សេដ្ឋី ១៧៧ នាក់បង្ហាញ​កំហុសរួម​ចំនួន ១០ ដែលម្ចាស់អាជីវកម្មភាគច្រើនតែងបង្កើត​



លោកថូម៉ាសខូលី (Thomas Corley) ដែលជាអ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញមួយរូប  បានលើកយកនូវកំហុសទូទៅចំនួន ១០ ដែលម្ចាស់អាជីវកម្មភាគច្រើនបានបង្កើតឡើង។ បើយោងតាមការអះអាងរបស់អ្នកនិពន្ធរូបនេះ លទ្ធផលនេះធ្វើឡើងបន្ទាប់ពីលោកបានសិក្សាស្រាវជ្រាវទៅលើសេដ្ឋីចំនួន ១៧៧ រូបដោយបានប្រើពេលដល់ទៅ ៥ ឆ្នាំ។

ខាងក្រោមនេះជាកំហុសទូទៅចំនួន ១០ ដែលម្ចាស់អាជីវកម្មជាច្រើនបានបង្កើតឡើងដែលត្រូវបានលោក Thomas Corley រកឃើញ៖

  1. គុណភាពអន់
    ផលិតផល ឬសេវាកម្មដែលមានគុណភាពខ្ពស់គឺជាគ្រឹះនៃរាល់ប្រតិបត្តិការអាជីវកម្មជោគជ័យ។ គុណភាពធ្វើឲ្យ អតិថិជនត្រឡប់មករកអ្នកវិញ។ អាជីវកម្មដែលផលិតផលិតផល ឬសេវាកម្មគ្មានគុណភាព ជារឿយៗស្វែងរកអតិថិជនថ្មីៗជានិច្ចដោយមិនខ្វល់ថា អតិថិជនចាស់ៗរបស់ខ្លួននៅឬអត់ទេ។ ការស្វែងរកអតិថិជនថ្មីៗ គឺជាសំណើដ៏ថ្លៃបំផុតមួយជាជាងរក្សាឲ្យបានអតិថិជនចាស់ៗរបស់អ្នក។ អាជីវកម្មប្រភេទនេះ គ្រាន់តែជាប្រភេទអាជីវកម្មលក់មុខតែប៉ុណ្ណោះ។
  2. ខ្វះមតិយោបល់វាយតម្លៃមកវិញពីអតិថិជន
    អាជីវកម្មដែលជោគជ័យបំផុត គឺតែងតែឈរនៅលើមូលដ្ឋានស្រាវជ្រាវស្វែងរកមតិរិះគន់កែលំអពីអតិថិជនមកវិញជានិច្ច។ មតិយោបល់ទាំងនោះមានសារៈសំខាន់ណាស់ ពីព្រោះវាផ្តល់នូវព័ត៌ដ៏សុក្រឹត្យ និងមានតម្លៃអំពីអ្វីដែលអ្នកធ្វើត្រូវ និងអ្វីដែលអ្នកធ្វើខុស។ ហេតុដូច្នេះហើយ រាល់អាជីវកម្មទាំងអស់គួរតែយកចិត្តទុកដាក់លើបញ្ហានេះថ្វិត្បិតការទទួលបានមតិយោបល់រិះគន់កែលំអពីអតិថិជនទាន់ពេល អាចធ្វើឲ្យអាជីវកម្មរបស់អ្នកកែមត្រូវចំណុចខ្វះខាតបានភ្លាមៗដើម្បីទប់ស្កាត់ការបាត់បង់ប្រាក់ចំណូល។
  3. បុគ្គលិកលើសតម្រូវការ
