ស្រុកអង្គស្នួល ទទួលបានគម្រោងអភិវឌ្ឍន៍ទីក្រុងរណបធំមួយ ពីវិនិយោគិនខ្មែរ-ចិន នៅលើផ្ទៃដីជាង២៤ហិកតា​



ភ្នំពេញ៖ ទីក្រុងរណបថ្មី Emerald City ប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការនៅលើផ្ទើដី24.5ហិចតា ក្នុងស្រុកអង្គស្នួល ដែលជាគម្រោងអភិវឌ្ឍន៍ ទីក្រុងរណបដ៏ធំមួយ ក្នុងខេត្តកណ្ដាល។

លើកឡើងនៅក្នុងពិធីសម្ពោធបើកការដ្ឋាន ទីក្រុងរណបថ្មី Emerald City កាលពីចុងសប្ដាហ៍មុននេះ លោក កែវ មុន្នីរ័ត្ន អគ្គនាយក Emerald City បានឲ្យដឹងថា Emerald City គឺជាគម្រោងដែលស្ថិតនៅក្នុងតំបន់សក្តានុពលកំពុងអភិវឌ្ឍន៍ខ្លាំង ក្នុងខេត្តកណ្ដាល ដែលគម្រោងនេះ អភិវឌ្ឍន៍ទៅលើផ្ទះ លំនៅឋាន សម្រាប់គ្រួសារសម័យថ្មី ដែលរួមបញ្ចូលនូវការរចនាដ៏ស្រស់ស្អាត គុណភាពសំណង់ដ៏រឹងមាំ ព្រមទាំងសោភ័ណភាព ប្រណិត៌ភាពរួមបញ្ជូលនៅក្នុងទីតាំងតែមួយ ព្រមទាំងមាន នូវផ្សារទំនើប ខុនដូ ផ្ទះសម្រាប់អាជីវកម្ម សួនច្បារ សួនទឹក រួមជាមួយបរិយាកាសធម្មជាតិ និងសុវត្ថិភាពខ្ពស់។

ឯកឧត្តម នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្តកណ្តោល បានមានប្រសាសន៍ថា វត្តមាននៃគម្រោងទីក្រុងរណបថ្មី ក្នុងខេត្តកណ្ដាលនាពេលលនេះ នឹងអាចចូលរួមចំណែកយ៉ាងសំខាន់ លើការអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ ក្នុងខេត្តទាំងមូល ក៏ដូចជាបានចូលរួមចំណែកកែប្រែមុខមាត់ថ្មីរបស់ខេត្តផងដែរ។

ឯកឧត្តមបន្តថា គម្រោងនេះ ក៏នឹងអាច ចូលរួមលើកកម្ពស់ការរស់នៅរបស់បងប្អូនប្រជាពលក្នុងខេត្តកណ្ដាល អោយទទួលបាននូវការរស់នៅប្រកបដោយផាសុខភាព ស៊ីវិល័យ និងសុវត្ថិភាពខ្ពស់ថែមទៀតផង។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទីក្រុងរណបថ្មី Emerald Cityនេះ ត្រូវបានវិនិយោគ ដោយវិនិយោគិនខ្មែរ និងចិន នៅលើផ្ទៃដី 24.5ហិចតា ក្នុងស្រុកអង្គស្នួល ដែលគម្រោងអភិវឌ្ឍន៍ នេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាទីក្រុងរណបដ៏ធំមួយ ក្នុងខេត្តកណ្ដាលនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕

ដោយ៖ ស្រីពេជ្រ

X
5s