ការស្ទង់មតិឆ្នាំ២០១៩ រកឃើញថាទីផ្សារអចលនទ្រព្យទទួលបានទំនុកចិត្តខ្ពស់ពីអ្នកទិញ​



គេហទំព័រ Realestate.com.kh បានធ្វើការស្ទង់មតិអំពីវិស័យអចលនទ្រព្យនៅក្នុងឆ្នាំ២០១៩ ជាមួយនឹងអ្នកចូលរួមផ្តល់ចម្លើយចំនួនប្រមាណជាង ២,០០០ នាក់ ក្នុងនោះមានជនជាតិខ្មែរ ៧៣.៤% និងជនជាតិចិនមាន ២៣ % និងក្រៅពីនេះជាជនជាតិផ្សេងៗ។ 

មនុស្សវ័យក្មេងចាប់ផ្តើមចាប់អារម្មណ៍លើវិស័យអចលនទ្រព្យ

បើប្រៀបធៀបនឹងការស្ទង់មតិកាលពីឆ្នាំ២០១៨ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺចំនួនយុវជន ដែលមានអាយុ ២០ ឆ្នាំ ឬក្មេងជាងនេះបានកើនឡើង។ តាមការសិក្សាកាលពីឆ្នាំមុនបានរកឃើញថាយុវជនក្នុងវ័យនេះមានចំនួនត្រឹមតែ ០.៥% ប៉ុណ្ណោះ ប៉ុន្តែត្រឹមរយៈពេល តែមួយឆ្នាំប៉ុណ្ណោះចំនួននេះកើនឡើង ២.៨% នៅក្នុងឆ្នាំ២០១៩។ ការកើនឡើងនៃចំនួនយុវជនដ៏ច្រើននេះបណ្តាលមកពីការរីកចម្រើននៃវិស័យអប់រំដែលធ្វើឲ្យយុវជនចាប់ផ្តើមគិតគូរពីការវិនិយោគតាំងពីនៅវ័យក្មេង។ ចំពោះផ្នែកផ្សេងៗ គេឃើញមានការប្រែប្រួលតែបន្តិចបន្តួចប៉ុណ្ណោះ។

លទ្ធភាពក្នុងការទិញអចលនទ្រព្យ

យោងតាមរបាយការណ៍ស្រាវជ្រាវឆ្នាំ២០១៩ នេះបានបង្ហាញថាបើទោះបីជាតម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងក៏ដោយ ចម្លើយជាងពាក់កណ្តាល បញ្ជាក់ថាតម្លៃនេះអាចទទួលយកបាន។  ប៉ុន្តែបើប្រៀបធៀបនឹងរបាយការណ៍ឆ្នាំ២០១៨ គេសង្កេតឃើញថាចំនួនអ្នកដែលគិតថាតម្លៃអចលនទ្រព្យអាចទទួលយកបាននេះបានធ្លាក់ចុះ ហើយចំនួនអ្នកដែលគិតថាតម្លៃនេះ (ថ្លៃ) មិនអាចទទួលយកបានមានការកើនឡើង។ ទោះបីជាយ៉ាងណាក៏ដោយគេនៅតែជឿថាតម្លៃនឹងនៅតែកើនឡើងហើយការវិនិយោគនឹងមានសភាពថេរ។ 

កម្មសិទ្ធិលើអចលនទ្រព្យ

គម្រោងអភិវឌ្ឍន៍មានតម្លៃសមរម្យ បានផ្តល់ឱកាសឲ្យមនុស្សកាន់តែច្រើនក្នុងការទទួលបានកម្មសិទ្ធិកាន់កាប់អចលនទ្រព្យដែលខ្លួនប្រាថ្នា។ តួយ៉ាងតួលេខអ្នកដែលមានកម្មសិទ្ធិលើអចលនទ្រព្យ មានការកើនឡើងពី ៤៨% កាលពីឆ្នាំ២០១៨ រហូតដល់ ៥០.៨% នៅឆ្នាំ២០១៩។ អ្វីដែលជាសញ្ញាល្អនោះគឺតួលេខអ្នកជួលផ្ទះគេ និងកាន់កាប់ដោយប្រើកម្ចីមានការធ្លាក់ចុះនៅឆ្នាំនេះ។ ប៉ុន្តែ ២៣.៤% ដែលកំពុងតែជួលផ្ទះ ពួកគេមានបំណងចង់មានផ្ទះផ្ទាល់ខ្លួនកើនលើសពីឆ្នាំ២០១៨។

