មកស្គាល់ រោងចក្រផលិតស៊ីម៉ង់តិ៍របស់កម្ពុជាទាំង៥ ដែលអាចផលិតស៊ីម៉ងតិ៍បានរហូតដល់ ៨លានតោនក្នុងមួយឆ្នាំ​



ភ្នំពេញ៖ ស្របពេលដែលកម្ពុជា ទទួលបានកំណើនវិនិយោគលើវិស័យសំណងកើនឡើងយ៉ាងលឿនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យនេះ ត្រូវបានគេមើលឃើញថា បានធ្វើអោយតម្រូវការផ្នែកសំណង់ក៏មានការកើនឡើងយ៉ាងច្រើនផងដែរ ដោយក្នុងនោះផលិតផលស៊ីម៉ងតិ៍ គឺជារបស់សំខាន់មួយដែលមិនអាចខ្វះបាន។

ទន្ទឹមនឹងការកើនឡើងនេះ កម្ពុជា ត្រូវការនាំចូលនូវសំភារសំណង់យ៉ាងច្រើនពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការក្នុងស្រុក ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិនិយោគិនក្នុងស្រុក បានសហការគ្នាជាមួយនឹងអ្នកជំនាញក្រៅប្រទេស បាននាំមកនូវការវិនិយោគលើរោងចក្រផលិតស៊ីម៉ង់តិ៍ សម្រាប់បំពេញតម្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចូលពីទីផ្សារក្រៅប្រទេស ។

គិតមកទល់បច្ចុប្បន្ននេះ កម្ពុជា បានបង្កើតអោយមានជារោងចក្រផលិតស៊ីម៉ង់តិ៍ ផ្ទាល់ខ្លួន បានចំនួនប្រាំទីតាំងក្នុងទីដីខេត្តកំពត និងបាត់ដំបង ដោយរោងចក្រទាំងប្រាំនេះ មានសមត្ថភាពផលិតស៊ីម៉ងតិ៍ បានរហូតដល់ ៨លានតោនក្នុងមួយឆ្នាំ ជាមួយនឹងឱកាសការងារជាច្រើនពាន់កន្លែង និងកាត់បន្ថយការនាំចូលស៊ីម៉ង់តិ៍ ហើយបានធ្វើអោយកម្ពុជាចំណេញថវិការពីការនាំចូលស៊ីម៉ង់តិ៍ បានរហូតដល់៥០០លានដុល្លារក្នុងមួយឆ្នាំផងដែរ។

ខាងក្រោមនេះ ជាឈ្មោះរោងចក្រទាំង៥របស់កម្ពុជា៖

១៖ រោងចក្រស៊ីម៉ង់តិ៍កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) មានទីតាំងនៅស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ។

២៖ រោងចក្រស៊ីម៉ងតិ៍កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd) មានទីតាំងនៅស្រុកកំពត ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ១,១លានតោនក្នុងមួយឆ្នាំ។

៣៖ រោងចក្រស៊ីម៉ង់តិ៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation) មានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ។

៤៖ រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត មានទីតាំងស្ថិតនៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានសមត្ថភាពផលិតស៊ីម៉ង់តិ៍ បានជិត ២លានតោនក្នុងមួយឆ្នាំ។

៥៖ រោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង ស្ថិតនៅស្រុកដងទុង ខេត្តកំពត មានសមត្ថភាពផលិតស៊ីម៉ង់តិ៍ បានជិត ១លានតោនក្នុងមួយឆ្នាំ៕