ឥណ្ឌាជាប្រទេសដែលមានការដាំដុះ និងផលិតចេកបានច្រើនជាងគេលើពិភពលោក​



ចេក ជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយអាំងទីអុកស៊ីដង់ ម៉ាញ៉េស្យូម និងវីតាមីន C រួមទាំងសារធាតុចិញ្ចឹមដទៃផ្សេងទៀតដូចជា វីតាមីន B6 ប្រូតេអ៊ីន សារធាតុសរសៃ (Fiber) ជាតិដែកជាដើម។ ចេកជាប្រភេទផ្លែឈើល្អសម្រាប់សុខភាពបេះដូង ដោយសារវត្តមានប៉ូតាស្យូមដែលមានក្នុងផ្លែចេកជួយប្រឆាំងនឹងការឡើងលើសសម្ពាធឈាម។ ការទទួលទានចេកក៏ជួយសម្រួលដល់អាការៈនៃជំងឺបាក់ទឹកចិត្តឲ្យប្រសើរឡើងវិញមួយកម្រិតដែរ ព្រោះម៉ាញ៉ែស្យូមដែលមានក្នុងផ្លែចេកជួយសម្រួលដល់ការសម្រាកនៃសាច់ដុំ និងវីតាមីន B6 ជួយឲ្យអ្នកគេលក់ស្រួល។ អត្ថប្រយោជន៍ផ្សេងទៀតគឺជួយក្នុងការសម្រកទម្ងន់ ជំនួយគំហើញ សម្រួលដល់ការរំលាយអាហារ និងធ្វើឲ្យឆ្អឹងរឹងមាំ។

Banana Plantation, Africa, Agriculture

ឥណ្ឌាគឺជាប្រទេសមួយដែលមានការដាំដុះ និងផលិតដំណាំចេកបានច្រើនជាងគេក្នុងពិភពលោកជាមួយបរិមាណ ២៧,៥៧៥,០០០ តោនក្នុងមួយឆ្នាំ តាមពីក្រោយដោយប្រទេសចិនក្នុងបរិមាណ ១២,០៧៥,២៣៨ តោន និងហ្វីលីពីនឈរនៅលំដាប់លេខ ៣ ក្នុងបរិមាណ ៨,៦៤៥,៧៤៩ តោន។

១) ការដាំដុះដំណាំចេកក្នុងប្រទេសឥណ្ឌា
ចេកគឺជាដំណាំកសិកម្មដ៏មានប្រជាប្រិយភាពបំផុតមួយក្នុងប្រទេសឥណ្ឌា វាជាប្រភេទដំណាំដែលអាចផ្តល់ផលពេញមួយឆ្នាំ មិនប្រកាន់រដូវកាល។ តែទោះជាយ៉ាងណាវាក៏នៅតែត្រូវការដីមានជីជាតិដើម្បីដាំ ហើយវាត្រូវបានគេដាំដុះក្នុងសីតុណ្ហភាពចន្លោះពី ១០ អង្សាសេនិង ៤០ អង្សាសេនិងមានសំណើមខ្ពស់ តែនៅក្នុងកម្រិត ២៤ អង្សាសេជាសីតុណ្ហភាពមួយដែលចេញផ្តល់ទិន្នផលខ្ពស់ និងល្អជាងគេ។ 

ទីតាំងដែលផ្តល់ផលល្អសម្រាប់ដំណាំចេកក្នុងប្រទេសឥណ្ឌាគឺនៅ Maharashtra Gujarat Tamil Nadu Assam Kerala Karnataka West Bengal Orissa Madhya Pradesh និង Andhra Pradesh តែតំបន់ផ្សេងក៏នៅអាចមានការដាំដុះដូចគ្នាដែរ។ 

២) ការនាំចេញផលិតផលចេករបស់ឥណ្ឌា
ជាអ្នកក្តោបក្តាប់ការដាដុះ និងផលិតចេកបានច្រើនជាងគេក្នុងពិភពលោក ឥណ្ឌាបានដំណ្តើមយក ២៨% នៃផលិតកម្មចេកនៃពិភពលោក។ តែផ្ទុយមកវិញ ខណៈដែលឥណ្ឌាជាអ្នកផលិតចេកបានច្រើនជាងគេលើពិភពលោក ឥណ្ឌាបែរជាឈរនៅលេខរៀងទី ២០ នៃតារាងអ្នកនាំចេកចេញធំបំផុតលើពិភពលោកទៅវិញ។ តើនេះមកពីមូលហេតុអ្វី?

