ភ្នាក់ងារ​អភិវឌ្ឍ​បារាំង​បង្ហាញ​​បំណង​ចង់​វិនិយោគ​ប្រព័ន្ធ​ទឹក​ស្អាត​នៅ​ព្រះសីហនុ​



ដោយ​សម្លឹង​ឃើញ​ពី​សក្ដានុពល​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​កំពុង​មាន​សន្ទុះ​អភិវឌ្ឍ​កើន​ឡើង​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​ បូក​រួម​នឹង​ការ​កើន​ឡើង​នៃ​ចំនួន​ប្រជាពលរដ្ឋ​ផង បាន​ធ្វើ​ឲ្យ​ភ្នាក់ងារ​អភិវឌ្ឍ​បារាំង​ដែល​សហការ​ជា​មួយ​កម្ពុជា​ លើ​គម្រោង​ទឹក​ស្អាត​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប មាន​បំណង​ចង់​មក​វិនិយោគ​ទឹក​ស្អាត​នៅ​ខេត្ត​ព្រះសីហនុ​បន្ថែម។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី  លោកជំទាវ EVA NGUYEN BINH ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា នៅ​ក្នុង​ជំនួប​ជា​មួយ​ជា​មួយ​ឯកឧត្ដម គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃទី៥ ខែ​វិច្ឆិកា ឆ្នាំ២០១៩ កន្លង​ទៅ ។ 

នៅ​ក្នុង​ឱកាស​នៃ​ជំនួប​នោះ​ដែរ ឯកឧត្ដម គួច ចំរើន មាន​ប្រសាសន៍​លើក​ឡើង​ថា កម្ពុជា និង​បារាំង​មាន​ទំនាក់​ទំនង​ការទូត​ជា​ប្រវត្តិសាស្ត្រ មក​ដល់​បច្ចុប្បន្ន​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ល្អ​ប្រសើរ ។ សម្រាប់​ខេត្ត​ព្រះសីហនុ​ ក៏​មាន​សមិទ្ធផល​ជា​ច្រើន​ផង​ដែរ​ដូច​ជា ទំនប់​ប៊ុលឌែ នៅ​ស្រុក​ព្រៃនប់​ មាន​សារៈសំខាន់​ណាស់​សម្រាប់​ឱ្យ​ប្រជា​កសិករ​ធ្វើ​កសិកម្ម​លើ​ផ្ទៃដី ១៥.០០០ហិចតា, តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ និង​កោះ​ឬស្សី ដែល​ជា​គម្រោង​វិនិយោគ​របស់​បារាំង​ ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ខេត្តព្រះសីហនុ អភិវឌ្ឍ​ដោយ​សហគ្រាស​បារាំង​ជា​ដើម។

ជាចុងក្រោយ​ ឯកឧត្តម អភិបាលខេត្ត បាន​ថ្លែង​អំណរ​គុណ លោក​ជំទាវ EVA NGUYEN BINH ឯកអគ្គរដ្ឋទូត​បារាំង​ដែល​បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​ខេត្ត​ព្រះសីហនុ និង​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​បារាំង​បន្ត​គាំទ្រ​សន្តិភាព​នៅ​កម្ពុជា ដើម្បី​ការអភិវឌ្ឍន៍ និង​ការ​រស់នៅ​ប្រកប​ដោយ​សុខ​ដុមរម្យនីយកម្ម។

គួរ​បញ្ជាក់​ផង​ដែរ​ថា​កាល​ពី​ពេល​ថ្មីៗ​កន្លងទៅ​ ក្រសួង​បាន​ប្រកាស​ថា​គ្រោង​នឹង​ចំណាយ​ថវិកា​សរុប​ប្រមាណ ៥៥,៦៣លានដុល្លារអាមេរិក សម្រាប់​គាំទ្រ​យុទ្ធសាស្ត្រ​ផ្គត់ផ្គង់​ទឹក​ស្អាត​អនាម័យ និង​អនាម័យ​ជនបទ សម្រាប់​ឆ្នាំ ២០១៤-២០២៥ និង​ផែនការ សកម្មភាព​សម្រាប់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​អនាម័យ​ជនបទ​ ឆ្នាំ​២០១៩-២០២៣៕

ដោយ៖ ជួប ស្រីរ័ត្ន