    សូមចាំថា អាជីវកម្មដ៏ជោគជ័យមួយ គឺមានការប្រុងប្រយ័ត្នខ្ពស់ណាស់លើការជួលបុគ្គលិក។ ពួកគេព្យាយាមរក្សាចំនួនបុគ្គលិកនៅកម្រិតមួយទាបបំផុតតាមដែលអាចធ្វើទៅបានសូម្បីតែនៅក្នុងដំណាក់កាលមួយដែលក្រុមហ៊ុនកំពុងលូតលាស់ខ្លាំងក៏ដោយ។ ផ្ទុយទៅវិញ ពួកគេពឹងផ្អែកលើបុគ្គលិកស្នូលរបស់ក្រុមហ៊ុនដែលមានសមត្ថភាពខ្ពស់វិញ និងផ្តល់ចំណែកផ្នែកលក់ទៅឲ្យពួកគេរហូតដល់ទៅចំនួន ៨០ ភាគរយ ខណៈដែល ២០% ទៀតដែលនៅសេសសល់ ទុកឲ្យអ្នកស៊ីឈ្នួលក្រៅម៉ោង ឬអ្នកម៉ៅការ។
  4. ការពន្យារពេល
    អាជីវកម្មមួយដែលជោគជ័យចាំបាច់ត្រូវអនុវត្តផ្នត់គំនិតមួយគឺ“ ធ្វើវាឥឡូវនេះ” ។ ពួកគេមិនគួរពន្យារពេលនៅពេលមានតម្រូវការរបស់អតិថិជនឡើយ។ ការពន្យារពេលលើការឆ្លើយតបទៅនឹងតម្រូវការអតិថិជន នឹងអាចធ្វើឲ្យអាជីវកម្មរបស់អ្នកត្រូវជាប់គាំង។ នេះនឹងជំរុញឲ្យអតិថិជនមិនពេញចិត្ត ហើយនៅពេលអតិថិជនមិនពេញចិត្ត ពួកគេនឹងដើរចេញពីអ្នក។ ទីបំផុត អ្នកនឹងត្រូវខាតបង់ទាំងប្រាក់ និងពេលវេលា ព្រមទាំងអាចមានបណ្តឹងទាមទារពីអតិថិជនទៀតផង។
  5. ខ្វះចក្ខុវិស័យវែងឆ្ងាយ
    អាជីវកម្មមួយដែលជោគជ័យដឹងច្បាស់ថា តើខ្លួននឹងទៅធ្វើដំណើរទៅកន្លែងណា?  ពួកគេមានចក្ខុវិស័យច្បាស់លាស់អំពីទិសដៅដែលពួកគេត្រូវទៅ។ គោលដៅវិស្វករសំណង់គឺត្រូវបង្កើតអគារមួយឡើង រីឯគោលដៅរបស់នាវិក គឺនាំនាវាឲ្យដល់ចំណតគោលដៅនៅគំពង់ផែមួយ។ ក្រុមហ៊ុនក៏មិនខុសគ្នាដែរ គោលដៅរបស់ក្រុមហ៊ុនត្រូវមានភាពច្បាស់លាស់ ហើយត្រូវសរសេរទុកនៅក្នុងផែនការអាជីវកម្ម។ វាត្រូវបានយកមកត្រួតពិនិត្យ និងកែលអជាប្រចាំដើម្បីឆ្លើយតបទៅនឹងបរិយាកាសធុរកិច្ចដែលមានការផ្លាស់ប្តូរ។ អាជីវកម្មជោគជ័យយល់ថាគោលដៅដែលផ្សារភ្ជាប់ទៅនឹងចក្ខុវិស័យរបស់ពួកគេ ជួយឲ្យពួកគេអាចដើរឆ្ពោះទៅរកចក្ខុវិស័យនោះ។
  6. បរាជ័យក្នុងការប្រកួតប្រជែងជាមួយគូប្រជែង
