១៦​កញ្ញា ​ខាង​មុខ​នេះ​ផ្លូវ​ទាំង​៣៤ខ្សែ​នៅ​ព្រះសីហនុ​នឹង​បើក​ការដ្ឋាន​ជួសជុលនិង​សាងសង់​បន្ថែម​



ផ្លូវ​ទាំង​៣៤ខ្សែ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​មាន​ប្រវែង​សរុប​៧៤គីឡូម៉ែត្រ គ្រោង​នឹង​បើក​ការដ្ឋាន​ជួសជុល និង​សាងសង់​បន្ថែម នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ខាង​មុខ​នេះ។ ក្នុង​ចំណោម​ផ្លូវ​ទាំង ៣៤ខ្សែ ដែល​ត្រូវ​ជួសជុល​ និង​សាងសង់​បន្ថែម​នោះ រដ្ឋបាល​ខេត្ដ​បាន​រៀបចំ​ផ្លូវ​អាទិភាពចំ​នួន ២៤ខ្សែ ។ 

តាម​ប្រសាសន៍​ឯកឧត្ដម​ គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ បាន​លើក​ឡើង​ថា ផ្លូវ​ទាំង​៣៤​ខ្សែ​នេះ គ្រោង​នឹង​ប្រើ​រយៈពេល​ក្នុង​ការ​សាងសង់​៨ខែ ក្រោម​ការ​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ និង​អង្គភាព​ចំនួន​៧។ ជា​មួយ​នេះ​ដែរ ឯកឧត្តម អភិបាល បាន​ស្នើ​ប្រជាពលរដ្ឋ​ទូទៅ​ជាពិសេស​អ្នក​រស់នៅ​តាម​ដង​ផ្លូវ​ទាំ​៣៤ខ្សែ​ផ្ទាល់ សូម​សហការ​ជា​មួយ​ក្រុម​ការងារ​ស្ថាបនា​ដើម្បី​ងាយស្រួល​ក្នុង​ការ​បំពេញ​ការងារ។ 

ក្នុង​នោះ​ផង​ដែរ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ៍កម្ម និង​សំណង់ បាន​មាន​ប្រសាសន៍​ថា ត្រូវ​រៀបចំ​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុង ខេត្ដ​ព្រះសីហនុ​ ពិសេស​ប្រព័ន្ធ​គមនាគមន៍ (ផ្លូវ) ឲ្យ​ល្អ​ប្រសើរ​ឡើងវិញ​ បន្ទាប់​ពី​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​រយៈកាល​កន្លង​ទៅ​នេះ។ ការ​ស្ថាបនា​នេះ គឺជា​ការ​យក​ចិត្ដ​ទុកដាក់​ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ដោយ​បាន​អនុម័ត​កញ្ចប់​ថវិកា​ពិសេស​សម្រាប់​ការ​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ខេត្ដ​ព្រះសីហនុ​នេះ។ 

ខេត្ត​ព្រះសីហនុ រយៈពេល​ពីរ បីឆ្នាំនេះ កំពុងមានការអភិវឌ្ឍឡើងយ៉ាងគំហុក ដែល​បាន​ធ្វើ​ឲ្យ​ខេត្ដ​មាន​ការ​ប្រែ​មុខមាត់ ប៉ុន្តែ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​តែ​ម្ដង​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង​ ដែល​ទាមទារ​ឲ្យ​មាន​ការ​ជួសជុល​កែ​លម្អ​ឡើង​វិញ​ប្រកប​ដោយ​គុណភាព​ដោយ​ពង្រីក​បន្ថែម និង​សាង​សង់​ផ្លូវ​បន្ថែម ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍៕ 

ដោយ៖ ជួប ស្រីរ័ត្ន