ការស្រាវជ្រាវ៖ អ្នកមានវ័យ ៥០ ឆ្នាំមានខួរក្បាលល្អដូចវ័យ ២៥ ឆ្នាំបើធ្វើរឿងនេះឲ្យបាន១៥នាទីក្នុងមួយថ្ងៃ​



បើយោងតាមការស្រាវជ្រាវរបស់អ្នកស្រីសាស្រ្តាចារ្យផ្នែកចិត្តវិទ្យា និងខួរក្បាលរបស់មនុស្ស គឺលោកស្រី  Sara Lazar មកពីសាកលវិទ្យាល័យ Harvard បានឲ្យដឹងថា ការសមាធិអាចជួយឲ្យ អ្នកដែលមានវ័យចំណាស់មានសុខភាពខួរក្បាលល្អដូចអ្នកវ័យ២០ជាង។

លោកស្រីបានអះអាងថា ការសមាធិបានផ្តល់គុណសម្បត្តិដ៏ច្រើនមហាសាលដល់ប្រព័ន្ធ ខួរក្បាល ពោលគឺជួយកាត់បន្ថយស្ត្រេស ជំងឺបាក់ទឹកចិត្ត ភាពនឿយហត់  ជំងឺថប់អារម្មណ៍ គេងមិនលក់ និងជួយបង្កើនគុណភាពជីវិត។ ការលើកឡើងរបស់លោកស្រីសាស្រ្តាចារ្យខាងលើលើគឺធ្វើឡើងដោយសំអាងទៅលើការពិសោធន៍មួយរបស់លោកស្រីនៅពេលកន្លងមក។

ក្នុងរបាយការណ៍របស់ស្រាវជ្រាវរបស់លោកស្រីទៅលើមនុស្សពីរក្រុម ពោលគឺក្រុមទី១ ជាមនុស្សដែលមានបទពិសោធន៍ធ្វើសមាធិរាប់សិបឆ្នាំ និងក្រុមម្ខាងទៀតដែលមិនមានបទពិសោធន៍ធ្វើសមាធិសោះ។ ជាលទ្ធផលអ្នកដែលបានធ្វើសមាជិ មានប្រព័ន្ធខួរក្បាលល្អជាងអ្នកដែលមិនធ្លាប់ធ្វើសមាធិ ហើយលោកស្រីសង្កេតឃើញថា សូម្បីតែអ្នកធ្វើសមាធិជាប្រចាំនោះមានវ័យពាក់កណ្តាលជីវិតទៅហើយ ក៏ប្រព័ន្ធខួរក្បាលល្អប្រសើរមិនចាញ់មនុស្សវ័យ ២០ ជាងប៉ុន្មានឡើយ។

តើក្នុងមួយថ្ងៃអ្នកគួរចំណាយពេលប៉ុន្មាននាទីដើម្បីធ្វើសមាធិ? 

បើយោងតាមការពិសោធន៍របស់លោកស្រីសាស្រ្តាចារ្យ   Sara Lazar លោកស្រីបានប្រើពេលដល់ទៅ ៤០ នាទីក្នុងមួយថ្ងៃសម្រាប់អ្នកចូលរួមធ្វើសមាធិ។ ប៉ុន្តែជាមធ្យម ក្នុងមួយថ្ងៃ រយៈពេល ២៧ នាទីគឺសមរម្យណាស់ទៅហើយ។ ទោះបីជាបែបនេះ ការសិក្សាស្រាវជ្រាវមួយចំនួនបានអះអាងថា លទ្ធផលវិជ្ជមាននឹងបង្ហាញចេញមកជាបណ្តើរៗដោយគ្រាន់តែអ្នកធ្វើសមាធិត្រឹមតែ ១៥ ទៅ ២០ នាទីប៉ុណ្ណោះក្នុងមួយថ្ងៃ។

យ៉ាងណាមិញ ផ្អែកលើបទពិសោធន៍របស់លោកស្រីសាស្រ្តាចារ្យ   Sara Lazar លោកស្រីបានបញ្ជាក់ថា ថ្ងៃខ្លះអ្នកអាចធ្វើសមាធិ ៤០ នាទី។ ថ្ងៃខ្លះ ៥ នាទី ហើយថ្ងៃខ្លះអត់ក៏បានអាស្រ័យលើថា អ្នកមានពេលគ្រប់គ្រាន់ឬអត់។ លោកស្រី បន្តថា ការសមាធិប្រៀបដូចការហាត់ប្រាណដែរ។ បើអ្នកហាត់ប្រាណ ៣ ដងក្នុងមួយសប្តាហ៍ គឺជារឿងល្អបំផុត។ ប៉ុន្តែ បើអ្នកទាំងអស់គ្នាអាចអនុវត្តវាបានបន្តិចបន្តួចក៏ដោយឲ្យបានរាល់ថ្ងៃ ក៏ជារឿងល្អដែរ៕

ប្រភព៖ Businessinsider 

 

X
5s