Sanna Marin នាយករដ្ឋមន្រ្តីស្រ្តីវ័យ ៣៤ឆ្នាំ របស់ហ្វាំងឡង់ វ័យក្មេងជាងគេក្នុងលោក​



រដ្ឋមន្ត្រីដឹកជញ្ជូននិងគមនាគមន៍ និងជាសមាជិកសភាវ័យក្មេងវ័យ ៣៤ឆ្នាំនឹងក្លាយជានាយករដ្ឋមន្រ្តីផ្លូវការ តាមការជ្រើសរើសពីគណបក្សសង្គមប្រជាធិបតេយ្យហ្វាំងឡង់ (Social Democratic Party)។ លោកស្រី Sanna Marin ត្រូវបានជ្រើសរើសធ្វើជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុត និងជាថ្នាក់ដឹកនាំរដ្ឋាភិបាលស្ត្រីទី៣ របស់ហ្វាំងឡង់ ខណៈអតីតនាយករដ្ឋមន្រ្តី លោក  Antti Rinne បានលាលែងពីតំណែងកាលពីថ្ងៃអង្គារកន្លងទៅ។

លោកស្រី Sanna Marin ប្រភពរូប apnews.com

ក្រុមប្រឹក្សាគណបក្សសង្គមប្រជាធិបតេយ្យហ្វាំងឡង់ (Social Democratic Party) ទទួលបានលទ្ធផលបោះឆ្នោតក្នុងសំលេង ៣២-២៩ កាលពីល្ងាចថ្ងៃអាទិត្យក្នុងការតែងតាំងលោកស្រី Sanna Marin លើគូប្រជែងលោកស្រី Antti Lindtman ដើម្បីកាន់តំណែងកំពូលរបស់រដ្ឋាភិបាលតពីលោក Antti Rinne ដែលកំពុងកាន់អំណាច។

លោកស្រី Sanna Marin ធ្លាប់ជាអនុប្រធានគណបក្ស និងជាតំណាងរាស្រ្ត តាំងពីឆ្នាំ ២០១៥ មក ហើយបានបម្រើការជារដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននិងគមនាគមន៍រហូតមកដល់ពេលបច្ចុប្បន្ន​។ យោងតាម Helsingin Sanomat ដែលជាសារព័ត៌មានធំជាងគេនៅហ្វាំងឡង់និងកាសែតដែលមានឈ្មោះថា Ilta-Sanomat បានឲ្យដឹងថាលោកស្រី Marin នឹងក្លាយជានាយករដ្ឋមន្រ្តីដែលក្មេងជាងគេនៅលើពិភពលោក។

សមាជិកសភាទំនងជានឹងអនុម័តលើការតែងតាំងលោកស្រី Marin​ ជានាយករដ្ឋមន្រ្តីថ្មីឲ្យបានឆាប់រហ័ស ដូច្នេះលោកស្រីអាចតំណាងប្រទេសហ្វាំងឡង់នៅក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែលនាពេលខាងមុខ។

គួរបញ្ជាក់ផងដែរថា លោក Antti Rinne បានលាលែងពីតំណែងនាយករដ្ឋមន្រ្តីហ្វាំងឡង់ កាលពីថ្ងៃអង្គារកន្លងទៅ បន្ទាប់ពីដៃគូសម្ព័ន្ធ គណបក្សកណ្តាល (Center Party) បានដកការគាំទ្ររបស់ខ្លួនដោយលើកឡើងពីកង្វះការទុកចិត្ត និងបានរិះគន់ពីសមត្ថភាពដឹកនាំរបស់លោកផងដែរ។ ការលាលែងពីតំណែងរបស់ Antti Rinne បានជំរុញឱ្យមានការលាលែងពីតំណែងជាផ្លូវការនៃសម្ព័ន្ធសង្គមប្រជាធិបតេយ្យនិងគណបក្សមជ្ឈិម និងដៃគូកំពូលចំនួនបីគឺ Greens Left Alliance និង Swedish People’s Party of Finland៕

ដោយ៖ យ៉ាយ៉ា