សហស្ថាបនិកក្រុមហ៊ុន VR Event Planner បង្ហើប ៣ចំណុចចាប់ផ្តើម ដើម្បីអភិវឌ្ឍការងារ ឬ អាជីវកម្ម​



អ្នកណាៗក៏ប្រាថ្នា ចង់ក្លាយខ្លួនជា បុគ្គលិក ឬ សហគ្រិនឆ្នើមដែរ។ ប៉ុន្តែសំណួរសួរថា តើធ្វើដូចម្ដេចទើបអាចវិវត្តខ្លួនឈានទៅដល់ចំណុចនោះ? ឆ្លើយតបនឹងសំណួរនេះ សហគ្រិនស្ត្រីគំរូ អ្នកស្រី តាក់ ពិសិដ្ឋរដ្ឋលីដា ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃក្រុមហ៊ុនរៀបចំកម្មវិធី VR Event Planner បានមានប្រសាសន៍ថា៖ "នាងខ្ញុំនឹងមិនរៀបរាប់ពីថា យើងត្រូវមានដើមទុនប៉ុន្មាន យើងត្រូវមានផែនការអាជីវកម្មល្អ អីអស់ហ្នឹងទេ ព្រោះនាងខ្ញុំជឿថាពាក្យណែនាំទាំងនេះ ពួកគាត់បានអាននិងឮជារឿយៗហើយ។ ផ្ទុយទៅវិញ នាងខ្ញុំនឹងចែករំលែកនូវគន្លឹះ៣ចំណុច ងាយៗ តែសំខាន់ ដើម្បីត្រៀមវិញ មុនពេលក្លាយជាបុគ្គលិក សហគ្រិន រួមនិងអ្នកចង់ចាប់ផ្ដើមអាជីវកម្មគួរស្វែងយល់ និងអនុវត្តដើម្បីពង្រឹងសមត្ថភាព។

ចំណុចទី១ 

សួរខ្លួនឯងថាស្រលាញ់អ្វី៖ ការដែលយើងធ្វើអ្វីដែលយើងស្រលាញ់ យើងនឹងមិនមានភាពហត់នឿយក្នុងការធ្វើវានោះទេ។ នៅពេលដែលយើងស្រលាញ់អ្វីមួយ យើងមានតែចង់ធ្វើវាឲ្យកាន់តែល្អប្រសើរ ពិសេសនៅពេលដែលយើងជួបឧបសគ្គយើងមិនអាចនឹងបោះបង់នោះទេ។ ដូចនេះ សួរខ្លួនឯងថា ក្រៅពីលុយ មានមូលហេតុអ្វីផ្សេងទេដែលខ្ញុំធ្វើរឿងនេះ? បើយើងមិនទាន់ដឹងច្បាស់ថាយើងស្រលាញ់អីទេ មិនជាបញ្ហាឡើយ គ្រាន់តាំងចិត្តមុតមាំថានឹងធ្វើការងារអោយអស់ពីចិត្ត នោះយើងនឹងអាចជម្នះរាល់ឧបសគ្គហើយ។ 

ចំណុចទី២

មិត្តភក្តិ៖ សូមប្រយ័ត្នបុគ្គលដែលអ្នកសេពគប់ ឬចូលក្រុមជាមួយ។ មិត្តភក្ដិ ឬបុគ្គលដែលយើងសេពគប់ មានឥទ្ធិពលមកលើយើងជាង៥០% នៅពេលដែលយើងពេញវ័យ មានភាពឯករាជ្យ។ យើងមិនអាចក្លាយជាឥន្ទ្រីបានទេ នៅពេលយើងចំណាយពេលវេលាយ៉ាងច្រើនដើរលើដី ចឹកជន្លេនជាមួយក្រុមមាន់។ 

 

ចំណុចទី៣ 

រកធនធាន និងប្រើប្រាស់ធនធានអោយអស់៖ ធនធានត្រង់ចំនុចនេះ មិនមែនសំដៅទៅលើធនធានប្រាក់កាសនោះទេ។ អ្នកត្រូវស្វែងរកបុគ្គលរាមច្បង ដែលបទពិសោធន៍ហើយសូមការណែនាំពីពួកគាត់។ ក្នុងប្រទេសកម្ពុជា មានរាមច្បងជាច្រើនដែលគាត់បានទទួលជោគជ័យ ជាមួយបទពិសោធន៍ដ៏មានតម្លៃ។ ស្វែងរកឱកាសចូលរួមស្តាប់ការចែករំលែករបស់ពួកគាត់។ ស្វែងរកឱកាសដើម្បីស្គាល់គាត់។ បទពិសោធន៍ជាក់ស្តែង មានតម្លៃលើសអ្វីទាំងអស់។"

X
5s