ឆ្នេរ​រាម​នឹង​ប្រែ​មុខមាត់ជា​ក្រុង​ទេសចរណ៍​ខ្នាត​យក្ស​លេច​ធ្លោ ក្រោម​ទុន​វិនិយោគ​១៦ពាន់លានដុល្លារ​



គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍ «ទីក្រុង​រាម» ដែល​ស្ថិត​នៅ​តំបន់​ទេសចរណ៍​នាគរាជ ក្នុង​ខេត្ត​ព្រះសីហនុ របស់​ក្រុមហ៊ុន​ធំ​មួយ​ឈ្មោះ​ថា​ ខានូពី ស៊ែន ឌីវែឡុបមិន ឯ.ក (CANOPY SENDS DEVELOPMENT COL.,TD) ក្រោម​ទុន​វិនិយោគ​រហូត​ដល់ ១៦ពាន់លានដុល្លារ​អាមេរិក ដោយ​គ្រោង​និង​សាងសង់​លាត​សន្ធឹង​លើ​ផ្ទៃដី​ជាង ៨០០ហិកតា ត្រូវ​បាន​ក្រសួង​អនុម័ត​គាំទ្រ។ 

នេះ​ដោយ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ក្នុង​កិច្ច​ប្រជុំ​រវាង ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ និង​អន្តរក្រសួង ក្រោម​អធិបតីភាព​របស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាល​ពី​ថ្ងៃទី ១៤ កុម្ភៈ កន្លង​ទៅ។

គម្រោង​នេះ​ត្រូវ​បាន​បែង​ចែក​ជា​ដំណាក់​កាល ដោយ​នឹង​ត្រូវ​អនុវត្ត​គម្រោង​នា​ដើម​ឆ្នាំ​២០២០ ដោយ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សំណង់​ដូច​ជា សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន អាគារ​ស្នាក់​នៅ និង​សាល​ប្រជុំ​នានា​ជា​ដើម ដោយ​នឹង​ត្រូវ​រៀបចំ​ឆ្នេរ​ស្រស់​ស្អាត​ពីរ​កន្លែង​ដើម្បី​ប្រើប្រាស់​ជា​សាធារណៈ សម្រាប់​អភិវឌ្ឍន៍​តំបន់​នោះ​ផង និង​សម្រាប់​សាធារណៈ​ជន​ចូល​មក​តំបន់​នោះ​ផង។

គួរ​បញ្ជាក់​ផង​ដែរ​ថា គម្រោង​ទីក្រុង​រាម​ គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៏​ទេសចរណ៍​ពិសិដ្ឋ​នាគរាជ​ របស់​ក្រសួងទេសចរណ៍ ដែល​លាត​សន្ធឹង​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ៣ ០៨១ ហិកតា ។ គម្រោង​នាគរាជ​នេះ មាន​ទីតាំង​ស្ថិត​នៅ​ ឃុំ​រាម និង​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​ជាប់​ជា​មួយ​ក្រុង​ព្រះសីហនុ ដែល​នឹង​តភ្ជាប់​ឆ្នេរ​សមុទ្រ​រាម ឆ្នេរ​អូរត្រេះ ឆ្នេរ​អូរ​ឈើទាល​ ក៏​ដូច​ជា​ព្រលាន​យន្តហោះ ទៅ​ជា​តំបន់​សក្តានុពល​សេដ្ឋកិច្ច​ដ៏​ធំមួយ៕

ដោយ៖ ជួប ស្រីរ័ត្ន