គួរទិញ ឬលក់?

បើទោះបីជាយ៉ាងណាក៏ដោយ គេនៅតែមានជំនឿលើការវិវឌ្ឍនៃវិស័យអចលនទ្រព្យ ដែលតម្លៃមានការកើនឡើងជាលំដាប់។ យោងតាមរបាយការណ៍នេះបានឲ្យដឹងថា អ្នកចូលរួមចំនួន ៧៥% បានឆ្លើយថា ក្នុងកាលៈទេសៈនេះ គេគួរតែទិញអចលនទ្រព្យជាជាងលក់។

តើតម្លៃនឹងនៅតែបន្តកើនឡើងដែរឬទេ?

នៅក្នុងឆ្នាំ២០១៩ អ្នកចូលរួម ៨៤.៤% ដែលយល់ថាតម្លៃអចលនទ្រព្យនឹងមានការកើនឡើងពីឆ្នាំមុន ហើយចំនួននេះកើនឡើងពី ៧៩% កាលពីឆ្នាំ២០១៨។ ចំណែកអ្នកគិតថា តម្លៃអចលនទ្រព្យនៅថេរ ថយចុះពី ១៦% នៅឆ្នាំ២០១៨ មក ១៣.៦% នៅឆ្នាំ២០១៩។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ អ្នកចូលរួមចំនួន ៧៧.៧% នៅឆ្នាំ២០១៩ គិតថាតម្លៃអចលនទ្រព្យនឹងកើនឡើងនៅឆ្នាំបន្ទាប់។​ បន្ថែមលើសពីនេះ ៨៦.៦% គិតថា ការវិនិយោគក្នុងវិស័យអចលនទ្រព្យ នៅឆ្នាំ២០១៩ គឺជាការវិនិយោគល្អ។

គម្រោងទិញអចលនទ្រព្យ

នៅឆ្នាំ២០១៨ អ្នកមានគម្រោងទិញអចលនទ្រព្យ ៧៤% នៅឆ្នាំ២០១៨ ប៉ុន្តែឆ្នាំ២០១៩ មានដល់ ៧៨%​ ពោលគឺកើនឡើងចំនួន៤%។ អ្វីដែលសំខាន់នោះគឺ ចំនួនអ្នកដែលមានគម្រោង ទិញទាំងនេះគឺជាអ្នកទិញលើកដំបូងបំផុត។  ជាមួយគ្នានេះដែរ ក្នុងចំណោមអ្នកដែលមាន គម្រោងទិញអចលនទ្រព្យ ៧៥.២% នឹងត្រូវការខ្ចីពីធនាគារដើម្បីទិញ។ នេះគឺដោយសារតែជំនឿទុកចិត្តលើវិស័យធនាគារមានកាន់តែខ្លាំងផងដែរ។

អចលនទ្រព្យត្រូវទិញ

នៅក្នុងឆ្នាំ២០១៩នេះ មិនទាន់មានប្រភេទអចលនទ្រព្យណាមួយ ដែលមានចំណែកទីផ្សារ ធំជាងគេនោះទេ។ អចលនទ្រព្យដែលមានតម្រូវការច្រើនជាងគេគឺផ្ទះក្នុងបុរី ដែលមានចំនួន ២៧.៧% ខណៈផ្ទះវីឡាមាន ២៥.៨% ដីធ្លីមាន ២០% និង ខុនដូ មាន ២៥.៥% ។

