ដំណឹង​ល្អ! រថ​ភ្លើង​លើ​អាកាស​ដំបូង​គេ​នៅ​កម្ពុជា​បញ្ចប់​ការ​សិក្សា​ជា​ស្ថាពរ​



ពិត​ជា​ដំណឹង​ល្អ គម្រោង​រថភ្លើង​លើ​អាកាស​ដំបូង​បំផុត​នៅ​កម្ពុជា ត្រូវ​បាន​ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល បញ្ជាក់​ថា បាន​បញ្ចប់​ការ​សិក្សា​រួច​រាល់​ជា​ស្ថាពរ​ហើយ។ ការ​លើក​ឡើង​ខាង​លើ​របស់ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួងសាធារណការ​និង​ដឹក​ជញ្ជូន បាន​ធ្វើ​ឡើង​នៅ​ក្នុង​​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី «វឌ្ឍនភាព និង​ទិស​ដៅ​ការងារ​បន្ដ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន» នា​ព្រឹក​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។ 

ថ្លែង​នៅ​ក្នុង​ឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា រថភ្លើង​លើ​អាកាស​នេះ មិន​មែន​ត្រឹម​តែ​ជា​ជម្រើស​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ជម្រើស​ដ៏​ល្អ​មួយ​នា​ពេល​អនាគត ព្រោះ​វា​អាច​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន និង​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ។ ឯកឧត្ដម​សង្កត់​ធ្ងន់​ថា ថវិកា​សម្រាប់​ការ​សាងសង់​នេះ​គឺ​មិន​តិច​ជាង ១ពាន់លាន ទៅ​១ពាន់៤រយលានដុល្លារ​នោះ​ទេ។

ឯកឧត្តម បាន​បន្ត​ថា ក្រសួង​បាន​សហការ​ជា​មួយ​អង្គការ JICA ក្នុង​ការ​សិក្សា​អំពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​លើអាកាស នៅ​ក្នុង​រាជធានី​ភ្នំពេញ​នេះ ដោយ​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ ប៉ុន្តែ​គម្រោង​នេះ​ ជា​គម្រោង​ដែល​ត្រូវ​ការ​វិនិយោគ​ដោយ​ថវិកា​ច្រើន ហេតុនេះ​ក្រសួង​មិនទាន់​ច្បាស់​ថា រដ្ឋាភិបាល​នឹង​វិនិយោគ​ ឬ​ប្រគល់​ជូន​ក្រុមហ៊ុន​ឯកជន​ក្នុង​ការ​វិនិយោគ តាម​លក្ខណៈ​បង់​ប្រាក់ (BOT) ឬ​យ៉ាង​ណា​នោះ​ទេ ។ 

សូម​បញ្ជាក់​ថា រថភ្លើង​លើ​អាកាស​គម្រោង​ដំបូង​បង្អស់​របស់​កម្ពុជា ហើយ​តាម​រយៈ​គម្រោង​នេះ​ដែរ នឹង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​សម្រួល​ការ​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​ក្រុង ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​គឺ មិន​ត្រឹម​តែ​ចូលរួម​លើក​សោភ័ណភាព ទីក្រុង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​គឺ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទាំង​ជាតិ និង​អន្តរជាតិ​បាន​ទៀត​ផង៕

ដោយ៖ ជួប ស្រីរ័ត្ន