វិនិយោគិន​ចិនមានបំណង​បង្កើត​ម​ន្ទីរ​ពិសោធន៍​ត្រួតពិនិត្យ​គុណភាពលើ​វិស័យ​សំណង់​



នាយក​ក្រុមហ៊ុន Sinosteel New Material Co,Ltd និ​ង​ជា​ប្រធាន​ធុរកិច្ច​ប្រតិភូ​ចិន បានបង្ហាញនូវ​ការចាប់អារម្មណ៍​ខ្ពស់ និងមានបំណងចង់​​បង្កើត​ម​ន្ទីរ​ពិសោធន៍​លើ​វិស័យ​សំណង់ ​ខណៈដែល​កម្ពុជា​កំពុង​មានការ​វិវឌ្ឍរីកចម្រើន​នៅក្នុង​វិស័យនេះ​។

ការលើកឡើងពីសំណាក់​នាយក​ក្រុមហ៊ុន Sinosteel New Material Co,Ltd និ​ង​ជា​ប្រធាន​ធុរកិច្ច​ប្រតិភូ​ចិននាពេលនេះ ធ្វើឡើងនៅក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម កាលពីពេលថ្មីៗនេះ។ នេះបើតាមគេហទំព័រហ្វេកបុកផ្លូវការរបស់ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម។ 

នាឱកាសនោះ លោកបានឲ្យដឹងថា លោកមានបំណង​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​ការ​បង្កើត​ម​ន្ទីរ​ពិសោធន៍​ត្រួតពិនិត្យ​សុវត្ថិភាព​គ្រឿងសំណង់ មានដូចជា​ ៖ ដែក​ ស៊ីម៉ងត៍ ​ បេតុង ទុយោ​ទឹក​ ខ្សែភ្លើង​ជាដើម ក្នុងទិសដៅ​បង្ករ​លក្ខណៈ​ងាយស្រួល ស្របតាម​ស្តង់ដារ ដើម្បី​ចៀស ផុត​នូវ​ឧបទ្ទវហេតុ​ផ្សេងៗ ដូចជា​ ការបាក់​ស្រុត​អគារ ៧ ជាន់ នៅ​ខេត្ត​ព្រះសីហនុ​ជាដើម។

​នាយក​ក្រុមហ៊ុនរួបនេះបានបញ្ជាក់​បន្ថែមថា មូលហេតុដែលមានបំណង និងចាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះ​ការ​វិនិយោគ​លើ​វិស័យ​លើ​សំណង់ គឺដើម្បី​ចូលរួមចំណែក​ជាមួយ​កម្ពុជា ស្រប​ពេល​កម្ពុជា​កំពុង​មានការ​អភិឌ្ឍ រីកចម្រើន​ខ្លាំង​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ​និង​សំណង់។ 

ហេតុដូចនេះ លោកថា​ដើម្បី​ឈាន​ទៅ​អនុវត្តន៍​ការងារ​នេះ​ឲ្យ​បាន​ឆាប់រហ័ស ក្រុមហ៊ុនចង់​ឲ្យ​មាន ការ​ចុះហត្ថលេខា​យោគយល់​គ្នា​មួយ​ រវាង​ភាគី​ទាំងពីរ ​មុននឹង​ឈាន​ដល់​គម្រោង​វិនិយោគ។

ពាក់ព័ន្ធនឹងការបង្កើត​មន្ទីរពិសោធន៍​ត្រួតពិនិត្យ​គុណភាព​សំណង់នេះដែរ លោក ចម ប្រសិទ្ធ បាន​ណែនាំ​ឲ្យ​ប្រតិភូ​ក្រុមហ៊ុន​ចិន សុំ​អនុញ្ញាត ជួបពិភាក្សា ​ជាមួយ​ឯកឧត្តម ជា សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម​​ និង​សំណង់​ ដើម្បី​បានការ​ណែនាំ​ និង​ស្វែងយល់​បន្ថែម ព្រោះថា ​ក្រោយ​ព្រឹត្តិការណ៍​បាក់​ស្រុត​អគារ​នៅ​ខេត្ត​ព្រះសីហនុ​រួចមក ​រាជរដ្ឋាភិបាល​បាន​តម្រូវ​ឲ្យ​មានការ​កសាង​ជាបន្ទាន់ នូវ​មន្ទីរពិសោធន៍​ជាតិ​លើ​ផ្នែក​សំណង់​នេះ៕

ដៃគូសហការ៖ www.realestate.com.kh

X
5s