ចិនក្លាយជាទីផ្សារនាំចេញអង្ករធំរបស់កម្ពុជា ក្នុងរយៈពេល១០ខែដំបូងឆ្នាំ២០១៩នេះ​



ភ្នំពេញ៖ ចិន បានក្លាយជាទីផ្សារនាំចេញអង្ករធំរបស់កម្ពុជាក្នុងរយៈពេល១០ខែដំបូងឆ្នាំ២០១៩នេះ ដោយកម្ពុជាបាននាំចេញអង្ករប្រមាណ១៨ម៉ឺនតោនទៅកាន់ប្រទេសចិន កើនឡើង ៤៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ។

បើយោងតាមប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយសម្រាប់អង្ករកម្ពុជា ខណៈដែលការនាំចេញទៅប្រទេសចិនមានចំនួន ៤០% នៃការនាំចេញអង្ករសរុបរបស់កម្ពុជា ហើយនៅឆ្នាំនេះ កម្ពុជារំពឹងថានឹងនាំចេញអង្ករសរុបឲ្យបាន ២៥០,០០០ ទៅកាន់ប្រទេសចិន ដោយបច្ចុប្បន្នអង្ករកម្ពុជាកំពុងមានទីផ្សារច្រើន នៅក្នុងប្រទេសចិន ។

ទន្ទឹមនឹងនេះរបាយការណ៍ដដែលក៏បានបង្ហាញផងដែរថា ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ចំណែកទីផ្សារសហភាពអឺរ៉ុបធ្លាក់ចុះពី ៣៤% ។ ជាក់ស្ដែងក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករសរុប ៤៥៧,៩៤០ តោនទៅកាន់ក្រៅប្រទេស កើនឡើង ៥.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកឧកញ្ញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលទើបនឹងជាប់ការបោះឆ្នោតអាណត្តិថ្មីនេះ បានលើកឡើងថា ដើម្បីសម្រេចឲ្យបានការនាំចេញស្រូវអង្ករឲ្យបាន១លានតោនតាមផែនការ សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវការថវិកាប្រមាណជា២០០លានដុល្លារបន្ថែម ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ និងធ្វើឃ្លាំងស្តុបស្រូវ ។

លោកឧកញ្ញ៉ា សុង សារ៉ន បានឲ្យដឹងថា បច្ចុប្បន្ន ការនាំចេញអង្ករ មានចំនួនជាង៦០ម៉ឺនតោន ដោយទទួលបានចំណូលប្រហែលជាង៤០០លានដុល្លារ ហើយសហព័ន្ធចង់សម្រេចឲ្យបានការនាំចេញឲ្យបានចំណូល៨០០-១០០០លានដុល្លារ ក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ។

គួរបញ្ជាក់ថា បន្ទាប់ពីសហភាពអឺរ៉ុប សម្រេចយកពន្ធលើការនាំចូលអង្ករកម្ពុជា  កាលពីខែមករានេះ ប្រទេសចិនបានយល់ព្រម  ក្នុងការបង្កើនកូតានាំចូលអង្ករពីកម្ពុជារហូតដល់ ៤០ម៉ឺនតោននៅឆ្នាំក្នុងនេះ ដោយកាលពីឆ្នាំមុនត្រឹមតែ ៣០ម៉ឺនតោន ហើយប្រទេសវៀតណាម ក៏បានយល់ព្រមក្នុងការបន្តផ្តល់កូតាឲ្យកម្ពុជានាំចូលអង្ករចំនួន ៣០ម៉ឺនតោនផងដែរ៕

ដោយ៖ ស្រីពេជ្រ

X
5s