ខេត្តកំពត កំពូលដួងចិត្តអួតពីសម្រស់និងបង្ហាញពីសក្ដានុពលរបស់ខ្លួន​



ខេត្តកំពតធ្លាប់តែមានសភាពស្ងប់ស្ងាត់ប៉ុន្តែបច្ចុប្បន្នវាបង្ហាញពីសក្ដានុពលរបស់ខ្លួនដល់ទាំងក្រុមហ៊ុនវិនិយោគជាតិ និងអន្តរជាតិដែលទាក់ទាញការវិនិយោគរាប់ពាន់លានដុល្លារនៅទីនោះ។​ ខេត្តកំពតត្រូវបានគេចាត់ទុកថាជាខេត្តមួយក្នុងចំណោមខេត្តដែលជាប់តំបន់សមុទ្រទាំងបួនដែលមានសក្តានុពល។

លោក ពីង សិរី នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Cambodia Angkor Real Estate បាននិយាយថាខេត្តកំពតមានសក្ដានុពលយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរ និងពាណិជ្ជកម្មពីព្រោះទីតាំង និងបរិយាកាសរបស់វាជាកន្លែងដែលមានលំហូទន្លេប្រសព្វទៅនឹងសមុទ្រ នេះបើធៀបទៅខេត្តដែលជាប់ឆ្នេរសមុទ្រដ៏ទៃទៀត។ លោកបាននិយាយទៀតថាទីផ្សារនៃការពុះចែកដីលក់នៅក្នុងខេត្តក៏មានលក្ខណៈប្រសើរពីព្រោះវាស្ថិតនៅជិតសមុទ្រហើយការលក់គម្រោងកើនឡើងដល់ប្រមាណ៩០%ដែរ។

ក្រុមហ៊ុន Cambodia Angkor Real Estate មានដីឡូត៏ពុះលក់នៅទីនោះដែលទំហំដីគម្រោងសរុបមាន ចំនួន ៤ ហិចតាក្នុងទំហំទឹកប្រាក់វិនិយោគជិត៤លានដុល្លារ។ គម្រោងដីនេះមានទីតាំងស្ថិតនៅឃុំចង់គ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ ពួកគេក៏មានដីឡូត៏លក់សម្រាប់សាងសង់វីឡាផងដែរដែលមានតម្លៃ ៥២,០០០ ដុល្លារក្នុងមួយឡូត៏។

ក្នុងតំបន់ដែលមានសក្ដានុពលនេះក្រុមហ៊ុនរបស់លោកបានសហការជាមួយក្រុមហ៊ុនដៃគូមកពីប្រទេសម៉ាឡេស៊ីហើយបានសម្រេចវិនិយោគរួមគ្នាក្នុងទឹកប្រាក់ប្រហែល១លានដុល្លារលើគម្រោងការពុះដីឡូត៏លក់ក្នុងគម្រោងថ្មីនេះក្នុងតម្លៃចន្លោះពី ៣,៨៦១ ដុល្លារឡើងទៅ។

ក្រៅពីគម្រោងខាងលើក្រុមហ៊ុន Pallas Group របស់លោក ឧកញ៉ា ទ្រី ភាព ក៏បានចាប់ផ្ដើមសាងសង់ផែអន្តរជាតិមួយក្នុងខេត្តមួយនេះផងដែរក្នុងការសហការជាមួយអាជ្ញាធរខេត្តកំពតនិងក្រសួងទេសចរ ក្រោមជំនួយពីធនាគារអភិវឌ្ឍន៏អាស៊ីហើយក៏កំពុងតែ សាងសង់ផែទេសចរណ៍មួយក្នុងទឹកប្រាក់ប្រហែល១០លានដុល្លារក្នុងតំបន់នោះផងដែរដែលគម្រោងនោះមានឈ្មោះថា “ត្រើយកោះ” ដែលសាងសង់ឡើងដើម្បី ទាក់ទាញភ្ញៀវទេសចរបរទេសរវាងប្រទេសកម្ពុជា វៀតណាម និងថៃ។

