សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ថមថយ​មក​ត្រឹម​៦.៨%​នៅ​ឆ្នាំ​២០២០និង​២០២១​



បន្ទាប់​ពី​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាង​ការ​រំពឹង​ទុក​កាល​ពី​ឆ្នាំ២០១៨ ដែល​មាន​អត្រា​កំណើន ៧.៥% កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩​នេះ ត្រូវ​បាន​ធនាគារ​ពិភព​លោក​ព្យាករណ៍​ថា​នឹង​ថមថយ​ចំនួន ០.៥% មក​នៅ​ត្រឹម​៧%​ ប៉ុន្តែ​អត្រា​នេះ​វា​នឹង​បន្ត​ថមថយ​បន្ថែម​ទៀត​មក​នៅ​ត្រឹម ៦.៨% នៅ​ក្នុង​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១​ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​ព្យាករណ៍​របស់​ធនាគារ​ពិភព​លោក​ដែល​បាន​បង្ហាញ​កាល​ពី​កំឡុង​ខែ​តុលា​កន្លង​ទៅ។ 

យោង​តាម​ទិន្នន័យ​របស់​ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF បាន​បង្ហាញ​នូវ​លទ្ធផល​នៃ​ការ​ព្យាករណ៍​ថា ​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​បន្ត​ថមថយ​មក​ត្រឹម​ ៦.៨%​ក្នុង​ឆ្នាំ​២០២០ និង​ ៦.៧% ក្នុង​ឆ្នាំ​២០២១។ ចំណែក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ក៏​បាន​បង្ហាញ​លទ្ធផល​ព្យាករណ៍​ដូច​គ្នា​គឺ សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​មក​ត្រឹម ៦.៨%​ក្នុង​ឆ្នាំ​២០២០ និង​២០២១។ ដោយ​ឡែក​សម្រាប់​រដ្ឋាភិបាល​កម្ពុជា បាន​ព្យាករណ៍​ថា ឆ្នាំ​២០២០ សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​ត្រឹម​តែ ៦.៥%​ប៉ុណ្ណោះ។

បន្ថែម​ពី​នេះ បើ​យោង​តាម​របាយការណ៍ «បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា» ​ចេញ​ដោយ​ធនាគារ​ពិភពលោក (World Bank)  ដែល​ជា​របាយការណ៍​ចុង​ក្រោយ​សម្រាប់​ឆ្នាំ​២០១៩ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា នេះ បាន​បញ្ជាក់​ថា ការ​នាំ​ចេញ​ផលិតផល​សំលៀកបំពាក់​ និង​ស្បែក​ជើង ដែល​មាន​ទំហំ​ប្រហែល​៧០%​នៃ​ទំនិញ​គ្រប់​មុខ​ដែល​កើន​ ១៧.៧% ក្នុងឆ្នាំ២០១៨ បាន​ធ្លាក់​ចុះ​មក​ត្រឹម​១៥.៣% នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៩។ ចំណែក​ឯ​វិស័យ​សំណង់​ដែល​ជា​វិស័យ​ស្នូល​របស់​សេដ្ឋកិច្ច​កម្ពុជា នៅ​តែ​បន្ត​មាន​កំណើន ជាក់​ស្ដែង​ការ​នាំ​ចូល​ដែក​សំណង់​បាន​ស្ទុះ​ឡើង​យ៉ាង​គំហុក​ ពី២៧.៧% នៅ​ឆ្នាំ ២០១៨ ដល់​ទៅ ៦៣.៥% នៅ​ត្រឹម​ខែ​មិថុនា​ ឆ្នាំ២០១៩។

ប៉ុន្តែ នៅ​ក្នុង​របាយការណ៍​ក៏​បាន​លើក​ឡើង​ផង​ដែរ​ពី​ហានិភ័យ​ដែល​បន្ត​កើន​ឡើង​ចំពោះ​វិស័យ​ហិរញ្ញ​វត្ថុ​កម្ពុជា ដោយ​សារ​តែ​ការ​ពូន​គរ​នៃ​បំណុល​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​ បន្ថែម​ពី​នេះ​ក៏​នៅ​មាន​លទ្ធភាព​នៃ​ការ​ដក​ចេញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប៕

ដោយ៖ ជួប ស្រីរ័ត្ន