វាគ្មានអ្វីគួរឲ្យព្រួយបារម្ភទេដែលឥណ្ឌាឈរនៅលំដាប់លេខ ២០ នៃតារាងនោះ ព្រោះឥណ្ឌាខ្លួនឯងជាប្រទេសមួយដែលមានត្រូវការផ្លែចេកច្រើន គួបផ្សំជាមួយចំនួនប្រជាជនដ៏ច្រើនផងនោះ។ តាមរបាយការណ៍ពីការស្រាវជ្រាវមួយបានឲ្យដឹងថា ការនាំចេកចេញរបស់ឥណ្ឌាក្នុងឆ្នាំ ២០១៧ មានតម្លៃ ៤៨ លានដុល្លារទៅកាន់ប្រទេសជុំវិញពិភពលោក ពិសេសបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា។ 

៣) ប្រទេសដែលនាំចូលផលិតផលចេកច្រើនជាងគេពីប្រទេសឥណ្ឌា
គិតក្នុងឆ្នាំ ២០១៧ ប្រទេសទាំង ១០ ខាងក្រោមនេះជាអ្នកនាំចូលផលិតផលចេកច្រើនជាងគេពិប្រទេសឥណ្ឌា៖

១) សហព័ន្ធអារ៉ាប់រួម៖ ឥណ្ឌាបាននាំចេញចេកទៅកាន់សហរដ្ឋអាមេរិកក្នុទំហំទឹកប្រាក់ ១៥,៣៨១,២៩៧ លានដុល្លារទៅសហព័ន្ធអារ៉ាប់រួមក្នុងឆ្នាំ ២០១៧ ច្រើនជាងគេបង្អស់ ដែលការនាំចេញចេកនេះចាប់យកប្រមាណ ៣១.៥៨% នៃការនាំចេញសរុប។

២) អូម៉ង់៖ ជាប្រទេសទី ២ ដែលនាំចួលចេកច្រើនជាងគេពីឥណ្ឌា ក្នុងទំហំទឹកប្រាក់ ៩,៥៨៦,០៨៥ លានដុល្លារ ស្មើប្រមាណ ១៩,៦៨%។

៣) អារ៉ាប៊ី សាអ៊ូឌីត៖ ជាប្រទេសនៃមជ្ឍឹមបូព៌ា អារ៉ាប៊ីសាអ៊ូឌីត ឈរនៅលំដាប់លេខ៣ នៃអ្នកនាំចូលចេកពីឥណ្ឌាក្នុងប្រាក់ ៦,០១២,៧០៥ លានដុល្លារ។ 

៤) អ៊ីរ៉ង់៖ អ៊ីរ៉ង់បានយកចំណែក ១១.៧៩% នៃការនាំចូលចេកពីឥណ្ឌា គិតជាទឹកប្រាក់គឺ ៥,៧៤១,០០៤ លានដុល្លារ។

៥) គុយវ៉ែត៖ ដៃគូរពាណិជ្ជកម្មផលិតផលចេកទី ៥ របស់ឥណ្ឌាគឺគុយវ៉ែត។ ក្នុងឆ្នាំ ២០១៧ ឥណ្ឌាធ្វើការផ្គត់ផ្គង់ចេកទៅកាន់គុយវ៉ែតក្នុងទំហំទឹកប្រាក់ ៤,៣៧៦,២៨៨ លានដុល្លារ ស្មើប្រមាណ ៨.៩៨%។ 

ក្រៅពីប្រទេសទាំង ៥ នេះ នៅមានប្រទេស៥ ផ្សេងទៀតដែលនាំចូលចេកពីឥណ្ឌានោះគឺ កាតារ បាហរ៉ែន ម៉ាល់ឌីវ អ៊ីរ៉ាក់ និងកូរ៉េខាងត្បូង៕

ដោយ៖ យ៉ាយ៉ា