កាលពីខែតុលាកន្លងទៅរដ្ឋាភិបាលបានសម្រេចចិត្តផ្ដល់ភ្លើងខៀវដល់គម្រោងអភិវឌ្ឍន៏មួយដែលមានទំហំទឹកប្រាក់ប្រហែល ២៣,២រយលានដុល្លារលើគម្រោងមួយដែលមានឈ្មោះថា “ French Riviera Marina” ដើម្បីអភិវឌ្ឍន៏ក្នុងខេត្តកំពត និងកែបដើម្បីឱ្យខេត្តពីរនេះក្លាយជាតំបន់ដែលមានសក្ដានុពលសម្រាប់​ទីផ្សារលំនៅដ្ឋាន ផ្សារទំនើប និងគម្រោងអភិវឌ្ឍន៏មជ្ឈមណ្ឌលពាណិជ្ជកម្ម។

លោក ឈាង សុផាន់ណា ប្រធានផ្នែកលក់អន្តរជាតិរបស់ក្រុមហ៊ុន Pallas Group បាននិយាយថ្មីៗនេះថាក្រុមហ៊ុនរបស់លោកមានគម្រោងអភិវឌ្ឍន៏ក្នុងខេត្តកំពត និងកែបដែលរួមមាន លំនៅដ្ឋាន អាជីវកម្ម និងវិស័យទេសចរ និងអគារ រម្មណីយដ្ឋានដូចជា រោងភាពយន្ត កន្លែងជិះសេះនិងមានច្រើនទៀត។ គម្រោងទាំងនេះត្រូវបានរដ្ឋាភិបាលអនុញ្ញាតរួចរាល់ហើយកាលពីថ្ងៃទី ១២ ខែតុលាកន្លងទៅ ហើយការ សាងសង់នឹងចាប់ផ្ដើមនៅខែមិនាខាងមុខនេះ។

លោកបាននិយាថា “មានគម្រោងថ្មីជាច្រើនទៀតដែលមិនធ្លាប់មានក្នុងប្រទេសកម្ពុជាគម្រោងទាំងនោះមានស្តង់ដាអន្តរជាតិ ហើយស្វាគមន៏ដល់អតិថិជនទាំងអស់ពីជុំវិញពិភពលោក។”

បើយោងតាមឯកសារបស់ក្រុមហ៊ុន Pallas Group ដែលជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យអន្តរជាតិមួយនោះក្រុមហ៊ុនបានវិនិយោគក្នុងទំហំដីប្រមាណ ៤,១៥៨ ហិចតាក្នុងខេត្តកំពត និង១៤៤ហិចតាក្នុងខេត្តកែប។ ខេត្តកំពតមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ១៤៨គីឡូម៉ែត្រ ហើយកែប ប្រហែល១៧០គីឡូម៉ែត្រពីទីក្រុង ភ្នំពេញ។

ខេត្តកំពតមានស្រុកចំនួន ៧ ក្រុង១ដែលស្រុកទាំនោះមានដូចជា៖ ស្រុកកំពត ស្រុកទឹកឈូ ស្រុកជុំគីរី ស្រុកកំពង់ត្រាច ស្រុកអង្គរជ័យ ស្រុកអង្គរមាស និងក្រុងកំពតដែលប្រជាជននសរុបក្នុងខេត្តប្រមាណ៦០០,០០០នាក់។ ប្រជាជនសរុបក្នុងក្រុងប្រហែល៧០,០០០នាក់។

