៦ ចំណុចគួរឲ្យចាប់អារម្មណ៍ដែលអ្នកអាច​មិនបានដឹងពីទីក្រុងឌូបៃ​



មនុស្សជាច្រើនយល់ថា ឌូបៃជាអាណាចក្រទីក្រុងទេសចរណ៍ធំបំផុតមួយនៅក្នុងចំណោមគោលដៅទេសចរណ៍ធំជាងគេបំផុតនៅលើពិភពលោក។ ជាមួយនឹងចំនួនអ្នកទេសចរ ១៦ លាននាក់ចូលមកទស្សនាក្នុងឆ្នាំ ២០១៨ កន្លងទៅ វាបានជាប់ឈ្មោះជាទីក្រុងទេសចរណ៍ពេញនិយមជាងគេបំផុតទី៤នៅលើពិភពលោក។ 

បើយោងតាមសន្ទស្សន៍គោលដៅទេសចរណ៍សាកលលោក (Mastercard's Global Destination Cities Index) វិញបានអះអាងថា ឌូបៃក៏ជាប់ឈ្មោះជាទីក្រុងដែលមានអ្នកទេសចរចាយវាយច្រើនជាងគេបំផុតរហូតដល់ទៅ ៣១ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ទីក្រុងនេះមានភាពល្បីល្បាញដោយសារភាពសំបូរបែបនៃវប្បធម៌របស់វា កន្លែងកម្សាន្តទំនើបៗ  សំបូរអគារខ្ពស់ស្កឹមស្កៃខ្ពស់ជាងគេបំផុតក្នុងលោក ការទិញទំនិញនៅតាមហាងទំនើបៗ និងជំនួញជាដើម។

ដោយសារតែចំណុចពិសេសរបស់ទីក្រុងនេះ ថ្ងៃនេះអ្នកទាំងអស់គ្នាអាចស្គាល់កាន់តែច្បាស់ថា តើទីក្រុងនេះមានអ្វីគួរឲ្យចាប់អារម្មណ៍ខ្លះ?

១.ឌូបៃជាទីក្រុងមួយ មិនមែនជាប្រទេសទេ
បើនិយាយឲ្យជាក់ស្តែងពិភពលោកស្គាល់ឌូបៃច្រើនជាងស្គាល់អារ៉ាប់រួម (UAE)។ ការពិតឌូបៃគឺជារដ្ឋមួយនៅក្នុងចំណោមរដ្ឋចំនួន ៧ផ្សេងទៀតរបស់អារ៉ាប់រួមដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧១ បន្ទាប់ពីទទួលបានឯករាជ្យពីអង់គ្លេស។ ឌូបៃជាច្រកផ្លូវដ៏សំខាន់មួយរបស់ប្រទេសនេះ និងជាទីក្រុងដ៏មមាញឹកជាងគេបំផុតមួយក្នុងលោក ពោលគឺមានអ្នកដំណើរ ៨៨ លាននាក់បានឆ្លងកាត់អាកាសយាន្តដ្ឋានរបស់ខ្លួនជារៀងរាល់ឆ្នាំ។

២.មុខរបរមុជទឹករកគុជ ធ្លាប់ជាវិស័យសំខាន់បំផុតមួយរបស់អារ៉ាប់រួម
ប្រេងទើបតែរកឃើញក្នុងប្រទេសនេះក្នុងឆ្នាំ ១៩៦៦ ប៉ុណ្ណោះ។ ប៉ុន្តែមុនរកឃើញប្រេង សេដ្ឋកិច្ចក្នុងស្រុកពឹងពាក់ខ្លាំងលើមុខរបររកគុជដែលវាធ្លាប់ជាភូមិនេសាទតូចមួយប៉ុណ្ណោះ។ ក៏ប៉ុន្តែនៅ ពេលបច្ចុប្បន្ន ប្រេងជាវិស័យសំខាន់ជាងគេដែលខ្លួនមានសមត្ថភាពផលិតបានដល់ទៅ ៨៤ ០០០ បារ៉ែលក្នុងមួយថ្ងៃ ខណៈដែលទំហំ GDP របស់ស្តេចប្រេងមួយនេះមានរហូតដល់ទៅ ៤១៤ ពាន់លានដុល្លារ។

