កម្ពុជានិងមីយ៉ាន់ម៉ា នឹងជំរុញឲ្យមានការហោះហើរត្រង់រវាងគ្នាឡើងវិញ ដើម្បីជំរុញទំហំពាណិជ្ជកម្ម​



ភ្នំពេញ៖ កម្ពុជានិងមីយ៉ាន់ម៉ា នឹងជំរុញឲ្យមានការហោះហើរត្រង់រវាងគ្នាឡើងវិញ ដើម្បីបង្កើនទំនាក់ទំនងការទូត ពាណិជ្ជកម្ម វប្បធម៌ និងវិស័យទេសចរណ៍ ស្របពេលខួបនៃការទំនាក់ទំនងការទូត៦៥ឆ្នាំ ដែលនឹងធ្វើឡើងនៅឆ្នាំក្រោយ។

បើតាមប្រសាសន៍ ឯកឧត្តម ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា នៅឆ្នាំក្រោយ គឺជាខួបទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាគ្នា ក្នុងការធ្វើយ៉ាងណា រិះរកដើម្បីជំរុញទំហំពាណិជ្ជកម្ម ជំរុញកិច្ចសហប្រតិបត្តិការ ខាងវិស័យវប្បធម៌ វិស័យទេសចរណ៍។

ឯកឧត្តមបន្តថា ភាគីទាំងពីរ ក៏ធ្លាប់មានកិច្ចព្រមព្រៀងមួយចំនួន ហើយខិតខំអនុវត្ត ជាពិសេសជំរុញការហោះហើរត្រង់ បើទោះបីជាកន្លងមក កម្ពុជា មីយ៉ាន់ម៉ា ធ្លាប់មានការហោះហើរត្រង់ក៏ដោយ តែដោយសារមិនមានភ្ញៀវគ្រប់គ្រាន់ ក៏ត្រូវបានផ្អាកទៅវិញ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៉ីប៉ាស៉ីហ្វិក ឆ្នាំ២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ឯកឧត្តមបញ្ជាក់ថា  ភាគីកម្ពុជា ក៏បានស្នើឲ្យជំរុញការផ្លាស់ប្តូរនិស្សិត តាមរយៈការផ្ដល់អាហារូបករណ៍ គ្នាទៅវិញទៅមក។ កន្លងមក ក្នុងការបំពេញទស្សនកិច្ច របស់លោកស្រី អុងសាន ស៊ូជី, រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាហារូបករណ៍ ដល់មីយ៉ាន់ម៉ាចំនួន១០ ហើយសូមឲ្យភាគីមីយ៉ាន់ម៉ា ពិនិត្យឆ្លើយតប ដើម្បីឲ្យមានកិច្ចព្រមព្រៀងជាមួយគ្នា លើបញ្ហានេះ។

យោងតាមរបាយការណ៍ផ្លូវការ របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងប្រទេសមីយ៉ាន់ម៉ានៅមានកម្រិតតិចតួចនៅឡើយ ដោយរយៈពេល៣ឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មនៃ ប្រទេសទាំង២មានជិត២០លានដុល្លារ ហើយឆមាសទី១ឆ្នាំ២០១៨កន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា-មីយ៉ាន់ម៉ាមាន៤.៥៣លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន៨៦ម៉ឺនដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាមាន៣.៦៧លានដុល្លារ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ភាគីទាំងពីរ ក៏បានបង្ហាញជំហររួមគ្នា ក្នុងការពង្រឹង និងពង្រីក នូវទំនាក់ទំនង បន្ថែមទៀត និងកិច្ចសហប្រតិបត្តិការទ្វេរភាគី ពិសេសក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម អោយកើនឡើងកាន់តែច្រើនបន្ថែម៕

ដោយ៖ ស្រីពេជ្រ