កម្ពុជា​លក់​កាបូន​បាន​ជាង​១១លានដុល្លារ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ទូទាំង​ប្រទេស​



ក្រសួង​បរិស្ថាន​បាន​អះអាង​ថា រហូត​មក​ដល់​បច្ចុប្បន្ន​កម្ពុជា​លក់​បាន​ឥណទាន​កាបូន​បាន​ជាង​១១លានដុល្លារ​អាមេរិក​ ពី​ដែន​ជម្រក​សត្វព្រៃ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​ធានា​ដល់​កិច្ច​គាំពារ​បរិស្ថាន​ ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ ការ​អភិរក្ស​ជីវៈ​ចម្រុះ​ និង​ការ​អភិវឌ្ឍន៍​ដោយ​ចីរភាព។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​ក្រសួង​ព័ត៌មាន។

ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ មាន​ប្រសាសន៍​ថា ឥណទាន​កាបូន​ដែល​បាន​លក់​នេះ​បាន​មក​ពី​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្ទឹងត្រែង ដែន​ជម្រក​សត្វព្រៃ​ក្រវ៉ាញ​ខាង​ត្បូង និង​ដែន​ជម្រក​សត្វព្រៃ​តាតៃ ក្រោម​ក្របខ័ណ្ឌ​ទីផ្សារ​ស្ម័គ្រ​ចិត្ត​សម្រាប់​គាំទ្រ​ដល់​ការ​ការពារ និង​អភិរក្ស​បរិស្ថាន​និង​ធនធាន​ធម្មជាតិ ក៏​ដូច​ជា​ជួយ​លើក​កម្ពស់​ជីវភាព​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​ ដែល​ឆ្លើយ​តប​ទៅ​នឹង​គោលការណ៍​បរិស្ថាន​ហិរញ្ញប្បទាន​និរន្តរភាព។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី សន្និបាទ​បូក​សរុប​សមិទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រសួង​បរិស្ថាន​កាល​ពី​ថ្ងៃ​ទី​០៤​ វិច្ឆិកា​នេះ។

យោង​តាម​អ្នក​ជំនាញ​មក​ពី អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ(WCS) បាន​បញ្ជាក់​ថា ព្រៃ​ឈើ​ដែល​អាច​ស្ដុក​កាបូន​បាន​គឺ​ជា​ព្រៃឈើ​ធម្មជាតិ ហើយ​ព្រៃឈើ​ត្រូវ​បាន​បែងចែក​ជា​៣​គឺ ព្រៃ​ស្រោង ពាក់​កណ្ដាល​ស្រោង​ និង​ព្រៃ​របោះ ហើយ​ប្រភេទ​ព្រៃ​ស្រោង​មាន​កាបូន​ច្រើន​ជាង​គេ ក្នុង​នោះ​ព្រៃ​ស្រោង​១ហិកតា​អាច​ផ្ទុក​កាបូន​បាន​៧០០​តោន ឯ​ព្រៃ​របោះ​ផ្ទុក​បាន​៥០០​តោន។ 

គួរ​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០១៦​ ស្ថិត​ក្រោម​កម្មវិធី​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ដោយ​សារ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ការ​ខូចខាត ឬREDD+ ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​ ក្រុមហ៊ុន​ Walt Disney បាន​ទិញ​ឥណទាន​កាបូន​ពី​កម្ពុជា ក្នុង​តម្លៃ​២លាន៦សែនដុល្លារ នៅ​ក្នុង​ព្រៃ​ខេត្ត​មណ្ឌលគីរី​ ដែល​ស្មើ​នឹង​តម្លៃ​ការ​បំភាយ​កាបូន​ប្រមាណ​៣៦ម៉ឺនតោន៕