ពិសេស​មែន! គម្រោង​កំពង់​ផែ​ទឹក​ជ្រៅ​១៤,៥ម៉ែត្រ​អាច​ទទួល​នាវា​៩៣%​ពី​តំបន់​អាស៊ីប៉ាស៊ីហ្វិក​



ដើម្បី​សម្រួល​ដល់​ការ​ដឹក​ទំនិញ​ចេញចូល និង​អភិវឌ្ឍ​វិស័យ​គមនាគមន៍​ផ្លូវ​ទឹក​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​ប្រសើរ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន បាន​រួម​សហការ​ជា​មួយ​អង្គការ​ JICA លើ​គម្រោង​សាងសង់​ កំពង់ផែ​កុងតឺន័រ​ទឹក​ជ្រៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​មាន​ជម្រៅ​រហូត​ដល់​ ១៤ម៉ែត្រ​កន្លះ ដែល​អនុញ្ញាត​ឲ្យ​នាវា​ និង​កប៉ាល់​ធំៗ​រហូត​ដល់ ៩៣ភាគរយ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចូល​ចត​បាន​។ 

នេះ​ជា​ការ​លើក​ឡើង​របស់​ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី «វឌ្ឍនភាព និង​ទិស​ដៅ​ការងារ​បន្ដ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន» នា​ព្រឹក​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។ 

ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី​ បាន​លើក​ឡើង​ថា បច្ចុប្បន្ន​រាល់​ការ​ដឹក​ជញ្ជូន​ទំនិញ​របស់​កម្ពុជា​ គឺ​ត្រូវ​ចូល​ចត​នៅ​កំពង់ផែ​ប្រទេស​សិង្ហបុរី និង​ហុងកុង​ជា​មុន​សិន ដូច្នេះ​រាល់​ការ​ដាក់​ចុះ​លើក​ឡើង​ គឺ​ត្រូវ​ការ​ចំណាយ​ថវិកា​ច្រើន​ណាស់ ជា​ហេតុ​នាំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​សាងសង់​កំពង់​ផែ​ទឹក​ជ្រៅ​ជម្រៅ ១៤ម៉ែត្រ​កន្លះ​នេះ ដែល​អាច​អនុញ្ញាត​ឲ្យ​នាវា​រហូត​ដល់​ ៩៣% នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អាច​ចូល​មក​ចត​នៅ​កម្ពុជា​តែ​ម្ដង​ ដោយ​មិន​ចាំបាច់​ចូល​ទៅ​សិង្ហបុរី និង​ហុងកុង​នោះ​ទេ។

ឯកឧត្ដម​ក៏​បាន​បញ្ជាក់​ផង​ដែរ ពី​គម្រោង​កំពង់ផែ​មួយ​ទៀត​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​មាន​ប្រវែង​១៧ម៉ែត្រ មាន​សមត្ថភាព​អាច​ដឹក​ទំនិញ​ត្រង់​ពី​កម្ពុជា​ ទៅ​កាន់​សហរដ្ឋអាមេរិក​តែ​ម្ដង ដោយ​គម្រោង​ទាំង​ពីរ​នេះ​គ្រោង​នឹង​ធ្វើ​ក្នុង​ពេល​ជា​មួយ​គ្នា។ គម្រោង​ទាំង​ពីរ​នេះ គឺ​ស្ថិត​នៅ​ក្រោម​ជំនួយ​សហការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជា​មួយ​និង អង្គការ​  JICA របស់​ជប៉ុន ដោយ​ក្នុង​នោះ​គម្រោង​កំពង់ផែ​ទឹក​ជ្រៅ​ ១៤ម៉ែត្រ​កន្លះ​ គឺ​បាន​ផ្ដល់​ថវិកា​សម្រាប់​សាងសង់​រួច​ហើយ និង​គម្រោង​ទី​២​កំពង់​តែ​ធ្វើ​ការ​សិក្សា។

កម្ពុជា​ជា​ប្រទេស​ដែល​មាន​សក្ដានុពល​លើ​វិស័យ​ដឹក​ជញ្ជូន​ផ្លូវ​ទឹក ព្រោះ​យើង​មាន​ទន្លេ​ជា​ច្រើន​ដូច​ជា ទន្លេ​មេគង្គ ទន្លេ​បាសាក់ ទន្លេ​សេសាន ទន្លេ​សេកុង ទន្លេ​ស្រែ​ពក និង​ទន្លេ​សាប​ជា​ដើម ដែល​សុទ្ធ​សឹង​ជា​គមនាគមន៍​ផ្លូវ​ទឹក​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន។ បច្ចុប្បន្ន​ ក្រសួងសាធារណការ​និង​ដឹក​ជញ្ជូន បាន​នឹង​កំពុង​សហការ​ជាមួយ អង្គការ KOICA របស់​កូរ៉េ ធ្វើ​ផែន​ការ​មេ សិក្សា​ទៅ​លើ​ការ​ដឹក​ទំនិញ​តាម​ដង​ទន្លេ​ ដើម្បី​ជំរុញ​វិស័យ​ដឹក​ជញ្ជូន​ផ្លូវ​ទឹក​កម្ពុជា​ឲ្យ​កាន់​តែ​ប្រសើរ៕

ដោយ៖ ជួប ស្រីរ័ត្ន