អ្នកជំនាញ៖​ ​គន្លឹះ ៣ចំណុចដើម្បី​វិនិយោគ​វិស័យ​អចលនទ្រព្យ​បានជោគជ័យ​​



ទីផ្សារ​អចលនទ្រព្យ​កំពុងតែ​រីកចម្រើន​ខ្លាំង និង​មាន​ការចាប់​អា​ម្មណ៍​ខ្លាំង​ពី​សំណាក់​ប្រជាជន​ក្នុងស្រុក និង​វិនិយោគិន​ពី​ក្រៅ​ស្រុក​។ វិស័យ​អចលនទ្រព្យក៏បាន​ទាក់ទាញ​វិនិយោគិន​ថ្មីៗ​ជាច្រើនឲ្យ​ប្រឡូក​ចូលក្នុង​វិស័យ​នេះដែរ ហើយ​ចំណោម​នេះមាន​អ្នកខ្លះ​ក៏​ជោគជ័យ ហើយ​ខ្លះទៀតក៏​បរាជ័យក្នុង​រយៈពេល​ដ៏​ខ្លី​។​

បរាជ័យ​ត្រូវបាន​ចាត់ទុកជា​បទពិសោធ​ន៍​ ចំណែក​ជោគជ័យក្នុង​វិស័យ​អចលនទ្រព្យ បាន​ក្លាយជា​ប្រធានបទ​មួយ​គួរ​ឲ្យ​ចាប់​អា​ម្មណ៍​បំផុត​។ ប៉ុន្តែ​សួរថា តើ​ភាពជោគជ័យ​កើតឡើង​ដោយសារ​កត្តា​អ្វីខ្លះ​?

ពាក់ព័ន្ធការលើកឡើងនេះដែរ លោកឧកញ៉ា ចេង ខេង ​អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ​កម្ពុជា ស៊ីភីអិល (CPL) ដ៏​ធំ​ជាង​គេ​មួយ​នៅ​ប្រទេស​កម្ពុជា ហើយ​លោក​ក៏​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាលរបស់​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា​ផង​ដែរនោះបានលើកឡើងនា«​ពិព័រណ៍​អចលនទ្រព្យកម្ពុជាឆ្នាំ​២០១៩» កាលពីពេលថ្មីៗថា ការ​ចាប់ផ្តើម​ជីវិត​អាជីវកម្ម​លើ​វិស័យ​អចលនទ្រព្យ​មិនមែន​ជា​រឿង​ងាយស្រួល​ពេក​ទេ​ក្នុង​ការ​ធ្វើ​ឱ្យ​សម្រេច​បាន​ជោគជ័យ​លើ​វិស័យ​នេះ​។ ទោះយ៉ាងណា អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ​កម្ពុជាដ៏​ធំ​ជាង​គេ​មួយ​នៅ​ប្រទេស​កម្ពុជា រូបនេះបានផ្តល់នៅគន្លឹះសំខាន់ៗចំនួន ៣ ដែលជាបទ​ពិសោធន៍ផ្ទាល់ខ្លួន ដែល​ធ្វើឱ្យក្រុមហ៊ុនលោកអាចឈរជើងនៅក្នុង​វិស័យអចលនទ្រព្យ​មកដល់សព្វថ្ងៃនោះគឺ៖

១) ធ្វើអ្វីគិតពីគុណភាពខ្ពស់
នៅត្រង់ចំណុចនេះលោកថា នៅក្នុង​វិស័យ​អចលនទ្រព្យមាន​ផ្នែក​ជាច្រើនខុសៗគ្នា ហេតុនេះ​យើង​ជា​ភ្នាក់ងារ​អចលនទ្រព្យ ឬ​ចង់​វិនិយោគ​ក្នុង​វិស័យនេះ គឺចាំបាច់ត្រូវ​គិត​ជាមុនគឺគុណភាពជាចម្បង ពិសេសរាល់ដំណើរ​ប្រតិបត្តិការ​ទៅលើ​ការទិញ លក់ ជួល​ និង​វាយ​តម្លៃ​អចលនទ្រព្យ​ដ៏​ស្ទាត់​ជំនាញ​នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យប្រកបដោយ​​ប្រសិទ្ធភាព ដើម្បីបញ្ចៀស​បាន​នូវ​ហានិភ័យ​ចំពោះមុខចំពោះអតិថិជន។ ​ហេតុនេះបើយើងរកស៊ីក្នុងវិស័យអចលនទ្រព្យគិត​ពីគុណភាពជាមុននោះ ទើបកសាងការទំនាក់ទំនងដ៏យូរអង្វែងជាមួយគ្រប់ដៃគូអាជីវកម្មនានា។ 

