អបអរសាទរ! ក្រុងចំនួន ៣​របស់​កម្ពុជា​ជាប់​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​២០២០​



ទីក្រុង​ចំនួន​៣​របស់​កម្ពុជា​ដែល​រួម​មាន រាជធានីភ្នំពេញ ក្នុង​ខណ្ឌ​ដូនពេញ, ទីក្រុង​កំពត និង​ទីក្រុង​តាខ្មៅ បាន​ជាប់​ជ័យលាភី​ជា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ឆ្នាំ​២០២០ ដែល​ទទួល​បាន​នៅ​ក្នុង​ពិធី​ចែក​ជ័យលាភី​រង្វាន់​ទេសចរណ៍​អាស៊ាន នា​ឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២០ នៅ​ទីក្រុង​បានដាស៊េរីបេហ្គាវ៉ាន់ ប្រទេស​ព្រុយណេ​ ដែល​ប្រព្រឹត្ត​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២០​កន្លង​ទៅ។ នេះ​បើ​យោង​តាម​ក្រសួង​ទេសចរណ៍។

នា​ឱកាស​នៃ​កម្មវិធី រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន បាន​ប្រគល់​រង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ដល់​ទីក្រុង​ទេសចរណ៍​ចំនួន ២១នៅ​ក្នុង​តំបន់ ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ឆ្លើយតប​នឹង​សូចនាករ​របស់​ស្តង់ដារ​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន។ ការ​ប្រគល់​រង្វាន់​នេះ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​ភាព​ទាក់ទាញ និង​បង្កើន​ភាព​ប្រកួត​ប្រជែង​របស់​ទីក្រុង​ទេសចរណ៍​អាស៊ាន​ ក៏​ដូច​ជា​ពង្រឹង​គុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​នៅ​តាម​បណ្តា​ទីក្រុង​របស់​អាស៊ាន​ ស្រប​តាម​ផែន​ការ​យុទ្ធសាស្រ្ត​ទេសចរណ៍​អាស៊ាន ២០១៦-២០២៥ សំដៅ​ធ្វើ​ឲ្យ​អាស៊ាន​ក្លាយ​ជា​គោល​ដៅ​ទេសចរណ៍​ប្រកប​ដោយ​គុណភាព និង​ភាព​ទាក់ទាញ ផ្ដល់​ភាព​កក់ក្តៅ​ដល់​ភ្ញៀវ​ទេសចរ។

គួរ​បញ្ជាក់​ថា ស្តង់ដារ​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ត្រូវ​បាន​ដឹកនាំ​រៀបចំ​ដោយ​ក្រសួង​ទេសចរណ៍​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត តាំង​ពី​ឆ្នាំ ២០១១ ដោយ​មាន​ការ​គាំទ្រ​ពី​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ហើយ​ស្តង់ដារ​នេះ​ត្រូវ​បាន​អនុម័ត និង​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ កាល​ពី​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ២០១៥។

គណៈកម្មាធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត បាន​នឹង​កំពុង​ជំរុញ​ចលនា​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត ទាំង​នៅ​កម្រិត​ថ្នាក់​ជាតិ និង​កម្រិត​តំបន់​អាស៊ាន សំដៅ​ចូលរួម​ដល់​ការ​ជំរុញ​ការ​កសាង​ទីក្រុង​ឆ្លាតវៃ​ (Smart City) នៅ​ក្នុង​តំបន់​អាស៊ាន៕