ក្រសួង​ត្រៀម​ថវិកា​ជាង​៥៥លានដុល្លារ​ចំណាយ​លើ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នឹង​អនាម័យ​នៅ​ជនបទ​



ឯកឧត្ដម​អគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង លោកស្រី Sunniya DURRANI-JAMAL នាយក​ស្ថាន​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សម្រាប់​កម្មវិធី​ចំនួន ០២ ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន ៩០លានដុល្លារអាមេរិក ក្នុង​នោះ​ទឹក​ប្រាក់​ជាង ៥៥លានដុល្លារ​អាមេរិក​គ្រោង​នឹង​ចំណាយ​សម្រាប់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​នៅ​ជនបទ។ 

តាម​ប្រភព​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា ក្រសួង​គ្រោង​នឹង​ចំណាយ​ថវិកា​សរុប​ប្រមាណ ៥៥,៦៣លានដុល្លារអាមេរិក សម្រាប់​គាំទ្រ​យុទ្ធសាស្ត្រ​ផ្គត់ផ្គង់​ទឹក​ស្អាត​អនាម័យ និង​អនាម័យ​ជនបទ សម្រាប់​ឆ្នាំ ២០១៤-២០២៥ និង​ផែនការ សកម្មភាព​សម្រាប់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​អនាម័យ​ជនបទ​ ឆ្នាំ​២០១៩-២០២៣។

គម្រោង​នេះ​មាន​គោលដៅ​ក្នុង​ការ​កែទម្រង់​ គោលនយោបាយ​ផ្គត់ផ្គង់​ទឹក​ស្អាត នឹង​អនាម័យ​ជនបទ​ និង កម្មវិធី​វិនិយោគ ដើម្បី​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ស្រុក​ចំនួន​១១ នៃ​ខេត្ត​គោលដៅ​ចំនួន​១០ រួម​មាន ខេត្ត​បន្ទាយ​មាន​ជ័យ, បាត់ដំបង, កំពង់ឆ្នាំង, កំពង់ស្ពឺ, កំពង់ធំ, កំពត, ពោធិសាត់, សៀមរាប, ព្រះវិហារ និង​ឧត្ដរមានជ័យ។ ក្នុង​នោះ​ផ្ដោត​លើ ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ ការ​ផ្គត់ផ្គង់​ទឹក​ជនបទ និង​សេវា​អនាម័យ​ជា​ដើម។

ជា​មួយ​គ្នា​នេះ ឯកឧត្ដម  អូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមាន​ចិត្ត​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី(ADB) ដែល​បាន​ផ្ដល់​ការ​ជឿ​ទុក​ចិត្ត​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ការ​ផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​ខាង​លើ។ ឯកឧត្ដម​បញ្ជាក់​ថា ADB បាន​ផ្ដល់​ហិរញ្ញប្បទាន​សហ​ប្រតិបត្តិការ​សរុប​ចំនួន​ប្រមាណ ៣,៣៦ប៊ីលានដុល្លារអាមេរិក ដោយ​គិត​បញ្ចូល​ទាំង​កិច្ច​ព្រមព្រៀង​ទាំង​២​ខាង​លើ​នេះ៕

ដោយ៖ ជួប ស្រីរ័ត្ន