដែលទាក់ទងតែខ្លួនឯង
សង្គមវិទូអាមេរិកលោក Charles Derber បានពន្យល់ថា ស្ទើរតែរាល់ការប្រាស្រ័យទំនាក់ទំនងរវាងបុគ្គលម្នាក់ទៅកាន់បុគ្គលម្នាក់ទៀតគឺត្រូវបានកំណត់ក្នុងសញ្ញា ២យ៉ាងដែលនោះគឺ ជាការផ្តល់ការឆ្លើយតបបែបងាកចេញ ឬ ការឆ្លើយតបបែបការគាំទ្រ។ សម្រាប់មនុស្សដែលខ្សោយបញ្ញាផ្លូវអារម្មណ៍ គឺចូលចិត្តការឆ្លើយតបមួយដែលងាកចេញពីប្រធានបទរួម ហើយបង្វែរមកនិយាយតែសាច់រឿងទាក់ទងនឹងខ្លួនឯងជាង ការសន្ទនាបែបគាំទ្រទៅកាន់ភាគីម្ខាងទៀត។

៥.និយាយច្រើនជាងស្តាប់
មិនពិបាកយល់ទេក្នុងការពិនិត្យមើលថា អ្នកណាម្នាក់ខ្សោយបញ្ញាផ្លូវអារម្មណ៍ឬអត់។ អ្នកគ្រាន់តែរៀនអង្កេតមើលសកម្មភាពរបស់មនុស្សប្រភេទនេះតាមរយៈពាក្យសម្តីសម្តៅរបស់ពួកគេនៅពេលកំពុងពិភាក្សាលើប្រធានបទអ្វីមួយ។ ជាទូទៅ មនុស្សដែលខ្សោយបញ្ញាផ្លូវអារម្មណ៍ចូលចិត្តនិយាយច្រើនណាស់ ប៉ុន្តែបែរជាមិនសូវយកចិត្តទុកដាក់ស្តាប់អ្នកដទៃប៉ុន្មានឡើយ។ នេះហើយជាមូលហេតុដែលធ្វើឲ្យពួកគេយល់តែខ្លួនឯង មិនយល់អារម្មណ៍អ្នកដទៃ ហើយគិតថា មតិរបស់ខ្លួនឯងល្អជាងអ្នកដទៃរហូត។ 

៦.ម្តងធ្វើនេះម្តងធ្វើនោះក្នុងពេលតែមួយ
ហេតុអ្វីធ្វើកិច្ចការផ្សេងៗក្នុងពេលតែមួយបង្ហាញថា អ្នកជាមនុស្សខ្សោយបញ្ញាផ្លូវអារម្មណ៍? មូលហេតុចម្បងតែមួយគត់គឺថា អ្នកជាមនុស្សខ្វះការផ្តោតផ្ចង់អារម្មណ៍លើកិច្ចការអ្នកកំពុងធ្វើ ឬមនុស្សជុំវិញអ្នក។ ជាទូទៅមនុស្សប្រភេទនេះចូលចិត្តធ្វើអ្វីផ្សេងនៅ ពេលកំពុងសន្ទនា ឬកំពុងនិយាយជាមួយអ្នក។ ឧទាហរណ៍សាមញ្ញរបស់មនុស្សជំពួកនេះដូចជា មើលទូរស័ព្ទ ពេលកំពុងនិយាយជាមួយអ្នក ឬ និយាយជាមួយអ្នកបណ្តើរឆាតបណ្តើរដែលការពិត ពួកគេមិនបានស្តាប់ពីអ្វីដែលអ្នកបាននិយាយផងក៏មិនដឹង។

៧.បញ្ចប់ការសន្ទនាដោយភាពសោះកក្រោះ
នៅពេលសន្ទនាអ្នកប្រហែលជាមិនចង់ឲ្យវាបញ្ចប់ ទៅភ្លាមៗ ដោយមិនចប់ចុងចប់ដើមនោះឡើយ។ អ្នកអាចមានប្រធានបទមួយចំនួនត្រូវនិយាយដើម្បីធ្វើឲ្យការសន្ទនារបស់អ្នកបានចាប់ផ្តើម និងបញ្ចប់ ទៅដោយរលូន ព្រមទាំងពេញចិត្តពេញថ្លើមទាំងសងខាង។ ក៏ប៉ុន្តែមនុស្សដែលខ្សោយបញ្ញាផ្លូវអារម្មណ៍ អាចបញ្ចប់ការសន្ទនាដោយសោះកក្រោះទោះបីជាការសន្ទនានោះ មានត្រឹមរយៈពេលខ្លី ឬវែងក៏ដោយ។ មនុស្សប្រភេទនេះមិនដឹងថា ត្រូវប្រើពាក្យពេជ្រម៉េចឲ្យសម និយាយក្បុតៗ ឆ្គាំឆ្គង ឬគ្មានវិជ្ជាជីវៈក្នុងការធ្វើឲ្យការសន្ទនាប្រព្រឹត្តទៅដោយគុណតម្លៃ។ 

ប្រភព៖ Businessinsider 

 

X
5s