កម្ពុជា​អាច​នឹង​បាត់បង់​ចំណូល​ប្រចាំ​ឆ្នាំ​រហូត​ជិត​២ពាន់លានដុល្លារ ប្រសិន​បើ​បាត់បង់​EBA​



កាល​ពី​ថ្ងៃ​អង្គារ ទី១២ ខែ​វិច្ឆិកា ឆ្នាំ២០១៩​កន្លង​ទៅ សហភាព​អឺរ៉ុប​ បាន​បញ្ជូន​របាយការណ៍​បឋម​ស្ដី​អំពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​អំពី​ការ​រំលោភ​បំពាន​លើ​លក្ខខណ្ឌ​ EBA ក្នុង​ប្រទេស​កម្ពុជា ព្រម​ទាំង​បាន​បញ្ជាក់​ថា​នឹង​ទុក​ពេល​ឲ្យ​កម្ពុជា​ ១ខែ ដើម្បី​ឆ្លើយ​តប​មុន​ពេល​សម្រេច​ថា​ត្រូវ​ដកហូត​ EBA ពី​កម្ពុជា​ឬ​អត់ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នា​ខែ​កុម្ភៈ ឆ្នាំ​២០២០​ខាង​មុខ ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​ គណៈកម្មការ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​ខាង​ពាណិជ្ជកម្ម ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ កន្លង​ទៅ។

ជុំវិញ​នឹង​បញ្ហា​ EBAខាង​លើ លោក ង៉ែត ជូ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច បាន​លើក​ឡើង​ផង​ដែរ​ថា កម្ពុជា​មាន​រយៈពេល​១ខែ​ដើម្បី​ឆ្លើយ​តប​នឹង​របាយការណ៍​របស់​សហភាព​អឺរ៉ុប​ស្តី​អំពី​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA។ បើ​កម្ពុជា​សម្រេច​ចិត្ត​មិន​បាន​ល្អ កម្ពុជា​នឹង​ខាត​បង់​ផល​ចំណេញ​ពី​ការ​លើក​លែង​ពន្ធ​នាំ​ចេញ​ប្រមាណ​៧០០លានដុល្លាអាមេរិក ក្នុង​១ឆ្នាំៗ ឬ​ប្រមាណ​២លានដុល្លាអាមេរិក​ក្នុង​១ថ្ងៃៗ។ 

ដោយ​នេះ​មិន​ទាន់​គិត​ពី​ផល​ប៉ះពាល់​ដែល​អាច​ឈាន​ដល់​បាត់បង់​ការងារ​សម្រាប់​កម្មករ​ប្រមាណ​៨០ម៉ឺន​នាក់​ផង។ ដូច្នេះ​ប្រសិន​បើ​កម្មករ​ប្រមាណ​ជិត​១លាន​នាក់​នេះ​បាត់បង់​ការងារ​ ដោយ​គិត​តែ​ប្រាក់​ខែ​គោល​ចំនួន​១៩០ដុល្លារ​ក្នុង​មួយ​ខែ​ នោះ​ក្នុង​១ខែ​យើង​អាច​នឹង​បាត់បង់​ចំណូល​រហូត​ដល់​ ១៥២លានដុល្លារ​ ដូច្នេះ​ប្រសិន​បើ​គិត​ជា​ចំណូល​ប្រចាំ​ឆ្នាំ​គឺ​យើង​នឹង​បាត់បង់​ប្រមាណ​ជា​ ១៨៤២លានដុល្លារអាមេរិក​ឯណោះ។

អ្នក​ជំនាញ​រូប​នេះ​បាន​ឲ្យ​ដឹង​បន្ថែម​ថា​ «ចំណូល​ប្រចាំ​ឆ្នាំ​ប្រមាណ​ ១៨៤២លានដុល្លារ​អាមេរិក​នេះ​ បើ​យើង​ប្រៀបធៀប​ជា​មួយ​ចំណូល​ជាតិ​សរុប​ (GDP) ដែល​មាន​ចំនួន​ជាង​២៤ពាន់លានដុល្លារ គឺ​ស្មើ​នឹង​ ៧.៥ភាគរយ។ ដូច្នេះ​បើ​យើង​គិត​ត្រឹម​តែ​ការ​បាត់បង់​ចំណូល​របស់​កម្មករ​នៅ​ក្នុង​វិស័យ​កាត់ដេរ​ ដោយ​មិន​គិត​ពី​ការ​បាត់​បង់​ចំណូល​នឹង​ការ​នាំ​ចេញ​ផលិតផល​សំលៀកបំពាក់​ និង​ស្បែក​ជើង​ជា​ដើម គឺ​ស្មើ​នឹង​ ៧.៥ភាគរយ ​នៃ​ទំហំ​សេដ្ឋកិច្ច​ជាតិ​ទាំង​មូល ដូច្នេះ​យោង​តាម​ទិន្នន័យ​ខាង​លើ​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ប្រសិន​បើ​ឈាន​ដល់​ដំណាក់​កាល​នេះ នោះ​សេដ្ឋកិច្ច​កម្ពុជា​នឹង​មិន​មាន​កំណើន​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​នឹង​មាន​ការ​ធ្លាក់​ចុះ​ជា​គំហុក​តែ​ម្ដង»

បើ​តាម​អ្នក​ស្រី Cecilia Malmstrom ឧត្ដម​ស្នងការសហភាព​អឺរ៉ុប​ទទួល​បន្ទុក​ខាង​ពាណិជ្ជកម្ម បាន​សរសេរ​លើ​បណ្ដាញ​ Twitter ​របស់​លោក​ស្រី​ថា៖ គណៈកម្មការ​អឺរ៉ុប​បាន​បញ្ចប់​របាយការណ៍​របស់​ខ្លួន​ស្ដី​អំពី​ការ​ព្យួរ​ជា​បណ្ដោះ​អាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA សម្រាប់​កម្ពុជា។ យើង​បារម្ភ​ខ្លាំង​ណាស់​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ឥឡូវ កម្ពុជា​មាន​ពេល​មួយ​ខែ ដើម្បី​ឆ្លើយ​តប មុន​ពេល​​សេចក្ដី​សម្រេច​ចិត្ត​ចុងក្រោយដែលនឹង​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២០។

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​គឺជា​ប្រទេស​ទទួល​ផល​ប្រយោជន៍​ធំ​បំផុត​ទីពីរ ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «មុខ​ទំនិញ​គ្រប់​យ៉ាង លើកលែង​តែ​អាវុធ» ឬ​ហៅ​កាត់​ថា EBA នេះ។ ​កាល​ពី​ឆ្នាំ​២០១៨ កម្ពុជា​នាំ​ចេញ​ទំនិញ ដែល​ភាគច្រើន​បំផុត​ជា​សំលៀក​បំពាក់​កាត់ដេរ និង​ស្បែកជើង ដែល​មាន​ទំហំ​ទឹក​ប្រាក់​រហូត​ដល់ ៥,៣​ពាន់​លាន​អឺរ៉ូ ឬ​ប្រហែល ៥,៨៤ពាន់លានដុល្លារអាមេរិក ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ដោយ​ពុំ​មាន​ជាប់​ពន្ធ៕

ដោយ៖ ជួប ស្រីរ័ត្ន