កំពង់​ស្ពឺ​ទទួល​បាន​គម្រោង​រោងចក្រ​ថ្មី​បន្ថែម​អាច​ផ្ដល់​ឱកាស​ការងារ​ជាង​១ពាន់​កន្លែង​



រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ខេត្ត​កំពង់ស្ពឺ​ហាក់​មាន​សក្ដានុពល​ខ្ពស់​លើ​ការ​វិនិយោគ ដែល​ជា​រឿយៗ​យើង​សង្កេត​ឃើញ​ថា ខេត្ត​នេះ​តែង​ទទួល​បាន​គម្រោង​តូច​ធំ​ជា​ហូរហែ។ កាល​ពី​ពេល​ថ្មីៗ​នេះ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​នូវ​គម្រោង​រោង​ចក្រ​កាត់ដេរ​សំលៀក​បំពាក់ ស្រោម​ពូក​ខ្នើយ ក្នុង​ទុន​៣,៥លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.២៥៥​កន្លែង។ 

គម្រោង​រោងចក្រ​ខាង​លើ ជា​គម្រោង​របស់​ក្រុមហ៊ុន​“SUNRISE FASHION (CAMBODIA) CO., LTD” ដែល​មាន​ទីតាំង​ស្ថិត​នៅ ផ្លូវជាតិលេខ៣ ភូមិ​ពោធិ៍អង្គ្រង ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។ គួរ​បញ្ជាក់​ដែរ​ថា គិត​ចាប់​ពី​ដើម​ខែ​តុលា​មក​ដល់​ថ្ងៃ​ទី៣១​តុលា​នេះ ខេត្ត​កំពង់ស្ពឺ​ទទួល​បាន​គម្រោង​វិនិយោគ៣ ក្នុង​ចំណោម១៩គម្រោង ខណៈ​ខេត្ត​ព្រះសីហនុ​ទទួល​បាន​៨​គម្រោង​ច្រើន​ជាង​គេ៕

ដោយ៖ ជួប ស្រីរ័ត្ន