គន្លឹះសំខាន់ ៥ចំណុច ដែលធ្វើឲ្យបុគ្គលមួយរូបក្លាយជាអ្នកដឹកនាំជោគជ័យ​



ពាក្យថាអ្នកដឹកនាំល្អ ជាបុគ្គលដែលមានភាពទទួលខុសត្រូវខ្ពស់ដឹកនាំក្រុមឲ្យបំពេញការងារមួយប្រកបដោយភាពជោគជ័យ និងរីកចម្រើន។ អ្នកដឹកនាំល្អតែងយឹតយោងសមាជិកក្រុមទាំងអស់ឲ្យរីកចម្រើនជាមួយគ្នា មិនមើលបំណាំ មិនទម្លាក់កំហុស និងទាញយកប្រយោជន៍តែម្នាក់ឯង តែអ្វីដែលគេគិតគឺលទ្ធផលរួមចេញពីស្នាដៃរួមទាំងអស់គ្នា។

អ្នកដឹកនាំល្អ ហើយអាចវិវត្ដន៍ខ្លួនទៅរកភាពជោគជ័យបាន គឺដាច់ខាតមិនដែលដើររំលងចំណុចសំខាន់ទាំង ៥ ខាងក្រោមនេះឡើយ៖ 

១) មានភាពស្មោះត្រង់ ត្រឹមត្រូវ
វាត្រូវបានគេកត់សម្គាល់ថាជាអ្នកដឹកនាំដែលយល់ច្បាស់ថាអ្វីត្រូវ និងអ្វីខុស ជាអ្នកដឹកនាំពោរពេញទៅដោយសីលធម៌ អ្នកដឹកនាំល្អ ដើរតួនាទីជាអ្នកតម្រឹមរៀបចំចាត់ចែកមនុស្សឲ្យបានត្រឹមត្រូវតាមជំនាញ និងទេពកោសល្យរបស់បុគ្គលិកម្នាក់ៗ។ បន្ទាប់ពីការដាក់ចេញនូវផែនការយុទ្ធសម្រាប់ក្រុម អ្នកដឹកនាំប្រភេទនេះមានបំណងធំដើម្បីឃើញបុគ្គលិក និងអ្នកនៅក្រោមបង្គាប់មានការរីកចម្រើន។

២) មានការលើកទឹកចិត្ត
អ្នកដឹកនាំល្អ ដឹងច្បាស់ថាការលើកទឹកចិត្តបុគ្គលិកជាផ្នែកសំខាន់បំផុតក្នុងការជំរុញទឹកចិត្តឲ្យបុគ្គលិករីកចម្រើន ខឹតខំបំពេញការងារ រៀនសូត្របានច្រើន។ លើសពីនេះអ្នកដឹកនាំដឹងច្បាស់ថា នៅពេលមានការលើកទឹកចិត្តទោះតាមរយៈពាក្យសម្ដី កាយវិការ ហិរញ្ញវត្ថុ ឬមិនមែនហិរញ្ញវត្ថុក្តី ការលើកទឹកចិត្តនោះតែងជះឥទ្ធិពលដល់សកម្មភាព និងលទ្ធផលការងារជាក់ជាមិនខាន។ អ្វីដែលលើសពីការបំពេញចិត្តបុគ្គលិក ការលើកទឹកចិត្តនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទឹកចិត្តបុគ្គលិក ឬនរណាម្នាក់ឲ្យត្រលប់មកប្រសើរឡើងវិញបាន ពិសេសនៅក្នុងអង្គភាពមួយដែលបុគ្គលិកមានបញ្ហាបាក់ទឹកចិត្តបណ្ដាលមកពីការបំពេញការងារ។

