គេង​បាន​ញាំ​បាន​ក៏​អាច​ជា​រោគសញ្ញា​ជំងឺ​បាក់​ទឹក​ចិត្ត​ដែរ! ហេតុ​អ្វី?​



អាច​វិនិច្ឆ័យ​បាន​ថា​មនុស្ស​ម្នាក់​កំពុង​មាន​ជំងឺ​បាក់​ទឹកចិត្ត ភាគ​ច្រើន​យើង​តែង​សង្កេត​មើល​លើ​រោគ​សញ្ញា​ខាង​ក្រៅ​មួយ​ចំនួន​ដូច​ជា ពួកគាត់​មាន​ទឹក​មុខ​មិន​រីករាយ មិន​សូវ​និយាយ​ស្ដី បាត់​បង់​ចំណង់​អាហារ ស្រក​ទម្ងន់​ជា​ដើម។ ដោយ​ឡែក​ មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត​ដែល​មនុស្ស​ភាគ​ច្រើន​មិន​ងាយ​នឹង​ចាប់​អារម្មណ៍​ដឹង​គឺ បុគ្គល​នោះ​មាន​ចំណង់​អាហារ​កើន​ឡើង​ ឡើង​ទម្ងន់ និង​អាច​គេង​លក់​បាន​ច្រើន​ម៉ោង​ជា​ដើម ដូច្នេះ​ មិន​មែន​ឲ្យ​តែ​មើល​ឃើញ​មាន​សាច់​មាន​ឈាម​សុទ្ធ​តែ​មាន​សុខភាព​ល្អ​ទាំង​អស់​នោះ​ទេ។

Worried Girl, Woman, Waiting, Sitting, Thinking, Worry

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកលវិទ្យា​នាយក​ផ្នែក​ជំងឺ​ផ្លូវចិត្ត​និង​ការ​បំពាន​គ្រឿង​ញៀន មន្ទីរពេទ្យ​មិត្តភាព​ ខ្មែរ-សូវៀត នៅ​ក្នុង​សិក្ខាសាលា​សុខភាព លើ​ប្រធានបទ "ជំងឺ​ធ្លាក់​ទឹក​ចិត្ត​និង​ជំងឺ​ថប់​អារម្មណ៍" ដែល​រៀបចំ​ដោយ​វិទ្យុ​ផ្កាឈូក កាល​ពី​ពេល​កន្លង​ទៅបាន​មា​ប្រសាសន៍​ថា “កុំ​ឃើញ​ថា​ គេ​អាច​ញាំ​បាន​គេង​បាន​មាន​សាច់​មាន​ឈាម​ យើង​គិត​ថា​គេ​មាន​សុខភាព​ល្អ មិន​មែន​អីចឹង​ទាំង​អស់​នោះ​ទេ អ្នក​ខ្លះ​ពិបាក​ចិត្តមែន​​តែ​អាច​គេង​លក់" លោក​លើក​ឡើង​ថា ​នោះ​គឺ​ជា​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​មួយ​ប្រភេទ​ដែល​មាន​ឈ្មោះ​ថា Atypical Depression គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។

អ្នក​ជំងឺ​ប្រភេទ​នេះ តែង​មាន​អារម្មណ៍​ផ្លាស់ប្ដូរ​មិន​ទៀងទាត់ ស្មារតី​និង​ការ​គិត​ចុះ​ខ្សោយ មិន​រហ័សរហួន បាត់​បង់​ទំនាក់​ទំនង​ក្នុង​សង្គមជាដើម។ ជា​ទូទៅ​ពួកគាត់​គេង​ច្រើន​ជ្រុល​ ដោយ​មាន​ពេល​ខ្លះ​អាច​គេង​បាន​រហូត​ស្ទើរ​តែ​ពេញ​មួយ​ថ្ងៃ​ឯណោះ បន្ថែម​ពី​នោះ​គឺ​មាន​ចំណង់​អាហារ​កើន​ឡើង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ទម្ងន់​របស់​ពួកគាត់​កើន​ឡើង​ផង​ដែរ។ 

លោក​វេជ្ជបណ្ឌិត ផ្ដាំ​ផ្ញើ​ថា​ការ​ប្រើប្រាស់​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ត​គឺ​មិន​ដូច​គ្នា​ទេ ដូច្នេះ​ប្រសិន​បើ​ឃើញ​អ្នក​ជំងឺ​ដទៃ​ប្រើប្រាស់​ថ្នាំ​មាន​ប្រសិទ្ធភាព​ យើង​មិន​អាច​ភ្លាមៗ​ទៅ​ប្រើ​តាម​គេ​នោះ​ទេ គឺ​ត្រូវ​ទៅ​ជួប​ពិគ្រោះ​យោបល់​ជា​មួយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ជា​មុន​សិន។ មួយ​វិញ​ទៀត​ អ្នក​ជំងឺ​ត្រូវ​ផ្លាស់​ប្ដូរ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ដោយ​ចេញ​ទៅ​ជួប​សង្គម​ខាង​ក្រៅ​ឲ្យ​បាន​ច្រើន ឈប់​ប្រើប្រាស់​គ្រឿង​ញៀន​ជា​ដើម៕

រូបភាព៖ វិទ្យុផ្កាឈូក FM 100.5

ដោយ៖ ជួប ស្រីរ័ត្ន