    អាជីវកម្មដែលទទួលបានជោគជ័យត្រូវស្គាល់ច្បាស់ និងចូលប្រឡូកយ៉ាងសកម្មនៅក្នុងវិស័យជំនួញរបស់ខ្លួនឲ្យបានស្វាហាប់បំផុត។  ពួកគេត្រូវតាមដានព័ត៌មាននានា អានកាសែត ឬទស្សនាវដ្តីជាប្រចាំដើម្បីមើលស្ថានការណ៍វិវត្តនានា និងឱកាសនៅលើទីផ្សារដែលពាក់ព័ន្ធនឹងជំនួញរបស់ខ្លួន។ មិនតែប៉ុណ្ណោះពួកគេត្រូវមានស្មារតីប្រុងប្រៀបដើម្បីត្រៀមខ្លួន ការកែលំអរ ពង្រីកគុណភាពផលិតផល ឬសេវាកម្មរបស់ខ្លួនដើម្បីចូលរួមប្រកួតប្រជែងជាមួយគូប្រជែង។
  7. ផលិតផល ឬសេវាកម្មគ្មានលក្ខណៈពិសេសជាងទំនិញ
    អាជីវកម្មដែលជោគជ័យមានម៉ាកយីហោដ៏ពិសេសមួយដែលតំណាងឲ្យផលិតផល ឬសេវាកម្មរបស់ខ្លួន។ ផលិតផល ឬសេវាកម្មនោះត្រូវតែមានលក្ខណៈពិសេសដាច់ដោយឡែកមួយដែលផ្តល់តម្លៃបន្ថែមសម្រាប់អ្នកប្រើប្រាស់ខុសប្លែកពីមុខទំនិញដូចគ្នាដែលដាក់លក់នៅលើទីផ្សារ។ នៅពេលដែលផលិតផល ឬសេវាកម្មរបស់អ្នកមានលក្ខណៈពិសេសខុសប្លែកពីគូប្រជែង អ្នកនឹងទទួលបានការគាំទ្រនៅលើទីផ្សារ។ 
  8. ផែនការទីផ្សារអន់
    អាជីវកម្មដែលជោគជ័យមានយុទ្ធសាស្រ្តទីផ្សារពិសេសមួយដែលជួយពួកគេបង្កើតម៉ាកយីហោរឲ្យកាន់តែល្បីល្បាញឡើង។ ពួកគេមិនធ្វើផែនការតាមតែទម្លាប់ដដែល ឬតាមគេតាមឯងនោះទេ។ ពួកគេបង្កើតយុទ្ធសាស្ត្រផ្ទាល់ខ្លួនតាមរយៈការសាកល្បងបង្កើតយុទ្ធសាស្រ្តថ្មី រៀនបង្កើតកំហុស និងជំរុញឲ្យមានការបំផុសគំនិតជាមួយបុគ្គលិក និងដៃគូអាជីវកម្មរបស់ពួកគេដើម្បីធ្វើផែនការទីផ្សារនេះ។
  9. មិនយល់ពីតម្រូវការ និងការចង់បានរបស់អតិថិជន
    គោលការណ៍នៃភាពជោគជ័យរបស់អាជីវកម្មមួយគឺត្រូវដឹងថា តើអតិថិជនត្រូវការអ្វី? អតិថិជនចង់បានអ្វី? បន្ទាប់មកពួកគេចាប់ផ្តើមបង្កើតផលិតផល ឬសេវាកម្មឆ្លើយតបទៅនឹងតម្រូវការ និងការចង់បានរបស់អតិថិជនទាំងនោះ។
  10. ខកខានមិនបានបំពេញតម្រូវការតាមការរំពឹងទុករបស់អតិថិជន
    អាជីវកម្មជោគជ័យ ត្រូវធ្វើឲ្យការរំពឹងទុករបស់អតិថិជនក្លាយជាការពិត។ ពួកគេត្រូវទទួលបានគ្រប់ចំនួន ឬលើសនូវអ្វីដែលក្រុមហ៊ុនបានសន្យាចំពោះមុខពួកគេ។ សូមចាំថា អតិថិជនរបស់អ្នកនឹងដើរចេញដោយពេញចិត្តនៅពេលអ្នកបានផ្តល់ឲ្យពួកគេនូវតម្រូវការសមស្រប ឬលើសការរំពឹងទុកពួកគេ៕

ប្រភព៖ Businessinsider