៣) មានទំនាក់ទំនងល្អជាមួយកូនចៅ
យើងដឹងហើយថាបច្ចុប្បន្នមានអត្រាអ្នកកើតជំងឺបាក់ទឹកចិត្តដោយសារការងារច្រើនណាស់ ហើយបញ្ហានេះធ្វើឲ្យឈានដល់ការធ្វើអត្តឃាតក៏មានព្រោះពួកគេតែងទទួលរងសម្ពាធពីថ្នាក់លើ។ ដូច្នេះខណៈអ្នកដឹកនាំម្នាក់ដឹកនាំកូនចៅខ្លួនបានល្អ ពួកគេជ្រើសយកការប្រាស្រ័យទាក់ទងជាមួយបុគ្គលិកជាបញ្ហាសំខាន់ដើម្បីមានការរីកចម្រើន ទាំងសមត្ថភាពបុគ្គលិក និងការងារក្រុម ហើយក៏ជះឥទ្ធិពលដល់ការរីកចម្រើនរបស់អង្គភាពទាំងមូលផងដែរ។ 

៤) មានភាពអត់ធ្មត់ខ្ពស់
ចង់ធ្វើជាអ្នកដឹកនាំល្អត្រូវចិត្តធ្ងន់បន្តិចទើបបាន បើអ្នកមានចិត្តឆេវឆាវពេកអ្នកមិនអាចគ្រប់គ្រងនរណាម្នាក់បានឡើងព្រោះសូម្បីអារម្មណ៍ខ្លួនឯងអ្នកគ្រប់គ្រងមិនបានផង មានហេតុផលអ្វីដែលអាចគ្រប់គ្រងអ្នកដទៃហើយរំពឹងទទួលបានលទ្ធផលល្អនោះ។ ការអត់ធ្មត់របស់អ្នកដឹងនាំជារឿងសំខាន់ ព្រោះរាល់ការបំពេញការងារគឺសុទ្ធតែជួបបញ្ហា ហើយបញ្ហាទាំងនោះអ្នកដឹកនាំត្រូវចេញមុខជួប និងដោះស្រាយមុនទម្លាក់ឲ្យបុគ្គលិក។ ការអត់ធ្មត់របស់អ្នកដឹកនាំអាចបង្ហាពីមហិច្ឆតាដ៏ធំធេងដែលពួកគេមាន ហើយពួកគេនឹងមិនងាយអស់សង្ឃឹមឡើងក្នុងបេសកកម្មរបស់ពួកគេ ហើយពេលដែលពួកគេជោគជ័យក៏អាចបង្ហាញថាពួកគេមានបទពិសោធន៍គ្រប់គ្រាន់សម្រាប់ភាពជោគជ័យមួយនេះ។

៥) មានគណនេយ្យភាព Personal Accountability
នេះសំដៅដល់កាតព្វកិច្ចរបស់បុគ្គលដែលមាននាទីទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន ទទួលយកអ្វីត្រូវ អ្វីខុសនិងបង្ហាញលទ្ធផលប្រកបដោយតម្លាភាព។ ដូច្នេះប្រសិនបើមេដឹកនាំទទួលខុសត្រូវលើអ្វីមួយ (ឧទាហរណ៍គម្រោងធំ) វាមានន័យថាពួកគេកំពុងកាន់កាប់ភាពជាម្ចាស់របស់វាទាំងស្រុង ពួកគេទទួលខុសត្រូវដោយខ្លួនឯងចំពោះភាពជោគជ័យ ឬបរាជ័យនៃការងារមួយនោះ។ ប្រសិនបើគម្រោងនោះខកខាន ថ្ងៃផុតកំណត់ពីព្រោះមនុស្សម្នាក់នៅក្នុងក្រុមរបស់ពួកគេមិនបានចូលរួមចំណែកពេញលេញនៃការងារ អ្នកដឹកនាំជាអ្នកចេញមុខទទួលខុសត្រូវ។ ក្នុងនាមជាអ្នកគ្រប់គ្រង ការទទួលខុសត្រូវជារៀងមួយចាំបាច់ដើម្បីធានាថាសមាជិកក្នុងក្រុមរបស់ពួកគេទាំងអស់គ្នាត្រូវបំពេញការងារតាមភារកិច្ចគ្រប់យ៉ាង៕

ដោយ៖ យ៉ាយ៉ា

 

X
5s