ខេត្តព្រះសីហនុ៖ វិស័យសំណង់នៅតែបន្តកើនឡើងគិតត្រឹមខែវិច្ឆិកា​ឆ្នាំ២០១៩​



លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លើកឡើងថា ខេត្តព្រះសីហនុជាតំបន់ប៉ូលអភិវឌ្ឍជាតិមួយដ៏សំខាន់នៅតំបន់ឆ្នេរសមុទ្រកម្ពុជា និងជាខេត្តដែលមានសក្តានុពល សេដ្ឋកិច្ចខ្ពស់ក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរណ៍។ ទន្ទឹមគ្នានេះ  ការវិនិយោគលើវិស័យអចលនទ្រព្យ រួមមាន សំណង់អគារទំនើបៗខ្ពស់ៗ មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ និងមណ្ឌលកម្សាន្តគឺកំពុងកើនឡើងខ្លាំងនាប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ។

ការថ្លែងពីសំណាក លោក គួច ចំរើន ត្រូវបានធ្វើ​ឡើងនៅក្នុងពិធីសម្ពោធបើក ឱ្យដំណើរការជាផ្លូវការនៃសណ្ឋាគារ និងមណ្ឌលកម្សាន្ត ឌុនហ័ង (DOUNHUANG) កាលពី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

នាឱកាសនោះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានឱ្យដឹងថា សន្ទុះរីកចម្រើននៅក្នុងខេត្តនេះ ពិសេសលើវិស័យអចលនទ្រព្យ គឺដោយសារតែការធានាបាននូវស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ និងទំនុកចិត្តពីអ្នកវិយោគផ្ទាល់។

លោកក៏បានឱ្យដឹងដែរថា ខេត្តព្រះសីហនុវិស័យសំណង់កំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងគំហុកគួរឱ្យកត់សម្គាល់ ក្នុងនោះទិន្នន័យសំណង់ បើគិតចាប់ពីឆ្នាំ២០១៧ ដល់ខែវិចិ្ឆកា ឆ្នាំ២០១៩ មានចំនួន ១,០៧៦ គម្រោង អគារកម្ពស់ចាប់ពី ៥ ជាន់ ដល់ ៤៥ ជាន់ មានចំនួន ៨០១ គម្រោង។

ទេសចរណ៍ និងសេវាកម្មទេសចរណ៍

ជាមួយគ្នានោះ លោក គួច ចំរើន ក៏បានឱ្យដឹងថា ក្នុងរយៈពេល ១០ ខែ ឆ្នាំ២០១៩ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរណ៍សរុបចំនួនជិត ២ លាននាក់ កើនឡើង ១០.៦២% ក្នុងនោះ ភ្ញៀវជាតិ ជាង ១ លាន ២ សែននាក់ និងភ្ញៀវអន្តរជាតិជាង ៧៣ ម៉ឺននាក់ ។

លោកបន្តថា ក្នុងនោះដែរ បើពិនិត្យមើលមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍វិញ គិតត្រឹមខែតុលា ឆ្នាំ២០១៩ មានចំនួនសរុប ៨៨០ កន្លែង ក្នុងនោះសណ្ឋាគារ ១០៨ កន្លែង ស្មើនឹង ៧,១៦២ បន្ទប់ ផ្ទះសំណាក់ ២៣៧ កន្លែង ស្មើនឹង ២,៩៣៦ បន្ទប់ បឹងហ្គាឡូចំនួន ៣១ កន្លែង ស្មើនឹង ៤៣១ បន្ទប់ ភោជនីយដ្ឋាន ៣១៣ កន្លែង ស្មើនឹង ១៣,៨៣៣ តុ និងសេវាកម្មផ្សេងៗជាច្រើនទៀត។

តាមរយៈរបាយការណ៍ខាងលើ លោក បានអះអាងថា នេះពិតជាសមិទ្ធផលថ្មីមួយទៀត របស់ខេត្តព្រះសីហនុ ដែលបានឆ្លុះបញ្ចាំងនូវការលូតលាស់ទៅមុខឥតឈប់ឈរ នៃវិស័យឯកជននៅកម្ពុជា ជាពិសេស ការទាក់ទាញអ្នកវិនិយោគតែម្តង៕  

ដៃគូសហការ៖ www.realestate.com.kh