ហេតុអ្វី​បាន​ជា​ប្រទេស​ស្វីស​សំបូរ​ទៅ​ដោយ​​កម្មករ​ជំនាញ​ខ្ពស់​ជាងគេ​បំផុត​​ក្នុង​លោក?​



ក្នុង​នាម​ជា​ប្រទេស​មួយ​ដែល​មាន​សុវត្ថិភាព សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ជឿនលឿន​ជាងគេ​បំផុត​ក្នុង​លោក ប្រទេស​ស្វីស​កំពុង​ឈរ​នៅ​លើកំពូល​តារាង​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​ដែល​មាន​កម្មករ​ជំនាញ​ខ្ពស់​ជាងគេ​បំផុត​ក្នុង​លោក។ នេះ​បើ​យោង​តាម​របាយការណ៍​ស្ដីពី​ការ​ប្រកួតប្រជែង​សាកល (Global Competitiveness Report)​។

របាយការណ៍​ខាងលើ​បាន​ទទួល​ស្គាល់​ថា ស្វីស​ជា​អាណាចក្រ​​ដ៏​សំបូរ​បែប​លើ​ធនធាន​មនុស្ស (Human Capital) ដែល​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​បំផុត​លើ​ការ​បណ្ដុះបណ្ដាល​រយៈពេល​ខ្លី ការ​បណ្ដុះបណ្ដាល​សម្រាប់​ការ​អភិវឌ្ឍ​​អាជីព​ការងារ និង​​លទ្ធភាព​​​ទទួល​បាន​ឱកាស​ការងារ​ខ្ពស់​សម្រាប់​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ពី​ថ្នាក់​មហាវិទ្យាល័យ។ ​

តើ​អ្វី​ទៅ​ជា​មូលហេតុ​នៅ​ពីក្រោយ​​ភាព​ជោគជ័យ​របស់​ស្វីស​ក្នុង​ការ​បណ្ដុះបណ្ដាល​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ក្លាយ​​ជា​កម្មករ​មាន​​ជំនាញ​ខ្ពស់​ជាងគេ​បំផុត​ក្នុង​លោក?

គេ​សង្កេត​ឃើញ​ថា នៅ​ក្នុង​ប្រទេស​ស្វីស សិស្សានុសិស្ស​​​រហូត​ដល់​ទៅ ៧០% ដែល​បាន​ចូលរៀន​​នៅ​ថ្នាក់​អនុវិទ្យាល័យ​ត្រូវ​តែ​ទទួល​បាន​​ប្រព័ន្ធ​​បណ្ដុះបណ្ដាល​​ដែល​គេ​ហៅ​ថា VET (vocational education training) ​ដើម្បី​ត្រៀម​បំពេញ​ការងារ​នៅ​ពេល​ថ្ងៃ​ខាងមុខ។ ការ​បណ្ដុះបណ្ដាល​នេះ​ផ្តោត​​លើ​ការ​បណ្ដុះបណ្ដាល Gold-standard System (ប្រព័ន្ធ​រូបិយវត្ថុ​ដែល រូបិយប័ណ្ណ​ឬ​ក្រដាស​ប្រាក់​របស់​ប្រទេស​​នោះ​មាន​តម្លៃ​​ប្រហាក់ប្រហែល​ទៅ​នឹង​តម្លៃ​មាស)។

យុវជន​ស្វីស​ដែល​មាន​វ័យ​ចាប់ពី​អាយុ ១៦ ឆ្នាំ​ឡើង​ទៅ ភាគច្រើន​ឈប់​សិក្សា​ពេញ​ម៉ោង​ហើយ​ជំនួស​មក​វិញ​ដោយ​ការ​ចំណាយ​ពេល​​​ទៅ​រៀន​​ជំនាញ​វគ្គបណ្តុះបណ្តាល​ខ្លីៗ​ដែល​រៀបចំ​ឡើង​នៅ​តាម​បណ្ដា​ក្រុមហ៊ុន​ជាច្រើន និង​​ចុះ​ធ្វើ​ការ​យក​បទពិសោធន៍​ផ្ទាល់​នៅ​​កន្លែង​ធ្វើការ​​នោះ​ចាប់​ពី ៣ ទៅ ៤​ឆ្នាំ។  ការ​ចំណាយ​ពេល​នៅ​ទី​នោះ  និស្សិត​ទាំង​នេះ​នឹង​ទទួល​បាន​​ទាំង​ប្រាក់ខែ និង​ចំណេះ​ដឹង​​ជំនាញ​វិជ្ជាជីវៈ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​​យ៉ាង​សំខាន់​សម្រាប់​​តម្រង់​ទិស​អាជីព​​ទីផ្សារ​ការងារ​នៅ​ពេល​អនាគត។

ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​និយោជក
មជ្ឈមណ្ឌល​ស្ដីពី​ស្តង់ដារ​អប់រំ​អន្តរជាតិ (Center on International Education Benchmarking) ដែល​មាន​ក្រុមហ៊ុន​ស្វីស​ប្រមាណ ៣០% ​បាន​ចូលរួម​​​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​លើ​មុខ​ជំនាញ​យ៉ាង​ច្រើន​សំបូរ​បែប​ដើម្បី​​ជួយ​សម្រួល និង​​ពង្រឹង​អាជីព​ការងារ​ដល់​និស្សិត​ម្នាក់ៗ​នៅ​ពេល​ពួកគេ​កំពុង និង​បញ្ចប់​ការ​សិក្សា​។ ក្រុមហ៊ុន​ទាំង​នោះ​ ដើរ​តួនាទី​សំខាន់​ណាស់​សម្រាប់​ជួយ​ឲ្យ​សេដ្ឋកិច្ច​ស្វីស​រឹងមាំ ជា​ពិសេស​គឺ​ការ​ផលិត​ធនធាន​មនុស្ស​ចេញ​ពី​និស្សិត​គ្រប់​ថ្នាក់​​​ប្រកបដោយ​ស្តង់ដារ មាន​​ជំនាញ​ខ្ពស់​ និង​មាន​​គុណភាព​​សម្រាប់​ទីផ្សារ​ការងារ​​​​​។

ដោយសារតែ​ការ​ផ្តោត​លើ​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​​ក្លាយ​ជា​រឿង​សំខាន់​ទៅ​ហើយ​ ទើប​ទីផ្សារ​ការងារ​​​ចាប់​អារម្មណ៍​កាន់តែ​តិច​ឡើងៗ​លើ​​លទ្ធផល​សិក្សា​នៅ​មហាវិទ្យាល័យ និង​សញ្ញាប័ត្រ​ដែល​ពួកគេ​ទទួល​បាន​។ គេ​សង្កេត​ឃើញ​ថា មាន​និស្សិត​ស្វីស​តិច​ជាង ១ភាគ៣ ​ប៉ុណ្ណោះ​ដែល​មាន​​​អាយុ​ក្រោម ២៥ ឆ្នាំ​បាន​រៀន​ចប់​នៅ​ថ្នាក់​មហាវិទ្យាល័យ​ក្នុង​ឆ្នាំ ២០១២ កន្លង​ទៅ បើ​ធៀប​ទៅ​នឹង​ប្រទេស​អូស្ត្រាលី និង​ន័រវែស​ដែល​ចំនួន​នេះ​មាន​រហូត​ដល់​ទៅ​ជាង​ពាក់កណ្ដាល។  នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អង្គការ​​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍ (OECD)។

តាមពិត​​មូលហេតុ​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​និស្សិត​ស្វីស​​មាន​ចំនួន​តិច​រៀន​ចប់​ថ្នាក់​មហាវិទ្យាល័យ​គឺ​ដោយសារ​តែ​ពួកគេ​យល់​ថា ការ​រៀន​ជំនាញ​ខ្លីៗ​​នៅ​តាម​បណ្ដា​ក្រុមហ៊ុន​ផ្សេងៗ​ក្នុង​ប្រទេស ជួយ​ឲ្យ​ពួកគេ​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ ​ប្រកបដោយ​គុណភាព ហើយ​ទទួល​បាន​ឱកាស​ការងារ​ល្អ​ប្រសើរ​ជាង​និស្សិត​ដែល​​ចំណាយ​ពេល​រៀន​យក​​សញ្ញាប័ត្រ​នៅ​​សាកលវិទ្យាល័យ។

នៅ​ក្នុង​របាយការណ៍​ស្ដីពី​ការ​ប្រកួតប្រជែង​សកល​ខាងលើ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ប្រទេស​ស្វីស​​ក៏​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​​មាន​ក្រុមហ៊ុន​បណ្ដុះបណ្ដាល​​ដល់​បុគ្គលិក​ល្អ​ជាងគេ​បំផុត​ក្នុង​លោក ដោយសារ​តែ​ក្រុមហ៊ុន​ទាំង​នោះ​​​បាន​​ទទួលស្គាល់​ពី​​ពី​សារសំខាន់ និង​​ផលប្រយោជន៍​ដែល​ពួកគេ​ទទួល​បាន​ពី​ការ​អភិវឌ្ឍន៍​វិជ្ជាជីវៈ​​ទាំងនោះ​ដល់​និស្សិត​នានា​នៅ​ទូទាំង​ប្រទេស​៕

ប្រភព៖ Weforum