មហាសេដ្ឋី Mark Cuban ថា នេះគឺជាកំហុសដ៏ធំបំផុតមួយរបស់សហគ្រិន​



កំហុសដ៏ធំបំផុតដែលសហគ្រិនម្នាក់អាចបង្កើតឡើងនៅពេលចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនគឺទាក់ទងទៅនឹងដើមទុន  នេះបើយោងតាមការអះអាងរបស់មហាសេដ្ឋីអាមេរិក Mark Cuban។ ម្ចាស់ក្រុមហ៊ុន Dallas Mavericks និងមហាសេដ្ឋីបច្ចេកវិទ្យារូបនេះ បានផ្តល់បទសម្ភាសន៍មួយជាមួយទូរទស្សន៍ On Air ថា “កំហុសដ៏ធំបំផុតមួយ” ដែលម្ចាស់អាជីវកម្មថ្មីថ្មោងមាន គឺពួកគេគិតថា ខ្លួនត្រូវប្រមូលដើមទុនពីអ្នកផ្សេងឲ្យបានច្រើន។

លោកបានលើកឡើងដូច្នេះថា៖« ខ្ញុំគិតថា កំហុសធំបំផុតដែលអ្នករកស៊ីបង្កើតឡើងគឺនៅពេលដែលពួកគេមានគំនិត និងគោលដៅក្នុងការចាប់ផ្តើមជំនួញហើយនោះ ពួកគេគិតថា ត្រូវតែប្រមូលដើមទុនពីអ្នកផ្សេងឲ្យបានច្រើន។ នៅពេលអ្នកប្រមូលដើមទុនបាន នោះវាមិនមែនជាសមិទ្ធផលទេ។ នោះគ្រាន់តែជាកាតព្វកិច្ចរបស់អ្នកតែប៉ុណ្ណោះ! ឥឡូវនេះ អ្នកត្រូវផ្តល់ព័ត៌មាន និងរាយការណ៍ប្រាប់នរណាក៏ដោយដែលផ្តល់ទុនឲ្យអ្នក»

ទស្សនៈរបស់មហាសេដ្ឋីវ័យ ៦១ ឆ្នាំខាងលើចង់មានន័យថា ការពឹងទុនពីខាងក្រៅកាន់តែច្រើនគឺ ជាអន្ទាក់ដ៏គ្រោះថ្នាក់មួយសម្រាប់ម្ចាស់អាជីវកម្មពីព្រោះថា នៅពេលអ្នកយកលុយពីខាងក្រៅមករកស៊ីច្រើនពេក ជារឿយៗសម្លេងរបស់អ្នកនឹងបាត់បង់ឥទ្ធិពល និងមានមតិកាន់តែច្រើននៅក្នុងបន្ទប់ប្រជុំរបស់អ្នក។ 

បើតាមដំបូន្មានរបស់លោក Mark Cuban គឺថា យកល្អបើមិនចាំបាច់ទេ អ្នកគួរចាប់ផ្តើមរកស៊ីតក់ៗពីដើមដៃ ពោលគឺពីតូចទៅធំ និងទៅសន្សឹមៗ។ 

«បើអ្នកអាចធ្វើអីចឹងបាន ហើយអាចដើរដោយខ្លួនឯងបានដូចជាខ្ញុំអញ្ចឹង ខ្ញុំធ្លាប់ប្រើលុយខ្លួនឯងទិញស្បោងដាក់សម្រាម  ស្អីក៏ដោយដែលអ្នកគិតថា អាចធ្វើប្រើលុយទិញដោយខ្លួនឯងបាន ហើយអាចលក់ទៅឲ្យអតិថិជនបាន ធ្វើវាអញ្ចឹងរហូតទៅ។ ក្រោយមកយើងពង្រីកវាឲ្យកាន់តែធំ  ធ្វើអញ្ចឹងវាអាចក្លាយជាជំនួញដ៏ធំមួយនៅពេលអនាគតបាន»។ មហាសេដ្ឋី Mark Cuban បញ្ជាក់បន្ថែម។ 

ប្រិយមិត្តវិញ យល់យ៉ាងណាដែរចំពោះដំបូន្មានរបស់លោក Mark Cuban?

ប្រភព៖ Entrepreneur 

 

X
5s