ទីផ្សារ​ផ្លែ​ស្វាយ​កម្ពុជា​ចាប់ផ្ដើមត្រូវ​ប៉ាន់​បន្ទាប់​ពី​មាន​ដំណឹង​ល្អ​ពី​ប្រទេស​ធំៗ២​



នេះ​ពិត​ជា​តំណឹង​ដ៏​ល្អ​មួយ​សម្រាប់​ប្រជា​កសិករ​ខ្មែរ ដែល​ទីផ្សារ​ផ្លែ​ស្វាយ​របស់​កម្ពុជា​យើង​កំពុង​តែ​បង្ហាញ​ពី​ភាព​ល្អ​ប្រសើរ​ឡើង ខណៈ​ដែល​ប្រទេស​ចិន និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​សម្រេច​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​នាំ​ចូល​ផ្លែ​ស្វាយ​ទៅ​កាន់​ប្រទេស​របស់​ខ្លួន​ បន្ទាប់​ពី​ក្រុម​អ្នក​ជំនាញ​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​គុណភាព អនាម័យ និង​បច្ចេកទេស​រួច​រាល់។ 

បើ​យោង​តាម​ លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម​កម្ពុជា ជាមួយ​នឹង​អ្នក​ជំនាញ​មកពី​ប្រទេស​ចិន​កាល​ពី​ពេល​កន្លង​ទៅ​បាន​បង្ហាញ​ថា ​ផ្លែ​ស្វាយ​របស់​កម្ពុជា​អាច​នឹង​ចាប់​ផ្ដើម​នាំ​ចេញ​ជា​ផ្លូវការ​ទៅ​កាន់​ប្រទេស​ចិន​នា​ដើម​ឆ្នាំ​២០២០​ខាង​មុខ បន្ទាប់​ពី​ក្រុម​អ្នក​ជំនាញ​ចិន​ (GACC) បាន​វាយ​តម្លៃ​ឃើញ​ថា ស្វាយ​របស់​កម្ពុជា​គឺ​មាន​គុណភាព​ល្អ​ប្រសើរ។

ជា​មួយ​គ្នា​នេះ​ដែរ រដ្ឋាភិបាល​របស់​កូរ៉េខាងត្បូង​ក៏​បាន​សម្រេច​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ចូល​ផ្លែ​ស្វាយ​ទៅ​កាន់​ប្រទេស​របស់​ខ្លួន​នៅ​ក្នុង​ខែ​ធ្នូ​ឆ្នាំ​២០១៩​នេះ​ផង​ដែរ បន្ទាប់​ពី​ត្រូវ​បាន​ពន្យារ​ពេល​អស់​ជា​ច្រើន​ឆ្នាំ​ដោយ​សារ​តែ​បញ្ហា​បច្ចេកទេស និង​អនាម័យ។ ការ​អនុញ្ញាត​នេះ​ត្រូវ​បាន​ប្រកាស​ឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កូរ៉េខាងត្បូង ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជា​មួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា នា​ប្រទេស​កូរ៉េ​កាល​ពី​ថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​ផ្ទៃដី​ដាំដុះ​ដំណាំ​ស្វាយ​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ប្រមាណ ១០ម៉ឺនហិកតា ក្នុង​នោះ​ផ្ទៃដី​ប្រមូល​ផល​មាន​ចំនួន ​៨ម៉ឺនហិកតា និង​ទិន្នផល​ជាមធ្យម​ទទួល​បាន​ជាង​១៥ តោន ក្នុង​មួយហិកតា បើ​គិត​សរុប​ពេញ​មួយ​រដូវ​វិញ គឺ​មាន​ជាង ១លាន ២សែនតោន ក្នុង​មួយ​រដូវ។ នេះ​បើ​តាម​របាយការណ៍​ពី​ក្រសួង​កសិកម្ម​៕