អគ្គិសនី​បម្រុង​៤០០មេកាវ៉ាត់​សម្រាប់​ទី​ក្រុង​ភ្នំពេញ​គ្រោង​នឹង​ដំឡើង​រួចរាល់​នៅ​ចុង​ខែ​មេសា​



អគ្គិសនី​បម្រុង​សម្រាប់​ការ​ប្រើប្រាស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៤០០មេកាវ៉ាត់​ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ប្រមាណ​ជិត​៤០០លានដុល្លារ​អាមេរិក​ទិញ​ម៉ាស៊ីន​អគ្គិសនី​ពី​ប្រទេស​អាល្លឺម៉ង់​ និង​ពី​ប្រទេស​ហ្វាំងឡង់​ គ្រោង​នឹង​បញ្ចប់​ការ​រៀបចំ​និង​ដំឡើង​រួចរាល់​នា​ចុង​ខែ​មេសា​ខាង​មុខ។ នេះ​បើ​តាម​ប្រសាសន៍​លើក​ឡើង​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​វិច្ឆកា ឆ្នាំ​២០១៩ នា​ឱកាស​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ  «ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣ »។

សម្ដេច​ ហ៊ុន សែន​  មាន​ប្រសាសន៍​លើក​ឡើង​ថា​ រដ្ឋាភិបាល​បាន​ប្រើ​ថវិកា​ប្រមាណ​ជិត​៤០០លានដុល្លារ​សម្រាប់​ការ​ចំណាយ​លើ​ការ​ទិញ​ម៉ាស៊ីន​អគ្គិសនី​ពី​ប្រទេស​អាល្លឺម៉ង់​ចំនួន​២០០មេកាវ៉ាត់ និង​ប្រទេស​ហ្វាំងឡង់​ចំនួន​២០០មេកាវ៉ាត់ សរុប​ចំនួន​៤០០មេកាវ៉ាត់​ដែល​នឹង​ត្រូវ​យក​មក​ដាក់​នៅ​ទីតាំង​ស្រុកល្វាឯម ខេត្ត​កណ្ដាល ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ករណី​ខ្វះខាត​អគ្គិសនី​ប្រើប្រាស់​នៅ​ភ្នំពេញ រហូត​ទាល់តែ​អាច​ធានា​បាន​ថា​ភ្នំពេញ​មិន​ត្រូវ​កាត់​ផ្ដាច់​អគ្គិសនី​នោះ​ទេ។ 

ទន្ទឹម​គ្នា​នោះ​សម្ដេច​នាយករដ្ឋមន្ត្រី​បន្ថែម​ថា ដោយសារ​តែ​កម្រិត​ទឹក​ទាប​នៃ​ទំនប់​វារីអគ្គិសនី​កម្ពុជា​ជា​កត្តា​នាំ​ឲ្យ​មាន​ការ​ខ្វះខាត​អគ្គិសនី​សម្រាប់​ប្រើប្រាស់។ ក្នុង​នោះ​កម្ពុជា​គ្រោង​នឹង​ទិញ​អគ្គិសនី​ពី​ទំនប់​វារីអគ្គិសនី​ដនសាហ៊ុង​ប្រទេស​ឡាវ​ចំនួន​២០០មេកាវ៉ាត់​ និង​ពី​ប្រទេស​វៀតណាម​ផង​ដែរ។ កាល​ពី​ពេល​កន្លង​ទៅ​ សម្ដេច​ក៏​ធ្លាប់​មាន​ប្រសាសន៍​លើក​ឡើង​ដែរ​ថា ការ​បញ្ញា​ទិញ​អគ្គិសនី​នេះ​និង​បាន​ចុះ​កុងត្រា​ទិញ​តាំង​ពី​កំឡុង​ខែ​មិថុនា និង​កក្កដា ម្លេះ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ សម្ដេច​ក៏​បាន​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ​ដែល​មាន​ម៉ាស៊ីន​ភ្លើង​ខ្លួនឯង​ នៅ​ពេល​ដែល​មាន​ករណី​ផ្ដាច់​ភ្លើង​គឺ​ត្រូវ​ប្រើប្រាស់​ម៉ាស៊ីន​នោះ​បណ្ដោះ​អាសន្ន​សិន ទម្រាំ​រដ្ឋាភិបាល​រឹង​ដៃជើង​ដំឡើង​គ្រប់គ្រាន់​ក្នុង​កំឡុង​ខែ​ឧសភា​ឆ្នាំ​២០២០​ខាង​មុខ៕

ដោយ៖ ជួប ស្រីរ័ត្ន