ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ចិន​កើន​ជាង ​៨ពាន់លានដុល្លារ​ក្នុង​ឆ្នាំ​២០១៩​​



ចិន​គឺ​ជា​ប្រទេស​ធំ​ឈាន​មុខ​មួយ​នៅ​ក្នុង​វិស័យ​វិនិយោគ​នៅ​កម្ពុជា ហើយ​បើ​គិត​អំពី​ទំហំ​ពាណិជ្ជកម្ម​​ទ្វេភាគី​រវាង​ប្រទេស​ចិន និង​កម្ពុជា ក្នុងឆ្នាំ២០១៩​នេះ​គឺ​បាន​កើន​ដល់​ចំនួន ៨,២ពាន់លានដុល្លារ ដែល​ស្មើ​នឹង​កំណើន ២៧% បើ​ធៀប​នឹង​ឆ្នាំ​២០១៨។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ ឯកឧត្ដម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ជា​ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ នៅ​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា (គុនមិញ) នា​ទីក្រុង​គុនមិញ ខេត្ត​យូណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។

នា​ឱកាស​នោះ​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី មាន​សង្ឃឹម​ខ្ពស់​ថា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​គុន​មិញ ក៏​ដូច​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ដទៃ​ទៀត​ នឹង​ជួយ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ចិន ក៏​ដូច​ជា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើន​ឡើង​ជា​លំដាប់។ ជាក់​ស្ដែង នៅ​ឆ្នាំ២០១៨ ទំហំ​ពាណិជ្ជកម្ម​សរុប​ទ្វេភាគី​មាន​ចំនួន ៦,៥ពាន់លានដុល្លារ កើន​ឡើង ១៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដែល​មាន​តម្លៃ​ត្រឹមតែ ៥,៦ពាន់លានដុល្លារ។ 

ជា​មួយ​គ្នា​នេះ​ផង​ដែរ ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ស្វាគមន៍​ចំពោះ​វត្តមាន​របស់ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ឯកឧត្ដម​ ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ក៏​បាន​ជម្រាប​ជូន​ថា  មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា នៅ​ទីក្រុង​គុនមិញ ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ទី៦​ ដោយ​កម្ពុជា​បាន​បើក​មជ្ឈមណ្ឌល​បែបនេះ ចំនួន​ប្រាំ​រួច​មក​ហើយ​នៅ​ទីក្រុង​ក្វាងចូវ ហាយនីង ស៊ីអាន ហុងកុង និង​យានថាយ។ 

ឯកឧត្ដម​បន្ត​ថា ជា​មួយ​នឹង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទាំង​ប្រាំមួយ​ ក៏​ដូច​ជា​កិច្ច​ព្រមព្រៀង​ដែល​កម្ពុជា​មាន​រួច​មក​ហើយ​ជា​មួយ​នឹង​ចិន កម្ពុជា និង​ចិន ក៏​នឹង​ពិនិត្យ​លទ្ធភាព​ដើម្បី​ឈាន​ទៅ​ដល់​ការ​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ក្នុង​ឆ្នាំ២០២០ ខាងមុខ ដោយ​ទាំងអស់​នេះ​ នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ឲ្យ​កាន់​តែ​រឹងមាំ ក៏​ដូច​ជា​បង្កើត​នូវ​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ជូន​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ៕  

ដោយ៖ ជួប ស្រីរ័ត្ន