​គម្រោង​វិនិយោគទុន​ក្នុង​វិស័យ​ទេសចរណ៍​កើនឡើង​ ៩៤% ក្នុងរយៈពេល៨ខែឆ្នាំនេះ​



​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍លោក ថោង ខុន បានលើកឡើងថាកម្ពុជាបានទទួល​ និងអនុម័តគម្រោង​វិនិយោគទុនជាច្រើនលើវិស័យទេសចរណ៍ក្នុងឆ្នាំនេះ។​ ត្រឹមរយៈពេល ៨ ខែដើមឆ្នាំនេះ ការវិនិយោគក្នុងវិស័យទេសចរណ៍មានការកើនឡើងរហូតដល់ ៩៤​% បើប្រៀបធៀបជាមួយរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។

លោករដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ថោង ខុន បានលើកឡើងដូចនេះក្នុងពេលថ្លែងសុន្ទរកថាបើក​វេទិការ​វិនិយោគ​ទេសចរណ៍​កម្ពុជា​ លើក​ទី​២ ​ក្រោម​ប្រធានបទ “​ការកំណត់​ដំណាក់កាល​សម្រាប់​កំណើន​” ដែលរៀបចំឡើង ដោយក្រសួងទេសចរណ៍​ សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​វិស័យ​ទេសចរណ៍កាលពីម្សិលមិញ។

នៅក្នុង​អង្គ​វេទិកា​វិនិយោគ​ទេសចរណ៍​នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​បាន​បញ្ជាក់​ថា នៅក្នុង​របាយការណ៍​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC ​បើ​គិត​ចាប់ពី​ឆ្នាំ​២០១៦ រហូត​មក​ដល់​ពេលបច្ចុប្បន្ន​នេះ​ រដ្ឋាភិបាលកម្ពុជាបាន​អនុម័ត​និង​ឯកភាព​គាំទ្រ​គម្រោង​វិនិយោគទុន​ជាតិ និង ​អន្តរជាតិ​សរុប​​ប្រមាណ​ជា ៨១៣ គម្រោងមាន​ទំហំ​ទុន​វិនិយោគ​សរុប​ប្រមាណ ២២.៥ ​ពាន់​លាន ​ដុល្លារ។ ក្នុងនោះ​ គម្រោង ទេសចរណ៍ និង​ផ្នែក​ពាក់ព័ន្ធ​មាន​ចំនួន​ ៣៨ ​គម្រោង​ ដែល​មាន​ទុនវិនិយោគ​សរុបចំនួន​ប្រមាណ​ជា​ ៩ ​ពាន់​លាន​ដុល្លា​រ កើនឡើង​៤៧% ។

លោក ថោង ខុន បន្តថា ដោយឡែក​បើ​គិត​ក្នុង​រយៈពេល​ ៨ ​ខែ​ដំបូង​ ឆ្នាំ​២០១៩ ​នេះ ​កម្ពុជា ឯកភាព​គម្រោង​វិយោគ​ទុន​សរុប​មាន​ប្រមាណ​ ២២២​ គម្រោងមាន​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប ៦​ ពាន់​លាន​ដុល្លា​រ អា​មេ​រិក ក្នុងនោះ​ វិស័យ​ទេសចរណ៍​មាន​គម្រោង​វិនិយោគ​ចំនួន​ ១៤​ គម្រោង ដែល​មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប​ប្រមាណ​ជាង ​៤,២០០​ លាន​ដុល្លារ  ​កើនឡើង ៩៤% បើ​ធៀបជាមួយ​រយៈពេល​ដូចគ្នាក្នុង​ឆ្នាំ​២០១៨​។

ឯកឧត្តម ថោង ខុន បន្តថា ទោះជាយ៉ាងណា ​​វិស័យ​ទេសចរណ៍នាពេលបច្ចុប្បន្ននេះ​ បានរួម​ចំណែក​ប្រមាណ​១២,៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)។ រាជរដ្ឋាភិបាលកម្ពុជាតែងចាត់ទុកវិស័យទេសចរណ៍ជាវិស័យចម្បងមួយ។ ការជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈ “​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ​” ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់ទុកថាជា “​មាស​បៃតង​” ដែលបានរួមចំណែក​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ សេដ្ឋកិច្ច​​ និង ​សង្គម ​តាមរយៈការបង្កើត​ឱកាស​មុខរបរ និង​​​ការងារ ​ជួយបង្កើន​ប្រាក់ចំណូល​ លើកកម្ពស់​ជីវភាព​រស់នៅ និងកាត់បន្ថយ​ភាព​ក្រីក្រ​របស់ប្រជា​ពលរដ្ឋបាន​យ៉ាង​មានប្រសិទ្ធភាព​៕

ដៃគូសហការ៖ www.realestate.com.kh