មហាសេដ្ឋី Bill Gates ថា លោកសប្បាយចិត្ត​ដោយសាររឿង២នេះ មិនមែនរឿង​លុយទេ​



នៅដើមឆ្នាំ ២០១៩ កន្លងទៅ នេះ Bill Gates បានចូលរួមលេងហ្គេមនៅក្នុងកម្មវិធី «ចង់សួរខ្ញុំអ្វីក៏បាន ឬ Ask Me Anyting» នៅលើបណ្តាញសង្គម Reddit។ នៅក្នុងកម្មវិធីនេះមានអ្នកលេងបណ្តាញសង្គមខាងលើម្នាក់បានចោទសួរលោកទាក់ទងទៅនឹងជីវិតផ្ទាល់ខ្លួនរបស់លោក។ សំនួរដែលអ្នកលេងម្នាក់នោះបានសួរលោកគឺថា តើអ្វីទៅដែលធ្វើឲ្យលោកសប្បាយចិត្តបំផុត?

លោក Bill Gates បានធ្វើឲ្យសាធារណៈជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលមហាសេដ្ឋីមានប្រាក់ ១១០ ពាន់លានដុល្លាររូបនេះបានផ្តល់ចម្លើយមួយដែលថា មានរឿងចំនួន២ធំសំខាន់ ដែលធ្វើឲ្យលោកសប្បាយចិត្ត ហើយវាមិនមានការទាក់ទងអ្វីសោះឡើយទៅនឹងលុយកាក់។

លោកបានឆ្លើយដោយបានសរសេររៀបរាប់នៅក្នុងបណ្តាញសង្គម Reddit ដូច្នេះថា៖« គេនិយាយថា នៅពេលកូនៗរៀនពូកែ រៀនបានពិន្ទុល្អ វាគឺជាអារម្មណ៍ដ៏ពិសេសមួយក្នុងនាមជាឪពុកម្តាយរបស់គេ ហើយខ្ញុំពិតជាយល់ស្របចំណុចនេះ»។ 

លោកបានបន្តដូច្នេះទៀតថា៖ «កូនៗរបស់ខ្ញុំក៏ជួយឲ្យអារម្មណ៍របស់ខ្ញុំស្រស់ស្រាយដែរ។ ប្រសិនបើខ្ញុំត្រឡប់មកផ្ទះវិញ ហើយមើលទៅដូចជានឿយហត់ខ្លាំង ពួកគេនឹងធ្វើឲ្យខ្ញុំមានអារម្មណ៍ធូរស្រាល»។ នេះជាការថ្លែងរបស់លោកទៅកាន់កាសែត The New York Times នៅក្នុងព្រឹត្តិការណ៍ DealBook កាលពីខែវិច្ឆិកាកន្លងទៅ។ 

ក្រៅពីចំណុចទី១ខាងលើនេះ ស្ថាបនិករួមក្រុមហ៊ុន ដ៏ល្បីល្បាញរូបនេះក៏បានលើកឡើងបន្តថា៖ «ការអនុវត្តតាមការប្តេជ្ញាចិត្តរបស់អ្នកដូជជា ហាត់ប្រាណឲ្យបានច្រើនក៏ជួយឲ្យជីវិតអ្នកទាំងអស់គ្នាមានសុភមង្គលដែរ»។ ហេតុដូច្នេះហើយទើបគេសង្កេតឃើញថា កីឡាវាយកូនបាល់ (Tennis) គឺជាកីឡាពេញនិយមរបស់លោកក្រៅពីការ ហាត់ប្រាណផ្សេងៗទៀត។

យ៉ាងណាក៏ដោយ លោកក៏ធ្លាប់បានទទួលស្គាល់ដែរនៅពេលមានសំនួរមួយដែលបានចោទសួរថា លុយបានធ្វើឲ្យលោកសប្បាយចិត្ត។ លោកធ្លាប់បានសារភាពថា ក្នុងនាមជាមហាសេដ្ឋីម្នាក់គឺប្រៀបបានដូចព្រះប្រទានពរ។ លោកបានបញ្ជាក់ថា លោកមិនចាំបាច់ខ្វល់ខ្វាយរឿងថ្លៃបង់សេវាខុសភាព ឬថ្លៃសាលាកូនរៀននោះទេ។ 

លោកបានសង្កត់ធ្ងន់បន្ថែមទៀតថា អាមេរិកចាំបាច់ត្រូវសម្រេចឲ្យបានលើចំណុចនេះដើម្បីឲ្យពលរដ្ឋគ្រប់រូបអាចទទួលបានសេវាទាំងនេះបានសមរម្យគ្រប់គ្រាន់តាមតម្រូវការ៕

ប្រភព៖ CNBC 

 

X
5s