៣.ប៉ុន្តែការអភិវឌ្ឍយ៉ាងលឿនរហ័សរបស់ទីក្រុងនេះមិនមែនពឹងលើប្រេងទាំងស្រុងនោះទេ
វិស័យអាជីវកម្ម ៩០% នៅក្នុងទីក្រុងឌូបៃគឺចេញមកពីវិស័យជាច្រើនដូចជា ការដឹកជញ្ជូន សេវាកម្មហិរញ្ញវត្ថុ អចលនទ្រព្យ សំណង់ និងវិស័យឧស្សាហកម្មជាដើម។ របាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ជាប់ចំណាត់ថ្នាក់ទី ២៥ ជាទីក្រុងប្រកួតប្រជែងជាងគេបំផុតក្នុងលោកលើភាពច្នៃប្រឌិតថ្មី កម្មករជំនាញ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

៤.ប្រជាជនភាគច្រើនមានវ័យក្រោម ៣៥ឆ្នាំ
ប្រជាជននៅឌូបៃភាគច្រើនជាយុវជនដែលមានសក្តានុពល។ ៦០% អ្នកដែលរស់នៅទីក្រុងនេះ គឺមានអាយុក្រោម ៣៥ឆ្នាំ ហើយវាត្រូវបានគេចាត់ទុកថា ជាទីក្រុងសម័យទំនើបដែលពោរពេញទៅដោយភាពច្នៃប្រឌិតផងដែរ។ យុវជននៅទីនេះត្រូវបានផ្តល់ឱកាស និងលើកកម្ពស់យ៉ាងខ្លាំងលើគំនិតច្នៃប្រឌិតថ្មីក្នុងវិស័យអាជីវកម្មដែលទទួលបានទឹកប្រាក់វិនិយោគរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

៥.ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយ (Media) ធំៗនៅលើពិភពលោកមានទីតាំងនៅទីក្រុងនេះ
ទីក្រុងឌូបៃគឺប្រៀបបានជាសំបុកដ៏ធំមួយសម្រាប់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយធំៗមកជ្រកកោននៅទីនេះ។ គេបានចាត់ទុកទីក្រុងនេះថា ជាទីក្រុងប្រព័ន្ធផ្សព្វផ្សាយ (Media City)ពីព្រោះក្រុមហ៊ុនល្បីៗជាច្រើនដូចជា សារព័ត៌មានReuters  សារព័ត៌មានBBC សារព័ត៌មានCNN  សារព័ត៌មានCNBC  និងក្រុមហ៊ុន Sony ព្រមទាំង Showtime ជាដើមសុទ្ធតែឈរជើងនៅទីនេះ។ ក្រុមហ៊ុនភាពយន្តល្បីៗជាច្រើនដូចជាក្រុមហ៊ុន Hollywood ចាប់ផ្តើមជ្រើសរើសទីក្រុងនេះជាទីតាំងថតភាពយន្តកាន់តែច្រើនឡើងៗ។

៦.ឌូបៃមានមហិច្ឆតាចង់ក្លាយជាទីក្រុងដ៏រីករាយជាងគេបំផុតក្នុងលោក
តើសុភមង្គលអាចអាចវាស់ស្ទង់បានដែរឬទេ? សំនួរនេះទីក្រុងឌូបៃអាចធ្វើបានដោយរដ្ឋាភិបាលអារ៉ាប់រួមបានខិតខំព្យាយាមបានបង្កើតប្រព័ន្ធឌីជីថលទំនើបៗសម្រាប់វាស់ស្ទង់ចំណាប់អារម្មណ៍ ផ្សារភ្ជាប់ទៅនឹងជីវភាពរស់នៅរបស់ប្រជាជន និងអ្នកទេសចរដែលមកកាន់ទីក្រុងនេះ។  ដោយសារតែចង់ឲ្យប្រជាជនរបស់ខ្លួនមានសុភមង្គលជាងគេបំផុតទើបកាលពីឆ្នាំ ២០១៦ កន្លងទៅ រដ្ឋាភិបាលរបស់ខ្លួនបានតែងតែងលោក Ohood bint Khalfan Al Rhoumi ធ្វើជារដ្ឋមន្រ្តីក្រសួងថ្មីបំផុតក្នុងលោកគឺក្រសួងសុភមង្គល (Ministry of State of Happiness)។ 

រដ្ឋមន្រ្តីរូបនេះទទួលខុសត្រូវលើកម្មវិធីជាតិទាំងអស់ដែលគាំពារដល់ការធ្វើឲ្យប្រជាជនកាន់តែមានសុភមង្គលឡើង។ យោងតាមស្ថាប័ននេះបានរកឃើញថា គិតចាប់តាំងពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨ សុភមង្គលរបស់បុគ្គលិកធ្វើការនៅក្នុងប្រទេសនេះបានកើនឡើងដល់ទៅ ២៤% ឯណោះ៕

ប្រភព៖ Weforum