CDCអនុម័ត​គម្រោង​រោងចក្រ​២​ ក្នុងខេត្តកណ្ដាល​ក្នុង​ទំហំ​ទុន​ជាង​១២លានដុល្លារ​



គម្រោង​រោងចក្រ​ផលិត​កាបូប និង​រោងចក្រ​សំលៀក​បំពាក់ នា​ខេត្ត​កណ្ដាល ក្នុង​ទំហំ​ទុន​ ១២,៦លានដុល្លារ​អាមេរិក​ ត្រូវ​បាន​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ EHM EASYHOME MANUFACTURING CO., LTD. និង​ក្រុមហ៊ុន YNTEX CO., LTD. តាម​រយៈ​គម្រោង​នេះ​អាច​ផ្ដល់​ការងារ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​តំបន់​បាន​រហូត​ដល់​ ៥.៤១៦កន្លែង។

ក្រុមហ៊ុន “EHM EASYHOME MANUFACTURING CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​ប្រអប់​ដាក់​ឥវ៉ាន់ (ពីក្រណាត់) ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ ភូមិជើងអក ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មាន​ទុន​វិនិយោគ​ប្រមាណ៦,៩លានដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣.៤៩៧នាក់។

ក្រុមហ៊ុន “YNTEX CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ផ្សារ​ដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល មាន​ទុន​វិនិយោគ​ប្រមាណ​៥,៧លាន ដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៩១៩នាក់៕

ដោយ៖ ជួប ស្រីរ័ត្ន