លោកស្រី Siriluck Choochart អគ្គនាយកក្រុមហ៊ុន Pallas Group បាននិយាយថាគម្រោង “French Riviera Marina” ក្នុងខេត្តកំពត និងខេត្តកែបនឹងក្លាយជាទិសដៅសម្រាប់ការរស់នៅអន្តរជាតិការធ្វើអាជីវកម្ម ទេសចរ និងផលិតកម្មភាពយន្ត។ ក្រុមហ៊ុន Pallas Group នឹងបង្កើតការងារប្រហែល ៥០,០០០កន្លែងអំឡុងពេលនៃការសាងសង់ ការអភិវឌ្ឍន៏ និងការងាររាប់ពាន់ទៀតបន្ទាប់ពីគម្រោងត្រូបានសាងសង់រួច។ អ្នកស្រីបានបន្ថែមថា “គម្រោងនឹងសាងសង់ឡើងដោយភ្ជាប់ជាមួយបរិកាសដ៏ស្រស់ស្អាតដោយប្រើប្រាស់ឧបករណ៏សំណង់ដែលមានគុណភាពខ្ពស់ហើយវានឹងក្លាយជាគម្រោងសំណង់ដ៏ធំ និងប្រណិតបំផុតក្នុងខេត្តទាំងនេះ។”

លោក ចាន់ ចេស្ដា អភិបាលខេត្តកំពត បានមានប្រសាសន៍តាមទូរស័ព្ទថា គម្រោងវិនិយោគដ៏ធំរបស់ក្រុមហ៊ុន Pallas Group មិនទាន់បានចាប់ផ្ដើមសាងសង់នៅឡើយទេ ហើយគម្រោងកំពុងតែស្ថិតក្នុងការសិក្សា។ បន្ទាប់ពីគម្រោងនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា លោកបាននិយាយទៀតថាគម្រោងស្ថិតនៅក្នុងឃុំជុំគ្រៀល និងឃុំត្រពាំងអូសង្កែ ស្រុកទឹកឈូ។ វាមានចម្ងាយប្រហែលជា ១០គីឡូម៉ែត្រពីក្រុងកំពតហើយក៏ជាប់ក្នុងទឹកដីខេត្តកែបផងដែរ។

គម្រោងនេះស្ថិតនៅតាមបណ្ដោយមាត់សមុទ្រពីខេត្តកំពតទៅខេត្តកែប ទស្សននៃការអភិវឌ្ឍន៍មិនបានចាក់លុបដីលើផ្ទៃសមុទ្រនោះទេ ក៏ប៉ុន្តែក្រុមហ៊ុនយកខ្សាច់មកពីសមុទ្រដើម្បីបង្កើតកោះសិប្បនិម្មិតដែលអាចមើលឃើញទាំងការអភិវឌ្ឍន៍ និងការអភិរក្សនេះបើយោងតាមប្រសាសន៏របស់លោក ចាន់ ចេស្ដា។

លោកបានបន្ថែមថា “ប្រសិនបើគម្រោងធ្វើទៅតាមផែនការវានឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងមកទស្សនាក្នុងខេត្តមួយនេះ។ ហើយខ្ញុំសូមអំពាវនាវដល់ក្រុមហ៊ុន​ឯកជនទាំងអស់ឱ្យមកវិនិយោគលើសណ្ឋាគារ និងផ្ទះសំណាក់ក្នុងខេត្ត។ លោកបានបន្ថែមថា “អ្វីដែលអាជ្ញាធរខេត្តខិតខំប្រឹងប្រែងនោះគឺ ព្យាយាមអភិវឌ្ឍន៏នូវធនធានដ៏អស្ចារ្យក្នុងខេត្តមួយនេះ។”

អាជ្ញាធរខេត្តក៏មានផែនការអភិវឌ្ឍន៏ដោយធ្វើការជាមួយក្រសួងទេសចរលើទំហំដីចំនួន២០០ហិចតា ដើម្បីសាងសង់តំបន់ទេសចរថ្មីផងដែរដែលគម្រោងនោះមានឈ្មោះថា“កំពតថ្មី”។ គម្រោងបាន ទៅដល់គណៈកម្មកាឆ្នេរសមុទ្រហើយក៏ប៉ុន្តែគម្រោងនេះនឹងត្រូវសិក្សាបន្ថែមជាមួយគម្រោងអភិវឌ្ឍន៏ដ៏ទៃទៀតដើម្បីឱ្យដឹងថាតើពួកគេអាចធ្វើការួមគ្នាបានដែរឬទេ នេះបើយោងតាមប្រសាសន៏របស់លោក ចេស្ដា៕

ដៃគូសហការ៖ www.realestate.com.kh