អ្នក​ជំនាញ៖ ១០​ឆ្នាំ​ទៀត​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ភាគ​ច្រើន​នឹង​មាន​ខុនដូរ​ផ្ទាល់​ខ្លួន​



បើ​ទោះ​ជា​ការ​រស់នៅ​ខុនដូរ​មិន​ទាន់​ពេញ​និយម​ខ្លាំង​នៅ​ឡើយ​សម្រាប់​ប្រជាជន​ខ្មែរ​នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​​វិស័យ​នេះ​ហាក់​នៅ​តែ​មាន​សន្ទុះ​កើន​ឡើង​ក្នុង​កម្រិត​មួយ​គួរ​ឲ្យ​កត់សម្គាល់។ ទន្ទឹម​នឹង​នេះ វិស័យ​នេះ​ត្រូវ​បាន​អ្នក​ជំនាញ​ លោកស្រី អាន សុធីតា នាយិកា​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន CBRE Cambodia ព្យាករណ៍​ថា នា​រយៈពេល​១០ឆ្នាំ​ខាង​មុខ​ភាគច្រើន​នៃ​ប្រជាជន​ដែល​នៅ​រាជធានី​ភ្នំពេញ​នឹង​មាន​ខន់ដូរ​រស់នៅ​ផ្ទាល់​ខ្លួន។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី  «ទុន​គំនិត​នៃ​ការ​ស្វែងយល់​ពី​សេដ្ឋកិច្ច​ក្នុង​វិស័យ​អចលនទ្រព្យ​» កាល​ពី​ពេល​កន្លង​ទៅ។

រូបភាព Sabay

(រូបភាពSabay)

លោកស្រី សុធីតា បាន​លើក​ឡើង​បន្ត​ថា បច្ចុប្បន្ន​ប្រជាជន​ខ្មែរ​ភាគ​ច្រើន​ហាក់​ចាប់​និយម​លើ​ការ​ទិញ​ផ្ទះ​ល្វែង​ ផ្ទះ​បូរី ឬ​ផ្ទះវីឡា​ជា​ដើម ដោយ​សារ​តែ​ផ្ទះ​ប្រភេទ​នេះ​មាន​ទំហំ​ធំ​អាច​ឲ្យ​គាត់​ស្នាក់​នៅ​ជា​មួយ​សមាជិក​គ្រួសារ​ច្រើន​បាន។ ប៉ុន្តែ​ ទៅ​ថ្ងៃ​អនាគត​នៅ​ពេល​ដែល​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ពង្រីក គម្រោង​ផ្ទះ​ទាំង​នោះ​នឹង​មាន​ចម្ងាយ​កាន់​តែ​ឆ្ងាយ​ពី​តំបន់​កណ្ដាល​ក្រុង បូក​រួម​នឹង​តម្លៃ​ខ្ពស់​ផង នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ងាក​មក​ជ្រើសរើស​ការ​រស់នៅ​ខុនដូរ​វិញ។

រូបភាព La Reine Media

(រូបភាព La Reine Media)

ទន្ទឹម​នឹង​ការ​លើក​ឡើង​ខាង​លើ អ្នក​ជំនាញ​ខាង​វាយ​តម្លៃ​អចលនទ្រព្យ​មួយ​រូប​ទៀត​គឺ​លោក ហឹម សីហា នាយក​ស្រាវជ្រាវ​ក្រុមហ៊ុន VTrust Appraisal  ក៏​បាន​ព្យាករណ៍​ដែរ​ថា រយៈពេល​៣០​ឆ្នាំ​ទៅ​មុខ​ទៀត​ ពី​ផ្ទះ​បុរី​ឬ​ផ្ទះ​ល្វែង​ទៅ​កាន់​តំបន់​កណ្ដាល​ក្រុង​ភ្នំពេញ​យ៉ាង​ហោច​ណាស់​ក៏​មាន​ចម្ងាយ​ពី​២០​ទៅ​៣០​គីឡូម៉ែត្រ​ដែរ ប៉ុន្តែ​ដោយ​សារ​តែ​ពលរដ្ឋ​មាន​ការងារ​នឹង​មុខរបរ​នៅ​តំបន់​កណ្ដាល​ក្រុង ដូច្នេះ​លោក​គិត​ថា របត់​នៃ​តម្រូវ​ការ​របស់​ពួកគាត់​អាច​នឹង​ផ្លាស់ប្ដូរ​មក​លើ​ទីផ្សារ​ខុនដូរ​វិញ។

គួរ​បញ្ជាក់​ដែរ​ថា កាល​ពី​ឆ្នាំ​២០១៨​ ខុនដូរ​នៅ​កម្ពុជា​មាន​ចំនួន​ ១៤,០០០យូនីត ដែល​ចំនួន​នេះ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​បន្ត​កើន​ដល់​ ២៧,០០០យូនីត ឯណោះ​នៅ​ក្នុង​ឆ្នាំ​២០១៩៕

ដោយ៖ ជួប ស្រីរ័ត្ន