អ្វីដែលគួរចាប់ឲ្យអារម្មណ៍គឺថា អ្នកទិញមានគោលដៅវិនិយោគ ៦៥.៥% ដែលយើងអាចសន្មត់បានថានេះគឺជាការទុកចិត្តយ៉ាងខ្លាំងមកលើស្ថានភាពទីផ្សារក្នុងពេលបច្ចុប្បន្ន។ ចំណែក ៣៤.៤% ផ្សេងទៀតទិញអចលនទ្រព្យដើម្បីការប្រើប្រាស់ផ្ទាល់ខ្លួន។

ផ្ទះតម្លៃសមរម្យមានតម្រូវការខ្លាំង

ផ្ទះតម្លៃសមរម្យ (ក្រោម ៥ ម៉ឺនដុល្លារ) នៅតែមានតម្រូវការច្រើនជាងគេ បើទោះបីជាភាគរយបានថយចុះប្រមាណ ១០ ភាគរយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺគម្រោងចំណាយចាប់ពី ៥ ម៉ឺនដុល្លារទៅ ៧.៥ ម៉ឺនដុល្លារ មានការកើនឡើង ពី ២១% (ឆ្នាំ ២០១៨) ទៅ ២៦% (ឆ្នាំ២០១៩)។ យើងអាចសន្មត់បានថា ការប្រែប្រួលនេះ ដោយសារតែការកើនឡើងនៃថវិកា និងគម្រោងដ៏ច្រើន ដែលទាក់ទាញឲ្យអ្នកទិញហ៊ានបោះទុនប្រកបដោយជំនឿជឿជាក់។

អ្នកទិញភាគច្រើនពេញចិត្តទីក្រុងភ្នំពេញ

មនុស្សជាច្រើនចង់ទិញដីនៅក្នុងទីក្រុងភ្នំពេញ ដែលមានចំនួន ៧៧.៧% នៅឆ្នាំ២០១៩ កើនឡើងបន្តិចលើសឆ្នាំ២០១៨។ ទីតាំងបន្ទាប់គឺ ខេត្តសៀមរាប កំពត និងខេត្តព្រះសីហនុ ដែលសុទ្ធតែកំពុងមានតម្រូវការខ្ពស់។ ខេត្តសៀមរាបមានចំនួន ៧.៤% ចំណែកឯខេត្តកំពតមាន ៥.៣% ហើយខេត្តព្រះសីហនុមានចំនួន ៤.២% ។ ខេត្តផ្សេងៗក៏សង្កេតឃើញថាមានការចាប់អារម្មណ៍ដែរ ដូចជា កែប (២%) តំបន់ប៉ោយប៉ែត​ (១.៨%) និងខេត្តបាត់ដំបង (១.៤%)។ 

សម្រាប់ទីក្រុងភ្នំពេញ  យើងសង្កេតឃើញថា តំបន់ជ្រោយចង្វារ និងតំបន់សែនសុខ នៅតែមានតម្រូវការខ្ពស់ជាងគេនៅក្នុងឆ្នាំ២០១៩នេះ។

គោលបំណងនៃការវិនិយោគ

ជាទូទៅមនុស្សភាគច្រើនចាប់អារម្មណ៍លើទីតាំង ដែលខ្លួនចង់ទិញ និងការលក់ត្រឡប់វិញ ដើម្បីបានផលចំណេញខ្ពស់។ កត្តាទាំងពីរនេះ ស្ថិតនៅក្នុងលំដាប់ខ្ពស់ជាងគេ ដែលទីតាំងមាន ៥៤.៦% និងការលក់វិញមាន ១៨%។ ក្រៅពីនេះ កត្តាហេដ្ឋារចនាសម្ព័ន្ធ (១៤%) តម្លៃអចលនទ្រព្យ (១១.៥%) និងអត្រាការប្រាក់ទាប (១.៧%)។ ជាទូទៅ កត្តាហេដ្ឋារចនាសម្ព័ន្ធ គឺជាកត្តាមួយសំខាន់ដែរ ដោយសារតែគេចង់បានភាពងាយស្រួលក្នុងការចេញចូល ហើយគេព្យាយាមរកទីតាំងណាដែលមានភាពងាយស្រួល និងមានហេដ្ឋារចនាសម្ព័ន្ធល្អ។