២) សេវាកម្មល្អ
មុខ​របរ​បម្រើ​សេវាកម្ម​អចលនទ្រព្យ​នេះ មិន​ចាំ​បាច់​ប្រើ​ដើមទុន​នោះ​ទេ សំខាន់​ត្រង់​ថា យើង​ស្រលាញ់​ការងារ​នេះ ធ្វើ​ចេញ​ពី​ចិត្ត ពី​បេះដូង អត់​ធ្មត់​តស៊ូ​ជាមួយ​ការងារ នោះ​ជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។ លោក​ចង់​ប្រាប់​ថា មាន​មនុស្ស​ជា​ច្រើន​នាក់​មក​ហើយ ដែល​មាន​លុយ​រាប់​លាន​ដុល្លារ រកស៊ី​ក្នុង​វិស័យ​នេះ​ទទួល​នូវ​ភាព​បរាជ័យ។ ដោយសារ​តែ​ពួកគេ​ទាំង​អស់​នោះ​ធ្វើ​តាម​គេ ឃើញ​គេ​បើក​អាជីវកម្ម​បម្រើ​សេវា​កម្ម​ដីធ្លីក៏​បើក​តាម​គេ ដោយ​មិន​បាន​សិក្សា​ច្បាស់​លាស់ ហើយ​ក៏​មិន​ដាក់​ចិត្ត​ធ្វើ​ចេញ​ពី​បេះដូង​ពិត​ប្រាកដ​ដែរ។

លោកបញ្ជាក់ថា កាល​ពី​លោក​បើក​ជំនួញ​សេវាកម្ម​អចលន​ទ្រព្យ​មួយ​នេះ លោក​គ្មាន​លុយ គ្មាន​ធនធាន​មនុស្ស​គ្រប់​គ្រាន់​ទេ ប៉ុន្តែ​ដោយសារ​ការ​ស្រលាញ់​ពេញ​ចិត្ត និង​ការ​តាំង​ចិត្ត​ខ្ពស់​របស់​គាត់ ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុនលោកទទួល​បាន​ជោគជ័យ​មក​ដល់​ពេល​នេះ​។

៣.ភាពជឿទុកចិត្តខ្ពស់
មុខ​របរ​បម្រើ​សេវាកម្ម​អចលន​ទ្រព្យ​នេះ លោក​ថាគឺ​មាន​ភាព​ផុយ​ស្រួយ​ណាស់។ យើង​ធ្វើការ​ជាមួយ​ចិត្ត​និង​ចិត្ត គេ​ចង់​បាន​អី យើង​បម្រើ​ទៅ​តាម​សេចក្តី​ត្រូវការ​របស់​អតិថិជន ថែ​រក្សា​អតិថិជន កុំឲ្យ​ថ្នាំង​ថ្នាក់​ចិត្ត បម្រើ​ឲ្យ​មាន​ប្រសិទ្ធភាព។ បើ​និយាយ​រឿង​ការងារ​រកស៊ី មុខ​ជំនួញ​ណាក៏​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ដែរ ប៉ុន្តែ មុខ​ជំនួញ​អចលនទ្រព្យ លោក​គិត​ថា មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ជាង​គេ។ ដោយសារ​យើង​រក​ស៊ី​ក្នុង​វិស័យ​នេះ ភាគច្រើន​ទាក់ទង​តែ​ជាមួយ​អ្នក​ដែល​មាន​លុយ អ្នក​មាន​មុខមាត់​នៅ​ក្នុង​សង្គម។ ពួក​គាត់​ទាំង​នោះ ចង់​បាន​អ្វី​ដែល​ល្អ មាន​គុណភាព ដូច្នេះ យើង​ចាំបាច់ត្រូវផ្តល់នូវទំនុកចិត្តខ្ពស់ដល់អតិថិជន។

សរុបជារួមមកលោកថា បើសិនជាអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ប្រកាន់នៅគន្លឹះ ទាំង៣ចំណុច នោះនឹង​ទាក់ទាញ​ប្រជាប្រិយ​ភាព​ ការ​ជឿ​ទុកចិត្ត​ គាំទ្រ​ពីអ​តិថិ​ជន​ ដែលធ្វើ​អ្នកធ្វើ​ជំនួញ​ជោគជ័យ​មិនខានឡើយ៕ 

ដៃគូសហការ៖ www.realestate.com.kh