ក្រោម​ការ​ជ្រោមជ្រែង​ពី​ជប៉ុន កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​នឹង​កាន់​តែ​លេចធ្លោ​ក្នុង​ប៉ូលអាស៊ាន​



ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការនិង​ដឹក​ជញ្ជូន បាន​លើក​ឡើង​ថា ក្រោម​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នឹងង​ប្រែ​ក្លាយ​ទៅ​ជា​ជា​ឃ្លាំង​ផ្ទុក​ និង​ដឹកជញ្ជូន​ទំនិញ​ដ៏​សំខាន់​នៅ​ក្នុង​តំបន់​អាស៊ាន។ ការ​លើក​ឡើង​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​សមាគម​កំពង់ផែ​អាស៊ាន​លើក​ទី៤៥ (The 45th ASEAN Ports Association (APA) Meeting) កាល​ពី​ថ្ងៃទី២១ ខែ​វិច្ឆិកា ឆ្នាំ២០១៩ កន្លង​ទៅ។

នា​ឱកាស​នៃ​កិច្ច​ប្រជុំ​ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ក្រោម​ការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​ជប៉ុន កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ដែល​ត្រូវ​បាន​តភ្ជាប់​ជា​មួយ​ផ្លូវ​ហាយវ៉េ​អាស៊ី ផ្លូវ​ដែក និង​អាកាស​យានដ្ឋាន​អន្តរជាតិ គឺ​ត្រូវ​បាន​ពង្រីក​និង​ធ្វើ​ទំនើប​កម្ម​ ដែល​អាច​ឱ្យ​កប៉ាល់​ធំៗ​ចូល​ចត​បាន ដែល​នឹង​ធ្វើ​ឲ្យ​កំពង់ផែ​កុងតឺន័រ​ថ្មី​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅ​ជា​ឃ្លាំង​ផ្ទុក និង​ដឹក​ជញ្ជូន​ទំនិញ​ដ៏​សំខាន់​ក្នុង​តំបន់​អាស៊ាន។​ បន្ថែម​ពី​នោះ​ប្រព័ន្ធ​ផ្លាស់​ប្ដូរ​ទិន្នន័យ​តាម​អឡិចត្រូនិក​នៅ​កំពង់ផែ​ក៏​ត្រូវ​បាន​អភិវឌ្ឍ​ផង​ដែរ។  

ឯកឧត្ដម​ក៏​បាន​លើក​ឡើង​បន្ថែម​ អំពី​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ ការ​ប្រើប្រាស់​ថាមពល​និង​ការ​តភ្ជាប់​ឌីជីថល សេដ្ឋកិច្ច​ឌីជីថល និង​បដិវត្ត​ឧស្សាហកម្ម ៤.០ ការអភិវឌ្ឍ​ផែនការ​មេជាតិ​ដឹកជញ្ជូន ការអភិវឌ្ឍផែនការ​មេជាតិ​កំពង់ផែ​ និង​ផែនការ​មេជាតិ​ភស្តុ​ភារកម្ម ការ​ពង្រីក​និង​ធ្វើ​ទំនើបកម្ម​កំពង់ផែ​សំខាន់ៗ (កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ និង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ) ការ​ស្ថាបនា​កំពង់ផែ​ភ្នំពេញថ្មី ដែល​មាន​សមត្ថភាព​អាច​ផ្ទុក​ទូរកុងតឺន័រ​បាន​រហូត​ដល់ ៣០០.០០០ ទូរ​ក្នុង​មួយ​ឆ្នាំ។

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ជំនឿ​យ៉ាង​មុតមាំ​ថា​៖ កិច្ច​សហប្រតិបត្តិការ​ទាំង​នោះ​គឺ​ជា​ឱកាស​ដើម្បី​បង្កើត​កំពង់ផែ​យុទ្ធសាស្ត្រ និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​អាច​តភ្ជាប់​កំពង់ផែ​ធំៗ​នៅ​កម្ពុជា និង​កំពង់ផែ APA ផ្សេង​ទៀត​ទៅ​កាន់​ទីផ្សារ​ដ៏​ធំ​នៅ​តាម​ច្រក​របៀង​ផ្លូវ​សូត្រ​សមុទ្រ​ និង​ទីផ្សារ​ពិភពលោក តាម​រយៈ​ការ​ពង្រីក​មូលដ្ឋាន​ពាណិជ្ជកម្ម​យុទ្ធសាស្ត្រ​បន្ថែម​ទៀត​ ជា​មួយ​ដៃគូ​ពាណិជ្ជកម្ម​លេច​ធ្លោ​របស់​កម្ពុជា៕

ដោយ៖ ជួប ស្រីរ័ត្ន