សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ចសំខាន់ៗ​​ប្រចាំ​សប្ដាហ៍ក្នុងប្រទេសកម្ពុជា​



នា​ដើម​សប្ដាហ៍​នេះ​ Bizkhmer សូម​ចែក​រំលែក​នូវ​ព្រឹត្តិការណ៍​ព័ត៌មាន​សេដ្ឋកិច្ច​សំខាន់ៗ​ចំនួន​៥​ដែល​កំពុង​តែ​មាន​ឥទ្ធិពល និង​ចំណាប់​អារម្មណ៍​យ៉ាង​ច្រើន ដើម្បី​ជា​ជំនួយ​ដល់​លោកអ្នក​ក្នុង​ការ​សម្រេច​ចិត្ត​លើ​មុខ​ជំនួញ​របស់​លោក​អ្នក​។ ខាង​ក្រោម​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ព័ត៌មាន​សំខាន់ៗ​ពី​ស្ថាប័ន​ព័ត៌មាន​ដែល​គួរ​ឲ្យ​ទុក​ចិត្តក្នុងប្រទេសកម្ពុជា។

ទី១ កាល​ពី​ថ្ងៃ​ទី០៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ចេញ​ផ្សាយ​អំពី ក្រុមហ៊ុន​បារាំង​នឹង​សាងសង់​កសិដ្ឋាន​ថាមពលខ្យល់ ​នៅ​ខេត្ត​កំពត៖ រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​បារាំង Blue Circle នឹង​ចុះ​កិច្ចព្រមព្រៀង​សាងសង់​កសិដ្ឋាន​ថាមពល​ដើរ​ដោយ​កម្លាំង​ខ្យល់ (Wind Power) នៅ​ខេត្តកំពត​។ នេះ​បើ​យោង​តាម​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​។ នេះ​ជា​គម្រោង​ថាមពល​កកើតឡើង​វិញ​ដើរ​ដោយ​ថាមពលខ្យល់​លើក​ដំបូង​នៅ​កម្ពុជា ខណៈ​រដ្ឋាភិបាល​កំពុង​ព្យាយាម​ក្នុង​ការធ្វើ​ពិពិធកម្ម ប្រភព​ថាមពល ពិសេស​ថាមពល​ស្អាត ដើម្បី​សម្រេច​បាន​តាម​ទិសដៅ​នៃ​ការគ្របដណ្ដប់​តាម​ភូមិ ១០០ ​ភាគរយ​ទូទាំង​ប្រទេស​ត្រឹម​ចុង​ឆ្នាំ​ ២០២០​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ទី២ តាម​ប្រភព​ខាង​លើ កាល​ពី​ថ្ងៃ​ទី​០៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី ក្រុមហ៊ុន​អាល្លឺម៉ង់​ ចាប់​អារម្មណ៍​ការវិនិយោគ​លើ​ថាមពល​កកើត​ឡើងវិញ៖ រដ្ឋាភិបាល​កម្ពុជា​បាន​ស្វាគមន៍​ការ​វិនិយោគ​លើ​ថាមពល​កកើត​ឡើងវិញ​ពី​ប្រទេស​ អាល្លឺម៉ង់ ដែល​ជា​ការ​រួម​ចំណែក​ដល់​ការ​ផ្គត់ផ្គង់​ថាមពល​ស្អាត​នៅ​កម្ពុជា ខណៈ​តម្រូវ​ការ​បន្ត​កើន​ឡើង​ចន្លោះ​ពី ១៥ ​ទៅ​ ២០ ​ភាគរយប្រចាំ​ឆ្នាំ​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ទី៣ យោង​តាម​កាសែត កោះសន្តិភាព កាល​ពី​ថ្ងៃ​ទី០២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី តើ​តម្លៃ​អចល​ទ្រព្យ និង​តម្លៃ​ជួល​ដី​នៅ​កំពត មាន​បញ្ហា ឬទេ ​ខណៈ​ខេត្ត​ព្រះ​សី​ហនុមាន​អ្នក​ទឹកភ្នែក?៖ ការ​ទិញ​លក់ និង​តម្លៃ​អចលនទ្រព្យ​ក្នុង​ខេត្ត​កំពត ហាក់​នៅ​មានដំណើរ​ការ​ធម្មតា ខណៈ​ពេល​ដែល​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ខេត្ត​ជាប់​គ្នា​នោះ​មាន​បញ្ហា​ក្នុង​ការ​ជួល ឬ​លក់​បន្ត​ទៅ​ភាគី​ម្ខាង​ទៀត ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ភ្នាក់ងារ​អចលនទ្រព្យ​ប្រចាំ​ខេត្ត​កំពត ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ទី៤ កាល​ពី​ថ្ងៃ​ទី០៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី ៩​ខែ​ឆ្នាំនេះ ការនាំចេញ​ផ្លែ​ចេក​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន មាន​ចំនួន​សរុប​ជាង​១១,០៥​ម៉ឺន​តោន៖ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង ថា រយៈពេល​៩​ខែ ឆ្នាំ​២០១៩​នេះ កម្ពុជាបាន​ធ្វើការនាំចេញ​ផ្លែ​ចេក​ពី​កម្ពុជាកាន់​ទីផ្សារប្រទេស​ចិន មាន​ចំនួន​សរុប​ជាង​១១,០៥​ម៉ឺន​តោន ខណៈ​ផលិតផល​នេះ​ នឹង​អាច​បង្កើត​បាន​ប្រាក់ចំណូល​ខ្ពស់​ជាង​ផលិតផល​អង្ករ​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ទី៥ តាម​គេហទំព័រ Bizkhmer កាល​ពី​ថ្ងៃ​ទី០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី អគ្គិសនី​បម្រុង​៤០០មេកាវ៉ាត់​សម្រាប់​ទី​ក្រុង​ភ្នំពេញ​គ្រោង​នឹង​ដំឡើង​រួចរាល់​នៅ​ចុង​ខែ​មេសា៖ អគ្គិសនី​បម្រុង​សម្រាប់​ការ​ប្រើប្រាស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៤០០មេកាវ៉ាត់​ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ប្រមាណ​ជិត​៤០០លានដុល្លារ​អាមេរិក​ទិញ​ម៉ាស៊ីន​អគ្គិសនី​ពី​ប្រទេស​អាល្លឺម៉ង់​ និង​ពី​ប្រទេស​ហ្វាំងឡង់​ គ្រោង​នឹង​បញ្ចប់​ការ​រៀបចំ​និង​ដំឡើង​រួចរាល់​នា​ចុង​ខែ​មេសា​ខាង​មុខ។ នេះ​បើ​តាម​ប្រសាសន៍​លើក​ឡើង​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​វិច្ឆកា ឆ្នាំ​២០១៩ នា​ឱកាស​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ  «ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣ »។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ដោយ៖ ជួប ស្រីរ័ត្ន