ផ្សារមូលបត្រកម្ពុជារៀបចំសិក្ខាសាលាស្តីពី យុទ្ធសាស្រ្តកសាងម៉ាកសញ្ញាសម្រាប់អាជីវកម្មបង្កើតថ្មី​



កាលពីព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៩ ផ្សារមូលបត្រកម្ពុជាបានរៀបចំកម្មវិធីសិក្ខាសាលាមួយស្តីពី “Executive Talk 2019 ក្រោមប្រធានបទ យុទ្ធសាស្រ្តកសាងម៉ាកសញ្ញាសម្រាប់អាជីវកម្មបង្កើតថ្មី” ដែលកម្មវិធីនេះចាប់ដំណើរការពីម៉ោង ៨:៣០នាទី ដល់ម៉ោង ១២:០០ថ្ងៃត្រង់ នៅអាគារផ្សារមូលបត្រ។

សិក្ខាសាលានេះមានការចូលរួមដោយវាគ្មិនកិត្តិយសចំនួន ៣ រូបគឺលោក ងន់ ម័រ សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Poscar Cambodia លោក អៀ អ៊ុយ សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Osja Studio និងវាគ្មិនចុងក្រោយគឺលោក គង់ សូលីយ៉ា សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Joonaak។ វាគ្មិនទាំងបីខាងលើសុទ្ធតែមកពីក្រុមហ៊ុនបច្ចេកវិទ្យា ប្រើប្រាស់បច្ចេលកវិទ្យាដើម្បីអភិវឌ្ឍភាពរីកចម្រើននៃអាជីវកម្មដែលក្នុងនោះ Poscar Cambodia ជាក្រុមហ៊ុនផ្តល់សេវាកម្មប្រព័ន្ធគ្រប់គ្រងវៃឆ្លាតផ្នែកអប់រំ Osja Studio ជាក្រុមហ៊ុនបង្កើតហ្គេមកំសាន្តសម្រាប់ទូរស័ព្ទដៃដែលមានបន្ថែមវប្បធម៌ខ្មែរ ទីកន្លែង និងមនុស្ស និងក្រុមហ៊ុនចុងក្រោយ Joonaak ជាអ្នកផ្តល់សេវាកម្មផ្នែកដឹកជញ្ជូនក្រុមហ៊ុន សាលារៀន អង្គភាព និងអាជីវកម្មអនឡាញ។

ឯកឧត្តមហុង សុខហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្របានមានប្រសាសន៍ថា ការកសាងម៉ាកសញ្ញា Branding វាលើសពី Logo និងឈ្នោះរបស់ក្រុមហ៊ុន តែវាជាការយល់ឃើញរបស់អតិថិជន ការដឹកស្គាល់របស់មនុស្សរាល់គ្នាលើអាជីវកម្មមួយ ហើយវាក៏ជាអ្វីដែលអាជីវកម្មមួយបានធ្វើដើម្បីឲ្យមនុស្សរាល់គ្នាអាចនិយាយពីផលិតផល សេវាកម្មនៃក្រុមហ៊ុនឬអាជីវកម្មរបស់ខ្លួនបាន។ ឯកឧត្តមអគ្គនាយកក៏បានមានប្រសាសន៍បន្ថែមទៀតថា ការកសាងម៉ាកសញ្ញាបានល្អនាំមកនូវភាពស្មោះត្រង់របស់អតិថិជន ដែលធ្វើឲ្យគាត់ទិញផលិតផល ឬទទួលសេវាកម្មពីក្រុមហ៊ុនអ្នកម្តងហើយម្តងទៀត បង្កើតបាននូវកេរ្តិ៍ឈ្មោះក្រុមហ៊ុន ហើយវាជាកត្តាសំខាន់មួយនាំឲ្យអាជីវកម្មរីកចម្រើន។ អាជីវកម្មមួយមិនអាចមានដំណើរការរីកចម្រើនប្រកបដោយចីរភាពបានទេ ដរាបណាអ្នកមិនអាចធ្វើឲ្យអតិថិជនបានដឹង បានស្គាល់ពីគុណភាពផលិតផល ឬមិនបានផ្តល់ជូនអ្វីជាគុណតម្លៃពិតប្រាកដនៃផលិតផល សេវាកម្មរបស់ក្រុមហ៊ុនអ្នកជូនអតិថិជននោះ។

បន្ទាប់ពីការថ្លែងបើកកម្មវិធីសិក្ខាសាលា វាគ្មិនទាំងបីរូបក៏បានធ្វើការចែករំលែកពីដំណើរការមួយចំនួននៃការចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ឧបសគ្គដែលបានជួបប្រទះ និងការស្វែងរកច្រកចេញដើម្បីដោះស្រាយបញ្ហារហូតអាចធ្វើឲ្យអតិថិជនបានដឹងបានស្គាល់ និងទទួលយកស្នាដៃនៃផលិតផល ក៏ដូចជាសេវាកម្មពីក្រុមហ៊ុនខ្លួននីមួយៗ។ មិនតែប៉ុណ្ណោះវាគ្មិនក៏ហាក់មានចំណាប់អារម្មណ៍លើការចុះបញ្ជីក្រុមហ៊ុនក្នុងផ្សារមូលបត្រនាពេលអនាគតផងដែរ។

កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ និងចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនដែលក្នុងនោះភាគច្រើនជាស្ថាបនិកក្រុមហ៊ុន ម្ចាស់អាជីវកម្ម បុគ្គលិកក្រុមហ៊ុន និស្សិត ជាពិសេសអ្នកដែលកំពុងមានបំណងចាប់អាជីវកម្មបង្កើតថ្មី Startup។ 

គួរបញ្ជាក់ផងដែរថា  Executive Talk នេះត្រូវបានរៀបចំឡើងតាំងពីឆ្នាំ ២០១៧ ក្នុងគោលបំណងលើកកម្ពស់ដំណើរការរបស់អាជីវកម្មខា្នតតូច និងមធ្យម រួមទាំងអាជីវកម្មបង្កើតថ្មី Startup ដែលជាប្រភេទអាជីវកម្មជួយលើកកម្ពស់សេដ្ឋកិច្ចជាបានយ៉ាងលឿន។ ហើយនេះជាលើកទី ១២ ហើយដែលកម្មវិធីសិក្ខាសាលា Executive Talk បានរៀបចំឡើងដោយលើកយកប្រធានបទផ្សេងៗគ្នាមកចែករំលែកចំណេះដឹង និងពិភាក្សា ក៏ដូចជាមានការចូលរួមពីសំណាក់វាគ្មិនដែលមានបទពិសោធន៍ជាច្រើន៕

ដោយ៖ យ៉ាយ៉ា

X
5s