កំពង់ស្ពឺ​ត្រូវ​ប៉ាន់​ហើយ! ក្រុមហ៊ុន​ចិន​ធំ​មួយ​គ្រោង​បោះ​ទុន​ដាំ​កប្បាស​លើ​ដី​១០ម៉ឺនហិកតា​



ក្រុមហ៊ុន​ដ៏​ធំ​របស់​ប្រទេស​ចិន  China National Technical Import and Export Corporation និង​រួម​ជា​មួយ​ វិទ្យាស្ថាន​ដំណាំ​កសិកម្ម​ទូទាំង​ប្រទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​គម្រោង​វិនិយោគ​លើ​ការ​ដាំដុះ​ដំណាំ​កប្បាស​នា​ទឹក​ដី​ខេត្ត​កំពង់​ស្ពឺ​ លើ​ផ្ទៃ​ដី​រហូត​ដល់ ១០ម៉ឺនហិកតា​។

នេះ​ជា​ការ​លើក​ឡើង​របស់ ឯកឧត្ដម តឹក ង៉ូយ ប្រធាន​ដឹកនាំ​គណៈប្រតិភូ​ក្រុមហ៊ុន​ចិន និង​លោក Li Zheng ប្រធាន​វិទ្យាស្ថាន​ដំណាំ​កសិកម្ម​ទូទាំង​ប្រទេស​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​ក្នុង​ឱកាស​អញ្ជើញ​ចូល​ជួប​សម្ដែង​ការ​គួរសម​ជា​មួយ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន  ។ នេះបើ​តាម​ប្រភព​ពី​ក្រសួង​ព័ត៌មាន ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​កន្លង​ទៅ។

(រូបភាព៖ AKP)

ឯកឧត្ដម តឹក ង៉ូយ ស្តេច​នំ​ដូណាត់​នៅ​សហរដ្ឋអាមេរិក ដែល​ដឹកនាំ​គណៈ​ប្រតិ​ភូ​ក្រុមហ៊ុន​កប្បាស​របស់​ប្រទេស​ចិន​បាន​គូស​បញ្ជាក់​ថា នេះ​ជា​លើក​ទី២​ហើយ​ដែល វិទ្យាស្ថាន​ដំណាំ​កសិកម្ម​ទូទាំង​ប្រទេស​ចិន រួម​ជា​មួយ​ក្រុមហ៊ុន​វិនិយោគ​របស់​រដ្ឋ​ចិន បាន​មក​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ ដើម្បី​ធ្វើ​ការ​ដាំដុះ​ដំណាំ​កប្បាស នៅ​ក្នុង​ប្រទេស​កម្ពុជា។ ឯកឧត្ដម​បាន​បន្ដ​ថា គម្រោង​ដាំ​ដុះ​កប្បាស​នេះ​ ជំហាន​ដំបូង គឺ​ធ្វើ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ លើ​ផ្ទៃដី​១០ម៉ឺនហិកតា ហើយ​បើ​ជោគជ័យ​ នឹង​បន្ដ​ធ្វើ​នៅ​តាម​បណ្តា​ខេត្ត​នានា ទូទាំង​ប្រទេស​កម្ពុជា។  

ឯកឧត្ដម​បាន​លើក​ឡើង​ថា ការ​វិនិយោគ​លើ​ដំណាំ​កប្បាស​នេះ គឺ​ខាង​ភាគីចិន ជួយ​ធ្វើ​ការ​បណ្តុះ​បណ្តាល​ការងារ​បច្ចេកទេស ផ្តល់ពូជ និងជី ការ​ថែទាំ​ដល់​ប្រជា​កសិករខ្មែរ​ ហើយ​ពេល​ប្រមូល​ផល គឺ​លក់​មក​ឱ្យ​ក្រុមហ៊ុន​តែ​ម្តង។ ការ​ដែល​ក្រុមហ៊ុន​ចិន​ជ្រើស​រើស​យក​ប្រទេស​កម្ពុជា ធ្វើ​ការ​ដាំដុះ​ដំណាំ​កប្បាស​ គឺ​សម្រាប់​ជា​គំរូ​លើ​វិស័យ​កសិកម្ម ដែល​គម្រោង​នេះ​នឹង​នាំ​ចំណូល​យ៉ាង​ច្រើន​ដល់​ប្រជាកសិករ​ខ្មែរ ក៏​ដូច​ជា​បង្កើន​ចំណូល​ថវិកា​ជាតិ​ថែម​ទៀត​ផង។

លោក Li Zheng ប្រធាន​វិទ្យាស្ថាន​ដំណាំ កសិកម្ម​ទូទាំង​ប្រទេស​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​បាន​ឱ្យ​ដឹង​ថា សម្រាប់​គម្រោង​កិច្ចការងារ​ដំា​កប្បាស​នេះ នឹង​អាច​ដំណើរ​ការ​ក្នុង​ពេល​ឆាប់ៗ បន្ទាប់​ពី​ក្រុមហ៊ុន​ធ្វើ​ការ​ចុះ​អនុស្សរណៈ ជា​មួយ​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ  នៅ​ពេល​ខាង​មុខ​នេះ។ ជា​ការ​ឆ្លើយ​តប ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដី​ក្រសួង​ព័ត៌មាន​បាន​ស្វាគមន៍​ចំពោះ​គម្រោង​ការ ដាំ​ដំណាំ​កប្បាស នៅ​ប្រទេស​កម្ពុជា​ពី​សំណាក់​ក្រុមហ៊ុន​។ ឯកឧត្ដម​បាន​បញ្ជាក់​ថា តាម​រយៈ​គម្រោង​នេះ ឯកឧត្ដម​បាន​សន្យា​ក្នុង​ការ​ជួយ​សម្រួល និង​ធ្វើ​ទំនាក់​ទំនង​ជា​មួយ​ផ្នែក​ពាក់ពន្ធ័​នានា ដើម្បី​ពន្លឿន​កិច្ចការ​ងារ​នេះ ឱ្យ​ដំណើរ​ការ​បាន​ឆាប់រ​ហ័ស៕​ 

ដោយ៖ ជួប ស្រីរ័ត្ន