ការបង់ប្រាក់កក់    

នេះជារឿងមួយដែលគួរឲ្យកត់សម្គាល់ នៅពេលដែលចំនួនភាគរយនៃអ្នកដែលមិនអាចបង់ ប្រាក់កក់ ​និងអ្នកដែលអាចបង់ប្រាក់កក់ ១០% បានធ្លាក់ចុះ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨។ ជាក់ស្តែងសម្រាប់អ្នកដែលមិនអាចបង់ប្រាក់កក់ធ្លាក់ចុះពី ២៥% នៅឆ្នាំ២០១៨ មក ២២.២% នៅឆ្នាំ២០១៩ រីឯអ្នកដែលអាចបង់ប្រាក់កក់ ១០% ធ្លាក់ចុះពី ៣៦% នៅឆ្នាំ២០១៨ មក៣០.៥% នៅឆ្នាំ២០១៩ ។ អ្នកដែលមានលទ្ធភាពបង់ប្រាក់កក់ ៣០% កើនឡើងខ្លាំងពី ២០% កាលពីឆ្នាំ ២០១៨ ដល់ ៣២% នៅឆ្នាំ២០១៩។ ការកក់ប្រាក់ ៣០% ភាគច្រើនកើតមាននៅក្នុងការបង់ជាមួយបុរី ដោយសារការទុកជឿជាក់លើកេរ្តិ៍ឈ្មោះរបស់បុរី និងការផ្តល់ជូនសេវាកម្មកំសាន្តនានានៅក្នុងគម្រោង។ ចំណែកការបង់ប្រាក់កក់ ៥០% និង ៧០% មានលក្ខណៈប្រដំប្រសងគ្នាជាមួយនឹងភាគរយនៅឆ្នាំ២០១៨។

ស្ថានភាពទូទៅនៅកម្ពុជា

មតិដ៏ច្រើនលើសលប់ (៩១.៦%) បានឆ្លើយថា ទីផ្សារអចលនទ្រព្យរបស់កម្ពុជាកំពុងតែ រីកលូតលាស់ខ្លាំង ស្របពេលដែល ៥.៩% គិតថាស្ថានភាពនៅដដែល។ 

មូលហេតុមួយក្នុងចំណោមហេតុផលជាច្រើន ដែលធ្វើឲ្យមានការរីកចម្រើន ដោយហេតុថា កម្ពុជាបានទាក់ទាញវិនិយោគទុនផ្ទាល់ពីបរទេសដែលទុនវិនយោគប្រចាំឆ្នាំកើនឡើងជាលំដាប់ ហើយវាជំរុញឲ្យតម្លៃដីកើនឡើងនៅទូទាំងប្រទេសកម្ពុជា។ 

ការជ្រើសរើសភ្នាក់ងារអចលនទ្រព្យ

កត្តាសំខាន់ជាងគេដែលគេពិចារណានៅពេលជ្រើសរើសភ្នាក់ងារអចលនទ្រព្យ គឺភាពស្មោះត្រង់ ដែលមានចំនួន ៣៧.៩%។ អ្នកទិញក៏យកចិត្តទុកដាក់ផងដែរលើកត្តាវិជ្ជាជីវៈ (២៦.៩%) តម្លៃអចលនទ្រព្យ (១២.៦%) កេរ្តិ៍ឈ្មោះ (១២%) ចំណេះដឹង (៨.១%) និងកត្តាបន្ទាប់បន្សំផ្សេងៗ (២.២%)៕

ដៃគូសហការ៖ www.realestate.com.kh

X
5s